(តូក្យូ)៖ នៅថ្ងៃព្រហស្បតិ៍នេះ ជប៉ុននិងហ្វីលីពីនបានចុះកិច្ចព្រមព្រៀងមួយ ស្តីពីការជួយសង្រ្គោះពេលមានគ្រោះមហន្តរាយ ស្របពេលដែលវាត្រូវបាន​មើលឃើញថា អាចជាកិច្ចព្រមព្រៀងដំបូង សម្រាប់ឱ្យប្រទេសទាំងពីរឆ្ពោះទៅពង្រឹងចំណងទាក់ទងផ្នែកសន្តិសុខកាន់តែជិតស្និទ្ធថែមទៀត ចំគ្រាដែលភាពតានតឹងមានការកើនឡើងជាមួយចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៣។

ក្រសួងការពារជាតិហ្វីលីពីន បានឱ្យដឹងថា កិច្ចព្រមព្រៀងនោះ កំណត់ពីកម្មវត្ថុនិងរចនាសម្ព័ន្ធនៃកិច្ចសហប្រតិបត្តិការវាងប្រទេសទាំងពីរ ហើយដាក់ចេញនូវ​បែបបទដែលកងកម្លាំងប្រដាប់អាវុធ ជប៉ុន-ហ្វីលីពីន នឹងត្រូវធ្វើការរួមគ្នាកំលុងប្រតិបត្តិការសង្រ្គោះ។ វាត្រូវសម្រេចបាន កំលុងដំណើរទស្សនកិច្ចរបស់​ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស ជូនៀ (Ferdinand Marcos Jr) នៅប្រទេសជប៉ុន។ លោក ម៉ាកូស បានទៅដល់ទីក្រុងតូក្យូ កាលពីថ្ងៃពុធសប្តាហ៍នេះ។

ក្រុមមន្រ្តីជប៉ុនធ្លាប់បានបង្ហើបឱ្យដឹងថា កិច្ចព្រមព្រៀងខាងលើ នឹងជួយធ្វើឱ្យវាមានភាពងាយស្រួល ក្នុងការបង្កើតក្របខណ្ឌផ្លូវច្បាប់ទូលំទូលាយមួយ ដើម្បីអនុញ្ញាតឱ្យកងកម្លាំងជប៉ុន អាចត្រូវបានដាក់ពង្រាយទៅកាន់ប្រទេសហ្វីលីពីន។ សមាជិកសភាមួយចំនួននៅហ្វីលីពីន ក៏ធ្លាប់បានអំពាវនាវផងដែរ​ឱ្យប្រទេសរបស់ខ្លួន ចុះកិច្ចព្រមព្រៀងទស្សនកិច្ចរវាងកងកម្លាំងយោធា ជាមួយជប៉ុនតែម្តង ដែលអនុញ្ញាតឱ្យប្រទេសទាំងពីរ ដាក់ពង្រាយកងទ័ពនៅលើ​ទឹកដីភាគីម្ខាងៗបាន។ ទីក្រុងតូក្យូទើបតែបានចុះកិច្ចព្រមព្រៀងបែបនេះ ជាមួយអូស្រ្តាលីនិងចក្រភពអង់គ្លេស។

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុនលោក ម៉ាកូស បានចុះកិច្ចព្រមព្រៀងមួយ ដែលបើកឱ្យសហរដ្ឋអាមេរិក អាចប្រើប្រាស់មូលដ្ឋានយោធារបស់ហ្វីលីពីន បានប៉ុន្មានកន្លែងបន្ថែមទៀត។ លោកប្រធានាធិបតីហ្វីលីពីន បាននិយាយថា​ ដំណើរទស្សនកិច្ចរបស់លោកនៅទីក្រុងតូក្យូ មានគោលដៅកសាង​កិច្ចសហប្រតិបត្តិការការពារជាតិនិងសន្តិសុខឱ្យកាន់តែរឹងមាំ ក្នុងចំណោមកម្មវត្ថុផ្សេងៗទៀត៕