(ប៉ារីស)៖ ប្រធានាធិបតីបារំាង លោក អែមម៉ានុយអេល ម៉ាក្រុង (Emmanuel Macron) បាននិយាយនៅថ្ងៃសុក្រនេះថា លោកមិនបានច្រានចោលការបញ្ជូនយន្តហោះចម្បាំង ទៅកាន់អ៊ុយក្រែននៅពេលណាមួយនោះទេ ប៉ុន្តែបច្ចុប្បន្នទីក្រុងកៀវ ត្រូវការកម្លាំងយោធាជាបន្ទាន់បន្ថែមទៀត ស្របពេលដែលមន្ត្រីអ៊ុយក្រែនអះអាងថារុស្ស៊ីកំពុងបង្កើនការវាយលុក។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៣។

នៅពេលត្រូវបានសួរអំពីលទ្ធភាពនៃការបញ្ជូនយន្តហោះចម្បាំងទៅឲ្យអ៊ុយក្រែន នៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូលនៃមេដឹកនាំសហភាពអឺរ៉ុប លោក ម៉ាក្រុង បាននិយាយថា "ខ្ញុំមិនមានរារាំងទេ ប៉ុន្តែអាទិភាពបច្ចុប្បន្នគឺត្រូវជួយអ៊ុយក្រែនក្នុងរយៈពេលប៉ុន្មានសប្តាហ៍ និងខែខាងមុខ តែយន្តហោះចម្បាំងមិនអាចដឹកជញ្ជូនបានក្នុងពេលវេលានេះទេ ដោយវាត្រូវការពេលវេលាដើម្បីបណ្តុះបណ្តាលពីឡុតអ៊ុយក្រែនឲ្យចេញប្រើប្រាស់»។

លោក ម៉ាក្រុង បានបន្ថែមថា «ចំណុចអាទិភាពគួរតែស្ថិតនៅលើការផ្តល់កាំភ្លើងធំ និងដែលកងកម្លាំងអ៊ុយក្រែនត្រូវបានបណ្តុះបណ្តាលរួចហើយ។ វាប្រហែលជារឿងចាំបាច់ជាងក្នុងការពង្រឹងការផ្តល់អាវុធប្រភេទនេះ ហើយសម្ព័ន្ធមិត្តរបស់អ៊ុយក្រែននឹងពិនិត្យលើលទ្ធភាពផ្តល់ឲ្យ នៅរយៈពេលប៉ុន្មានថ្ងៃខាងមុខ»។

គួរបញ្ជាក់ថា ជាយូមកហើយ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ជំរុញឲ្យសម្ព័ន្ធមិត្តបញ្ជូនយន្តហោះចម្បាំងមកកាន់ទីក្រុងកៀវ។ ប្រសិនបើចំណាត់ការបែបនេះត្រូវបានអនុម័តពិតមែននោះ វានឹងក្លាយជាការផ្លាស់ប្តូរដ៏ធំបំផុតមួយនៃការគាំទ្ររបស់លោកខាងលិចចំពោះអ៊ុយក្រែន ស្របពេលដែលទីក្រុងមូស្គូបានព្រមានថា វានឹងធ្វើឲ្យកើនឡើងជម្លោះ និងអូសបន្លាយពេលថែមទៀត៕