(មូស្គូ)៖ នាយកប្រតិបត្តិជាន់ខ្ពស់នៃក្រុមហ៊ុនថាមពលធំៗរបស់រុស្ស៊ី កំពុងចូលរួមកិច្ចប្រជុំកំពូលពេញមួយសប្តាហ៍ស្តីពីវិស័យថាមពលឥណ្ឌា ខណៈទីក្រុងមូស្គូ និងទីក្រុងញូដេលី ប្តេជ្ញាពង្រឹងទំនាក់ទំនងរបស់ពួកគេលើវិស័យនេះ ហើយពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរុស្ស៉ី RT នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៣។

ឥណ្ឌាដែលជាប្រទេសនាំចូលប្រេងធំជាងគេទី៣ របស់ពិភពលោកបានចាប់ផ្តើមបង្កើនការទិញថាមពលពីរុស្ស៊ី បន្ទាប់ពីទណ្ឌកម្មរបស់លោកខាងលិចបង្ខំឲ្យទីក្រុងមូស្គូ ផ្តល់ការបញ្ចុះតម្លៃលើការនាំចេញរបស់ខ្លួន។ ក្នុងរយៈពេលពេញមួយឆ្នាំ២០២២ ទីក្រុងញូដេលីបានវិវឌ្ឍខ្លួនពីអ្នកទិញប្រេងរុស្ស៊ីតិចតួច ក្លាយជាអ្នកប្រើប្រាស់ដ៏ចម្បងរបស់ទីក្រុងមូស្គូ។ គ្រាន់តែនៅក្នុងខែធ្នូ ទីក្រុងមូស្គូបានផ្គត់ផ្គង់ប្រេងឆៅចំនួន ១.១៧លានបារ៉ែល ក្នុងមួយថ្ងៃដល់ប្រទេសឥណ្ឌា។

ថ្លែងទៅកាន់កិច្ចប្រជុំនាឱកាសនោះ នាយកប្រតិបត្តិក្រុមហ៊ុនប្រេងដ៏ធំរបស់រុស្ស៉ី រ៉ូសនេហ្វ (Rosneft) លោក អ៉ីហ្គ័រ សេឈីន (Igor Sechin) បាននិយាយថា តម្លៃប្រេង (Urals) នឹងមិនត្រូវបានកំណត់ទៀតទេនៅក្នុងតំបន់អឺរ៉ុប ហើយឥឡូវនេះអាស៉ីគឺជាទីផ្សារដ៏ធំបំផុតសម្រាប់ប្រេងឆៅរបស់រុស្ស៊ី។ ចំណែក រដ្ឋមន្ត្រីនៃក្រសួងប្រេងឥណ្ឌា លោក ហាឌីប សាញ ពូរី (Hardeep Singh Puri) បានគូសបញ្ជាក់ថា «ថ្ងៃនេះ យើងមានជំនឿចិត្តថានឹងអាចប្រើប្រាស់ទីផ្សាររបស់យើង ដើម្បីរកប្រភពណាដែលទទួលបានលក្ខខណ្ឌ ដែលមានប្រយោជន៍»

គួរបញ្ជាក់ថា ឥណ្ឌាបាននាំចូលប្រេងឆៅពីរុស្សីជាច្រើនប្រភេទ រួមទាំងប្រភេទដែលមិនសូវមានអ្នកស្គាល់ផងដែរ។ ក្រុមមន្រ្តីឥណ្ឌាបាននិយាយម្តងហើយម្តងទៀតថា ទីក្រុងញូដេលី នឹងបន្តអនុវត្តគោលនយោបាយឯករាជ្យ និងកំពុងស្វែងរកទំនាក់ទំនងថាមពលស្ថិរភាពជាមួយរុស្ស៊ី៕