(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃព្រហស្បតិ៍នេះបានរាយការណ៍ថាលោក គីម ជុងអ៊ុន បានចុះត្រួតពិនិត្យដោយផ្ទាល់ការធ្វើព្យុហយាត្រាយោធាដ៏ធំមួយ ដែលមានការបង្ហាញអាវុធទំនើបៗ ដើម្បីរំឮកខួបលើកទី៧៥ នៃខួបបង្កើតកងទ័ពកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៣។

នៅក្នុងសេចក្ដីរាយការណ៍របស់ខ្លួន ​KCNA បានឱ្យដឹងថាទៀតថាព្យុហយាត្រាយោធាខាងលើត្រូវបានធ្វើឡើងកាលពីយប់ថ្ងៃពុធ ទី៨ ខែកុម្ភៈ នៅឯទីលានគីម អ៉ីស៊ុង ក្នុងរដ្ឋធានីព្យុងយ៉ាង អមជាមួយការបាញ់កាំជ្រួច ការបង្ហាញអាវុធទំនើបៗ ក្នុងនោះរួមមានទាំងមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM។ បើតាម KCNA លោក គីម ជុងអ៊ុន ក៏បាននាំកូនស្រីដែលឈ្មោះ ជូ អេ (Ju Ae) និងភរិយាគឺលោកស្រី រី សូល ជូ (Ri Sol Ju) ចូលរួមក្នុងការធ្វើព្យុហយាត្រាយោធានេះ។

គួរបញ្ជាក់ថា ក្រុមអ្នកវិភាគ ដោយផ្អែកលើរូបថតផ្កាយរណបរបស់ក្រុមហ៊ុនអាមេរិក Maxar បានសន្និដ្ឋាននៅថ្ងៃព្រហស្បតិ៍នេះដែរថា នៅក្នុងចំណោមប្រព័ន្ធអាវុធដែលត្រូវបាន ដាក់បង្ហាញនៅក្នុងព្យុហយាត្រយោធានោះ គឺមានមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM វ៉ាសុង ១៧ (Hwasong-17) និងមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM ស៊េរីថ្មីមួយដែលអាចជាប្រភេទ មីស៊ីល ICBM ប្រើឥន្ធនៈរឹង ដែលរបបដឹកនាំលោក គីម ជុងអ៊ុនប្រឹងប្រែងផលិតជាយូរមកហើយ។ តែគេមិនទាន់ដឹងថាតើមីស៊ីលនេះបានឆ្លងកាត់ការធ្វើតេស្ដដោយជោគជ័យ រួចហើយដែរ ឬក៏យ៉ាងណានោះទេ៕