(វ៉ាសូវី)៖ ប្រទេសប៉ូឡូញបានកោះហៅភារធារីនៃស្ថានទូតបេឡារុស នៅថ្ងៃពុធសប្តាហ៍នេះ បន្ទាប់ពីអ្នកកាសែតដើមកំណើតប៉ូឡូញម្នាក់ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៨ឆ្នាំ ដែលទីក្រុងវ៉ាសូវីចាត់ទុកថាជា សាលក្រមមានចេតនានយោបាយ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៣។

ទីភ្នាក់ងារព័ត៌មានរដ្ឋប៉ូឡូញ PAP បានរាយការណ៍ថា លោក អេនឌ្រិច ប៉ូហ្សូប៊ូត (Andrzej Poczobut) ត្រូវបានកាត់ទោសពីបទញុះញង់ ឲ្យមានការស្អប់ខ្ពើម ប្រឆាំងនឹងក្រុមសាសនា ជាតិសាសន៍ និងព្យាយាមធ្វើរបបណាស៉ីរស់ឡើងវិញ បន្ទាប់ពីត្រូវបានចាប់ខ្លួនក្នុងខែមីនា ឆ្នាំ២០២១។

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសប៉ូឡូញ បានគូសបញ្ជាក់ថា «ការកាត់ក្តីនេះ បង្ហាញពីហេតុផលនយោបាយ។ សាលក្រមថ្ងៃនេះ គឺជាសក្ខីភាពជាក់ស្តែងរបស់អាជ្ញាធរបេឡារុស ប្រឆាំងនឹងប៉ូឡូញ។ យើងសូម ថ្កោលទោសការកាត់ទោសអយុត្តិធម៌ ដោយតុលាការរដ្ឋផ្តាច់ការមួយនេះ»។ ដោយឡែក ស្ថានទូតបេឡារុសប្រចាំនៅក្នុងទីក្រុងវ៉ាសូវី មិនទាន់មានការឆ្លើយតបចំពោះសំណើរសុំអត្ថាធិប្បាយជុំវិញ ការកាត់ទោសនេះទេ។

គួរបញ្ជាក់ថា ថ្មីៗនេះ ប៉ូឡូញបានថ្កោលទោសការបំផ្លិចបំផ្លាញផ្នូរប៉ូឡូញ នៅឯបេឡារុស។ ប្រជាជនប៉ូឡូញរាប់ពាន់នាក់រស់នៅក្នុងប្រទេសបេឡារុស ខណៈដែលភាគខាងលិចនៃប្រទេសធ្លាប់ជាទឹកដីប៉ូឡូញ រហូតដល់ពេលព្រំដែនត្រូវបានគូរឡើងវិញ នៅក្រោយសង្គ្រាមលោកលើកទីពីរ។ ភាពតានតឹងរួចជាស្រេច នៃទំនាក់ទំនងរវាងប៉ូឡូញ និងបេឡារុស បានកើនឡើងថែមទៀត ក្រោយពេលដែលសម្ព័ន្ធមិត្តរបស់បេឡារុស គឺរុស្ស៊ីបើកការឈ្លានពានលើអ៊ុយក្រែន នៅខែកុម្ភៈ ឆ្នាំ២០២២៕