(ប៉េកាំង)៖ ថ្ងៃទី៩ ខែ កុម្ភៈ លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំ ។ មានអ្នកសារព័ត៌មានសួរថា តាមការផ្សាយដំណឹងឱ្យដឹងថា នាពេលថ្មីៗកន្លងទៅនេះ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិបានចេញផ្សាយអត្ថបទវែកញែកថា តាមការប៉ាន់ប្រមាណ ឆ្នាំនេះ អត្រារួមចំណែករបស់សេដ្ឋកិច្ចចិនចំពោះកំណើនសេដ្ឋកិច្ចពិភពលោក នឹងឡើងដល់១ភាគ៤ បើនិយាយចំពោះចិននិងពិភពលោក នេះសុទ្ធតែជាដំណឹងល្អ ។ តើអ្នកនាំពាក្យមានការអធិប្បាយយ៉ាងណាចំពោះរឿងនេះ ?

លោកស្រី Mao Ning បានឆ្លើយតបថា ជាការពិតណាស់ នេះជាដំណឹងល្អមួយ ដែលបានបង្ហាញឱ្យឃើញនូវជំនឿចិត្តរបស់សហគមន៍អន្តរជាតិ ចំពោះអនាគតអភិវឌ្ឍសេដ្ឋកិច្ចរបស់ចិន ។ លោកស្រី Mao Ning បានលើកឡើងថា បច្ចុប្បន្ននេះ សេដ្ឋកិច្ចសកលបាននិងកំពុងប្រឈមនឹងហានិភ័យជាច្រើន ថែមទាំងការការពារនិយមបានរាតត្បាតដោយផ្ទុយនឹងនិន្នាការ ប៉ុន្តែ ជានិច្ចកាល ប្រទេសចិនបានប្រកាន់ខ្ជាប់នូវការអភិវឌ្ឍនិងការបើកទូលាយដោយពេញទំហឹងជាប់រហូតមក ហើយទ្វាររបស់ចិននឹងបើកចំហរឹតតែធំ ។ ក្រឡេកមើលប្រទេសអភិវឌ្ឍន៍នៅលោកខាងលិចមួយចំនួន ពួកគេចូលចិត្ត “បង្ករបងខ្ពស់” និង “ផ្តាច់ទំនាក់ទំនង” តែនេះគឺធ្វើមិនបានការទេ ហើយក៏ដើរមិនឆ្ងាយដែរ ។ ប្រទេសចិននឹងបន្តជំរុញយ៉ាងមុតមាំមិនងាករេនូវការបើកទូលាយចំពោះបរទេសដោយកម្រិតខ្ពស់ ក្នុងការរួមសហការជាមួយពិភពលោកទាំងមូលដើម្បីទទួលបាន សមិទ្ធផលនិងបង្កើតអនាគតជាមួយគ្នា ៕

វិទ្យុមិត្តភាពកម្ពុជាចិន