(អ៊ីស្តង់ប៊ុល)៖ បើយោងតាមទិន្នន័យចុងក្រោយបង្អស់បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីដ៏ខ្លាំងក្លា ដែលបានវាយប្រហារប្រទេសតួកគី និងស៊ីរីកាលពីថ្ងៃចន្ទ បានកើនឡើងលើសពី ១៧,០០០នាក់ហើយ ខណៈដែលក្តីសង្ឃឹមថា មនុស្សជាច្រើននឹងត្រូវបានរកឃើញនៅរស់រានមានជីវិត បន្ទាប់ពីគ្រោះមហន្តរាយបានកន្លងផុត ៧២ម៉ោងទៅហើយនោះ កំពុងបានរសាត់ទៅបន្តិចម្តងៗ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ​ នៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣។

 នៅថ្ងៃព្រហស្បតិ៍នេះ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ដោយដកស្រង់សម្តីប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan ថា ចំនួនអ្នកស្លាប់នៅក្នុងប្រទេសតួកគីបានកើនឡើងដល់១៤,០១៤នាក់ និង ៦៣,៧៩៤នាក់បានរងរបួស។

ចំណែកឯនៅក្នុងប្រទេសស៊ីរី មនុស្សយ៉ាងតិច ១,៥៨១នាក់ត្រូវបានស្លាប់នៅក្នុងតំបន់កាន់កាប់ដោយរដ្ឋាភិបាល ហើយចំនួនអ្នកស្លាប់នៅក្នុងតំបន់កាន់កាប់ដោយក្រុមប្រឆាំងបានកើនឡើងដល់ ១,៩៧៥នាក់ នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ។

ក្រុមជួយសង្គ្រោះកំពុងប្រជែងនឹងពេលវេលា ដើម្បីជួយសង្គ្រោះអ្នកដែលជាប់នៅក្រោមគំនរបាក់បែកក្នុងអាកាសធាតុដ៏ត្រជាក់​ ខណៈក្តីសង្ឈឹមរកឃើញមនុស្សនៅរស់រានមានជីវិតក៏កាន់តែតិចទៅ ក្រោយឆ្លងផុតអស់រយៈពេល ៧២ម៉ោងហើយនោះ។

អង្គការ WHO បានព្រមានថាចំនួនអ្នកស្លាប់អាចនឹងកើនឡើងដល់ ២០,០០០នាក់ឯណោះ ហើយមនុស្សប្រហែលជាង ២៣លាននាក់ នៅក្នុងប្រទេសទាំងពីរ អាចនឹងរងផលប៉ះពាល់ពីគ្រោះរញ្ជួយដីនេះ។ នាពេលនេះ អន្តរជាតិកំពុងប្រញាប់ប្រញាល់ផ្តល់ជំនួយ ហើយបញ្ជូនក្រុមរុករកនិងសង្រ្គោះ​ ដើម្បីជួយប្រទេសតួកគីនិងស៉ីរី។

គួរបញ្ជាក់ថា យោងតាមទីភ្នាក់ងារតាមដានគ្រោះរញ្ជួយដីអាមេរិក USGS ចំណុចរំញ័ររបស់គ្រោះរញ្ជួយដីខាងលើ ស្ថិតនៅក្បែរទីក្រុងមួយឈ្មោះ ហ្កាហ្សៀនតិប (Gaziantep) របស់តួកគីស្ថិតនៅក្បែរព្រំដែន ស៊ីរី ដែលមានមនុស្សរស់នៅប្រហែល២លាននាក់ ហើយវាមានជម្រៅប្រហែល១៨គីឡូម៉ែត្រក្រោមផ្ទៃដី។ ហេតុការណ៍នោះ បានកើតឡើងនៅវេលាម៉ោងខ្ទង់ជាង៤ទាបភ្លឺថ្ងៃចន្ទ ហើយប៉ុន្មានម៉ោង​ក្រោយមក ក៏មានរញ្ជួយដីធំមួយទៀតកម្រិត ៧.៦រ៉ិចទ័រកើតឡើងផងដែរ រួមជាមួយការញ័ររញ្ជួយកម្រិតតូចៗបន្តបន្ទាប់ទៀតជាច្រើន។ លើកចុងក្រោយបំផុត ដែលគ្រោះរញ្ជួយដីកម្រិត ៧.៨រ៉ិចទ័រ បានវាយប្រហារចំម្តុំតំបន់នេះ គឺកាលពីឆ្នាំ១៩៣៩ ដែលបានសម្លាប់មនុស្សរហូតដល់ ៣៣,០០០នាក់ នៅក្នុងប្រទេសតួកគី៕