(កៀវ)៖ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក អូឡេកស៉ី រ៉េសនីកូវ (Oleksii Reznikov) បាននិយាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា មន្ត្រីរាប់រយនាក់នៅក្នុងក្រសួង ឬនៅក្នុងជួរកងកម្លាំងប្រដាប់អាវុធ ត្រូវបានដាក់វិន័យកាលពីឆ្នាំ២០២២ បន្ទាប់ពីការធ្វើសវនកម្មផ្ទៃក្នុង ហើយក៏គ្មានការអត់ឱនណាមួយចំពោះអំពើពុករលួយនោះឡើយ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៣។

លោក រ៉េសនីកូវ បានឲ្យដឹងថា មន្ត្រីក្រសួងការពារជាតិចំនួន ៦២១នាក់ នៃកងកម្លាំងប្រដាប់អាវុធ និងនៅក្នុងក្រសួងការពារជាតិបានទទួលការពិន័យ ឬការថ្កោលទោសចំពោះការបំពាន នៅក្នុងឆ្នាំ២០២២ ប៉ុន្តែមិនបានបញ្ជាក់បញ្ហាលម្អិតនោះទេ។ លោក រ៉េសនីកូវ បានសរសេរនៅលើបណ្តាញសង្គម Facebook យ៉ាងដូច្នេះថា «គោលជំហរជាគោលការណ៍របស់ខ្ញុំគឺនៅតែមិនផ្លាស់ប្តូរ គ្មានការអត់ឱនចំពោះការរំលោភបំពានណាមួយឡើយ។ ជនណាដែលមានកំហុស នឹងទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន»

គួរបញ្ជាក់ថា ការអត្ថាធិប្បាយរបស់ លោក រ៉េសនីកូវ នាពេលនេះ ហាក់ដូចជាចង់បង្ហាញថាក្រសួងការពារជាតិធ្លាប់បើកប្រយុទ្ធប្រឆាំងអំពើពុករលួយ ក្រោយពីមន្រ្តីក្នុងក្រសួងម្នាក់ត្រូវបានដកតំណែង ដោយសាររឿងអាស្រូវពុករលួយនិងនាំទៅដល់ការសើរើបជុំវិញញ្ហានេះ។ សមាជិកជាន់ខ្ពស់នៃគណបក្សរបស់ លោក ហ្សេលេនស្គី បាននិយាយថា លោក រ៉េសនីកូវ នឹងត្រូវតំណែងជំនួសដោយប្រមុខចារកម្មយោធារបស់អ៊ុយក្រែន ប៉ុន្តែក្រោយមកបានច្រានចោលការលើកឡើងនេះវិញ ដោយនិយាយថានឹងមិនមានការផ្លាស់ប្តូរមន្រ្តីណាមួយ ក្នុងសប្តាហ៍នេះទេ៕