(មូស្គូ)៖ លោក យេវហ្កេនី ព្រីហ្គោហ្ស៉ីន (Yevgeny Prigozhin) ដែលជាស្ថានិកក្រុមហ៊ុន Wagner បានអះអាងនៅថ្ងៃព្រហស្បតិ៍នេះ ក្រុមហ៊ុនជ្រើសរើស​ទាហានស៉ីឈ្នួលរបស់លោក បានបិទបញ្ចប់ហើយនូវយុទ្ធនាការប្រម្រែប្រមូលអ្នកទោសពីតាមពន្ធនាគារ ដើម្បីយកទៅប្រយុទ្ធក្នុងសង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៣។

លោក ព្រីហ្គោហ្ស៉ីន បាននិយាយដូច្នេះថា «ដំណើរការកែនអ្នកទោសយកទៅធ្វើសង្រ្គាមនៅអ៊ុយក្រែន ដោយក្រុមហ៊ុន Wagner ត្រូវបានបញ្ឈប់ទាំងស្រុង។ ឥឡូវនេះពួកយើងកំពុងបំពេញតាមកាតព្វកិច្ចរបស់យើង ចំពោះអ្នកទាំងឡាយដែលកំពុងធ្វើការឱ្យក្រុមហ៊ុនយើង»។ ក្រុមហ៊ុន Wagner បានចាប់ផ្តើមកែន​អ្នកទោសពីប្រព័ន្ធពន្ធនាគាររុស្ស៉ី កាលពីរដូវក្តៅឆ្នាំ២០២២ ដោយលោក ព្រីហ្គោហ្ស៉ីន បានសន្យាស្នើសុំផ្តល់ការលើកលែងទោសសម្រាប់ ​អ្នកដែលអាចឆ្លងផុតរយៈពេល៦ខែ នៅអ៊ុយក្រែន។

ក្រុមហ៊ុន Wagner ផ្ទាល់ មិនបានផ្តល់ព័ត៌មានថាតើ អ្នកទោសប៉ុន្មាននាក់ត្រូវបានប្រមូលឱ្យចូលបម្រើ កងកម្លាំងរបស់ខ្លួននោះឡើយ ប៉ុន្តែទិន្នន័យអំពីតួលេខ​អ្នកទោសនៅតាមពន្ធនាគាររបស់រុស្ស៉ី ដែលចេញផ្សាយកាលពីខែវិច្ឆិកា ឆ្នាំមុន បានបង្ហាញថា ចំនួនអ្នកទោសនៅក្នុងប្រទេសរុស្ស៉ី បានថយចុះជាង ២០,០០០នាក់ នៅចន្លោះខែសីហា-វិច្ឆិកា ដែលជាការថយចុះដ៏ច្រើនបំផុត ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយ។ ដោយឡែក យោងតាមទិន្នន័យដែលចេញ​ផ្សាយកាលពីខែមករា ឆ្នាំនេះ ការថយចុះគឺសឹងតែលែងមានទៀតហើយ។

យោងតាមសេចក្តីរាយការណ៍នៃប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ កាលពីខែធ្នូ ឆ្នាំ២០២២ សហគមន៍ស៉ើបការណ៍សម្ងាត់អាមេរិក ជឿជាក់ថា ក្រុមហ៊ុន Wagner មានអ្នកប្រយុទ្ធដែលជាអ្នកទោសប្រហែលខ្ទង់ ៤០,០០០នាក់ ត្រូវបានដាក់ពង្រាយនៅអ៊ុយក្រែន ពោលគឺមួយភាគធំនៃកងកម្លាំងសរុបរបស់ក្រុមហ៊ុននេះ ដែលមានវត្តមាននៅទីនោះ។ ប៉ុន្មានខែចុងក្រោយនេះ ក្រុមទាហានស៉ីឈ្នួលរបស់ក្រុមហ៊ុន Wagner បានដើរតួនាទីកាន់តែសំខាន់ឡើងៗ ក្នុងសង្រ្គាមឈ្លានពានរបស់​រុស្ស៉ីនៅអ៊ុយក្រែន ដោយពួកគេបាននាំមុខកិច្ចប្រឹងប្រែងវាយលុក ដែលអូសបន្លាយរាប់ខែ នៅក្រុងបាក់មុត (Bakhmut) នៃតំបន់ដូណេត។

គួរបញ្ជាក់ថា ក្រុមហ៊ុន Wagner ក៏ត្រូវបានសហរដ្ឋអាមេរិក ចាត់ថ្នាក់ជាអង្គការឧក្រិដ្ឋជនឆ្លងដែន ក៏ដូចជាដាក់ទណ្ឌកម្មផងដែរ៕