(ម៉ូស្គូ)៖ ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Alexander Novak បាននិយាយនៅថ្ងៃសុក្រនេះថា ប្រទេសរុស្ស៊ីនឹងកាត់បន្ថយទិន្នផលប្រេងឆៅរបស់ខ្លួន ចំនួន ៥០០,០០០បារ៉ែលក្នុងមួយថ្ងៃ ឬប្រហែល ៥ភាគរយនៃផលិតកម្មនៅក្នុងខែមីនា បន្ទាប់ពីលោកខាងលិចបានដាក់កម្រិតលើតម្លៃប្រេង និងផលិតផលប្រេងរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយ​ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៣។

លោក Novak បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «គិតត្រឹមថ្ងៃនេះ យើងកំពុងលក់ទាំងស្រុងនូវបរិមាណប្រេងទាំងមូលដែលផលិតបាន។ ទោះជាយ៉ាងណាក៏ដោយ ដូចដែលបានជូនដំណឹងរួចមកហើយថា យើងនឹងមិនលក់ប្រេងទៅឱ្យប្រទេស ដែលប្រកាន់ខ្ជាប់នូវគោលការណ៍កំណត់តម្លៃដោយផ្ទាល់ ឬដោយប្រយោលឡើយ»

លោកបានបន្ថែមថា «ក្នុងន័យនេះ រុស្ស៊ីនឹងកាត់បន្ថយការផលិតដោយស្ម័គ្រចិត្តចំនួន ៥០០,០០០បារ៉ែលក្នុងមួយថ្ងៃក្នុងខែមីនាខាងមុខ ដែលនេះនឹងរួមចំណែកដល់ការស្តារទំនាក់ទំនងទីផ្សារឡើងវិញ»។

វិមានក្រឹមឡាំងបានគូសបញ្ជាក់ថា ប្រទេសរុស្ស៊ីបានពិភាក្សាជាមួយសមាជិកមួយចំនួន នៃអង្គការនាំចេញប្រេង OPEC និងសម្ព័ន្ធមិត្តរបស់ខ្លួនដែលត្រូវបានគេស្គាល់ថាជា OPEC + អំពីការសម្រេចចិត្តរបស់ខ្លួន ក្នុងការកាត់បន្ថយផលិតកម្មនេះ។

គួរបញ្ជាក់ថា បន្ទាប់ពីព័ត៌មាននៃការកាត់បន្ថយផលិតកម្មពីប្រទេសរុស្ស៊ី ដែលជាប្រទេសនាំចេញប្រេងធំជាងគេទីពីរនៅលើពិភពលោក បន្ទាប់ពីអារ៉ាប៊ីសាអូឌីតនេះ បានធ្វើឲ្យមានការកើនឡើងតម្លៃប្រេងឆៅប្រភេទ Brent ជាង ២.៥ភាគរយ រហូតដល់ ៨៦.៦ដុល្លារក្នុងមួយបារ៉ែលនៅថ្ងៃនេះ។