(ប៉ារីស)៖ ក្នុងពេលបំពេញទស្សនកិច្ចនៅទីក្រុងប៉ារីសនៃប្រទេសបារាំង នាថ្ងៃពុធសប្តាហ៍នេះ ប្រធានាធិបតីអ៊ុយក្រែន​ លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថាបារាំង និងអាល្លឺម៉ង់ មានឱកាសក្លាយជា «អ្នកកំណត់ជ័យជម្នះ» ក្នុងសង្គ្រាមប្រឆាំងនឹងរុស្ស៊ី តាមរយៈការបញ្ឈប់ការស្ទាក់ស្ទើរក្នុងការផ្តល់អាវុធធុនធ្ងន់ ក៏ដូចជាយន្តហោះចម្បាំងទំនើបៗដល់អ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៣។

លោក ហ្សេលេនស្គី បានទៅដល់ទីក្រុងប៉ារីស សម្រាប់អាហារពេលល្ងាចជាមួយប្រធានាធិបតីបារាំង អែមម៉ានុយអេល ម៉ាក្រុង និងអធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលហ៍ បន្ទាប់ពីបានជួប លោក រីស៉ី ស៊ូណាក់ នៅឯចក្រភពអង់គ្លេស ជាពេលដែលលោកបានជំរុញដល់សម្ព័ន្ធមិត្តលោកខាងលិចផ្តល់ឲ្យអ៊ុយក្រែននូវយន្តហោះចម្បាំង សម្រាប់ធ្វើសង្រ្គាមជាមួយរុស្ស៉ី។

ក្នុងឱកាសនោះ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ថា «យើងមានពេលតិចតួចណាស់។ ឥឡូវនេះ ខ្ញុំកំពុងនិយាយអំពីសព្វាវុធដែលត្រូវការដើម្បីទទួលបានសន្តិភាព និងអាចបញ្ឈប់សង្រ្គាមដែលចាប់ផ្តើម ដោយរុស្ស៊ីបាន។ បារាំង និងអាល្លឺម៉ង់មានឱកាសអាចនឹងក្លាយជាអ្នកកំណត់ជ័យជម្នះ ហើយនោះជារបៀបវារៈនៃការពិភាក្សារបស់យើងនៅថ្ងៃនេះ»។ លោកបន្ថែមថាដរាបណា អ៊ុយក្រែនអាចទទួលបាន អាវុធធុនធ្ងន់ដូចជាមីស៊ីលរយៈចម្ងាយឆ្ងាយ និងយន្ដហោះចម្បាំងស៊េរីទំនើបៗកាន់តែឆាប់ នោះសង្រ្គាមឈ្លានពានរបស់រុស្ស៉ីក៏នឹងបញ្ចប់កាន់តែឆាប់ដែរ។

គួរបញ្ជាក់ថា លោក ហ្សេលេនស្គី នឹងត្រូវធ្វើដំណើរទៅទីក្រុងព្រុចសែលរបស់ប្រទេសប៊ែលហ្សិក នៅថ្ងៃព្រហស្បតិ៍នេះ ជាកន្លែងដែលលោកនឹងចូលរួមកិច្ចប្រជុំកំពូលជាមួយមេដឹកនាំអឺរ៉ុប៕