(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថាសហរដ្ឋអាមេរិក មិនមែនកំពុងបង្កជម្លោះជាមួយចិននោះទេ បើទោះជាកំពុងមានភាពតានតឹងនឹងគ្នាខ្លាំង បន្ទាប់ពីយោធាអាមេរិកបាញ់ ទម្លាក់បាឡុងរបស់ចិនកាលពីសប្ដាហ៍មុនក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៣។

យោធាអាមេរិក កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន បានបាញ់ទម្លាក់បាឡុងមួយ ដែលទីក្រុងវ៉ាស៊ីនតោនសង្ស័យថាជាបាឡុងចារកម្មរបស់ចិន នៅឯតំបន់ឆ្នេរនៃរដ្ឋ South Carolina ក្រោយស្ទាក់ស្ទើរអស់រយៈពេល ជាច្រើនថ្ងៃ ព្រោះខ្លាចកម្ទេចកម្ទីរបស់វាបង្កគ្រោះថ្នាក់ដល់មនុស្សនៅខាងក្រោម។ បាឡុងចិនត្រូវបានបាញ់ទម្លាក់ដោយមីស៊ីលមួយគ្រាប់ដែលបាញ់ចេញពីយន្ដហោះចម្បាំង F-22 ហើយបើតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក បាឡុងនេះហោះនៅរយៈកម្ពស់ ១៨,៣០០ម៉ែត្រ។

នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ PBS កាលពីថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) លោក ចូ បៃដិន បានគូសបញ្ជាក់ដូច្នេះថា «យើងនឹងប្រកួតប្រជែងយ៉ាងពេញទំហឹងជាមួយចិន។ ប៉ុន្តែ... យើងមិនមែនកំពុងបង្កជម្លោះជាមួយចិននោះទេ ហើយនេះគឺជាអ្វីដែលយើងកំពុងធ្វើមកទល់នឹងពេលនេះ»។ ជុំវិញភាពតានតឹងរវាងអាមេរិក និងចិននេះដែរ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្ល៊ីនខិន បានអះអាងថាសហរដ្ឋអាមេរិកបានចែករំលែកព័ត៌មានពាក់ព័ន្ធនឹងបាឡុងចិន ជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន ខណៈអ្នកជំនាញអាមេរិក បាននិងកំពុងធ្វើការវិភាគលើកម្ទេចកម្ទីបាឡុងចិនដែលស្រង់ចេញពី សមុទ្រ ក្រោយត្រូវបានបាញ់ទម្លាក់។ «យើងបានចែករំលែកព័ត៌មានជាមួយបណ្ដាប្រទេសមួយចំនួន នៅជុំវិញពិភពលោកទាំងតាមរយៈរដ្ឋាភិបាលផ្ទាល់ និងស្ថានទូតនានារបស់យើង»។ នេះជាការបញ្ជាក់របស់ លោក ប្ល៊ីនខិន ដែលបានបន្ថែមទៀតថា ទីក្រុងវ៉ាស៊ីនតោនសម្រេចចិត្តធ្វើបែបនេះ ពីព្រោះតែសហរដ្ឋអាមេរិកមិនមែនជាគោលដៅតែមួយគត់នៃបាឡុងចិននោះទេ ដោយប្រទេសជាច្រើនក្នុងទ្វីបចំនួន ៥ ក៏រងការបំពានដែនអធិបតេយ្យពីបាឡុងនេះដែរ។

ដោយឡែក នៅក្នុងសេចក្ដីថ្លែងការណ៍ដាច់ដោយឡែកមួយផ្សេងទៀត អ្នកនាំពាក្យសេតវិមាន លោកស្រី ការីន ហ្សង់ព្យែរ (Karine Jean-Pierre) បានប្រាប់អ្នកសារព័ត៌មានបាឡុងចិនគឺជាផ្នែកមួយ នៃកងកម្លាំងបាឡុងមួយតែម្ដង ដែលបានធ្វើសកម្មភាពនៅជុំវិញពិភពលោកអស់រយៈពេលជាច្រើនឆ្នាំមកហើយ។

គួរបញ្ជាក់ថា ចិនបានទទូចម្ដងហើយម្ដងទៀតថាបាឡុងរបស់ខ្លួន គឺជាបាឡុងស៊ីវិលធម្មតាដែលមានគោលដៅចម្បងសម្រាប់ការសិក្សាឧតុនិយមតែប៉ុណ្ណោះ ពោលគឺមិនមែនជាបាឡុងស៊ើបការណ៍ដូចដែល សហរដ្ឋអាមេរិកបានចោទប្រកាន់នោះទេ៕