(ព្យុងយ៉ាង)៖ កូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចូលរួមជាមួយឪពុក និងម្តាយរបស់នាង នៅក្នុងព្រឹត្តិការណ៍យោធាដ៏សំខាន់ក្នុងសប្តាហ៍នេះ ខណៈដែលនាងបានរួមតុទទួលទានអាហារ ភេសជ្ជៈជាមួយមេដឹកនាំយោធាកំពូលៗរបស់ប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១០​ ខែកុម្ភៈ ឆ្នាំ២០២៣។

វត្តមាន​របស់​នាង​ក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះ បាន​បង្កើន​ការ​រំពឹង​ទុក​ថា​ នាង​អាច​ជាអ្នកស្នងតំណែង​ក្នុង​របប​ផ្តាច់ការ​តំណពូជ​របស់​ប្រទេស​ ដែល​ប្រដាប់​ដោយ​អាវុធ​នុយក្លេអែរមួយនេះ។

កាលពីថ្ងៃពុធ នាងបានបង្ហាញខ្លួនជាមួយ លោក គីម ក្នុងក្បួនដង្ហែរយោធាដ៏ធំ ខណៈដែលរូបនាង និងឪពុកម្តាយរបស់នាងបានដើរនាំមុខមេបញ្ជាការយោធាកំពូលៗប្រទេស។ នៅឯតុអាហារពួកគេបានផ្តាស់ប្តូរភេសជ្ជៈទឹកផ្លែឈើ និងនិយាយខ្សឹបដាក់ត្រចៀកគ្នាទៅវិញទៅមក នៅពេលពួកគេកំពុងមើលការសម្តែង។

កម្មវិធីនេះបានកត់សម្គាល់ការបង្ហាញខ្លួនជាសាធារណៈ លើកទីប្រាំរបស់នាង Kim Joo-ae ជាកូនទីពីររបស់ លោក គីម ជុងអ៊ុន ដែលត្រូវបានគេជឿថា ទើបតែមានអាយុប្រហែល ១០ឆ្នាំប៉ុណ្ណោះ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ខាងលើជាការប្រារព្ធខួបលើកទី៧៥ នៃការបង្កើតកងទ័ពរបស់កូរ៉េខាងជើង ជាមួយនឹងមានការត្រៀមរៀបចំកងទ័ព និងជនស៊ីវិលដ៏ច្រើនសន្ធឹកសន្ធាប់ដើម្បីលើកតម្កើងការគ្រប់គ្រងរបស់លោក គីម និងការជំរុញឥតឈប់ឈររបស់លោក ដើម្បីពង្រឹងឋានៈរបស់ប្រទេសជាមហាអំណាចនុយក្លេអ៊ែរ៕