(វ៉ាសូវី)៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប៉ូឡូញ លោក ម៉ារីយូស កាមីស្គី (Mariusz Kaminski) បាននិយាយថា ប្រទេសប៉ូឡូញនឹងបិទច្រកព្រំដែនដ៏សំខាន់មួយ ជាមួយបេឡារុស រហូតដល់មានការជូនដំណឹងបន្ថែមទៀត ខណៈដែលទំនាក់ទំនងរវាងទីក្រុងវ៉ាសូវី និងទីក្រុងមីនស្ក៍ បានធ្លាក់ចុះមួយកម្រិតទៀត។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៣។

តាមរយៈបណ្តាញ Twitter លោក កាមីនស្គី បានសរសេរថា «ដោយសារតែផលប្រយោជន៍សំខាន់នៃសន្តិសុខប្រទេស ខ្ញុំបានសម្រេចចិត្តផ្អាកចរាចរណ៍នៅច្រកព្រំដែនប៉ូឡូញ-បេឡារុស ឆ្លងកាត់ទីក្រុងបូប្រូនីគី (Bobrowniki) ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ នេះតទៅ រហូតដល់មានការជូនដំណឹងបន្ថែម»។ លោក កាមីនស្គី បានបន្ថែមថា «នេះជាលទ្ធផលនៃការចាប់អ្នកកាសែតប៉ូឡូញ លោក អាឌ្រិច ប៉ូហ្សូប៊ូត (Andrzej Poczobut) ជាក់ពន្ធនាគារ ហើយនឹងមានការស្នើសុំបញ្ចូលមនុស្សមួយចំនួន ដែលមានទំនាក់ទំនងជាមួយប្រធានាធិបតីបេឡារុសទៅក្នុងបញ្ជីទណ្ឌកម្ម ផងដែរ»

អ្នកនាំពាក្យឆ្មាំព្រំដែនបេឡារុស លោក អាន់តុន ប៊ីចកូវស្គី (Anton Bychkovsky) បាននិយាយថា វិធានការណ៍នេះគឺមិនសមស្របទេ ហើយគួរអនុវត្តតែលើការដឹកលើសទម្ងន់ប៉ុណ្ណោះ។ ភាគីបេឡារុស មើលឃើញថា គ្មានហេតុផលណាមួយនាំឲ្យមានការសម្រេចចិត្តបែបនេះទេ ព្រោះមិនមានការគំរាមកំហែងចេញពីទឹកដីនៃប្រទេសបេឡារុសឡើយ។

គួរបញ្ជាក់ថា ទីក្រុងបូប្រូនីគី មានចម្ងាយជាង២០០គីឡូម៉ែត្រ ស្ថិតនៅភាគឦសាននៃទីក្រុងវ៉ាសូវី គឺជាចំណុចឆ្លងកាត់ដ៏សំខាន់មួយរវាងប្រទេសប៉ូឡូញ និងបេឡារុស។ ភាពតានតឹងរួចជាស្រេចនៃទំនាក់ទំនងរវាងប៉ូឡូញ និងបេឡារុស បានកើនឡើងថែមទៀត ក្រោយពេលដែលអ្នកកាសែតដើមកំណើតប៉ូឡូញម្នាក់ ត្រូវបានតុលាការបេឡារុសកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៨ឆ្នាំ ដោយទីក្រុងវ៉ាសូវី ចាត់ទុកថាមានចេតនានយោបាយ៕