(វ៉ាស៉ីនតោន)៖ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងក្រុមមន្រ្តីទូតអាមេរិកនិយាយថា សហរដ្ឋអាមេរិកបានរៀបចំបទសម្ភាសន៍នៅទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង ជាមួយអ្នកការទូតបរទេសមកពីប្រទេសចំនួន៤០ ស្តីអំពីឧប្បត្តិហេតុបាឡុងចិនដែលហោះលើទឹកដីសហរដ្ឋអាមេរិក។ នេះបើយោងតាមការដកស្រង់ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៣។

កាលពីដើមសប្តាហ៍នេះ អនុរដ្ឋមន្រ្តីការបរទេសអាមេរិក លោកស្រី វេនឌី សឺមែន (Wendy Sherman) បានពន្យល់ប្រាប់អ្នកការទូតបរទេសប្រមាណ១៥០នាក់ នៅទូទាំងស្ថានទូតចំនួន៤០។ ចំណែកនៅឯទីក្រុងប៉េកាំង ស្ថានទូតអាមេរិកប្រចាំទីនោះបានប្រមូលផ្តុំអ្នកការទូតបរទេស ដើម្បីបង្ហាញពីការរកឃើញបាឡុងរបស់ប្រទេសចិន ដោយសហរដ្ឋអាមេរិក។ ក្រៅពីនេះ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានបញ្ជូនបេសកជនរបស់ខ្លួននៅជុំវិញពិភពលោក ទៅចែករំលែកអំពីឧប្បត្តិហេតុបាឡុងនេះជាមួយសម្ព័ន្ធមិត្ត និងដៃគូផ្សេងទៀត។

មន្ត្រីជាន់ខ្ពស់មួយរូបនៃរដ្ឋាភិបាលអាមេរិក បានគូសបញ្ជាក់ថា «យើងចង់ធ្វើឲ្យប្រាកដថា យើងកំពុងចែករំលែកឲ្យបានច្រើនតាមតែអាចធ្វើទៅបាន ជាមួយប្រទេសនៅជុំវិញពិភពលោក ដែលអាចងាយនឹងទទួលរងនូវឧប្បត្តិហេតុបែបនេះ»

គួរបញ្ជាក់ថា បើតាមទីក្រុងវ៉ាស៉ីនតោន បាឡុងដែលហោះអណ្តែតលើទឹកដីសហរដ្ឋអាមេរិក កាលពីចុងខែមករាកន្លងទៅ ត្រូវបានគ្រប់គ្រងដោយកងទ័ពរំដោះប្រជាជនចិន (PLA)។ មន្ទីរបញ្ចកោណ ក៏បានឲ្យដឹងថា បាឡុងនេះគឺជាផ្នែកនៃកងយន្តហោះចិន ដែលបានរំលោភលើអធិបតេយ្យភាពរបស់ប្រទេសដទៃផងដែរ។ យ៉ាងនេះក្តី ទីក្រុងប៉េកាំងបញ្ជាក់ថា បាឡុងនេះគឺបាឡុងស៉ីវិលដែលត្រូវបានប្រើប្រាស់សម្រាប់កិច្ចការឧតុនិយម ហើយបានហោះចូលទឹកដីសហរដ្ឋអាមេរិកដោយសារកត្តាអាកាសធាតុ៕