(សេអ៊ូល)៖ ក្រុមអ្នកវិភាគ នៅថ្ងៃព្រហស្បតិ៍នេះបាន​និយាយថាកូរ៉េខាងជើង បានបញ្ចេញអាវុធស៊េរីមួយដែលអាចជាប្រភេទមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM ប្រើឥន្ធនៈរឹង កំឡុងព្យុហយាត្រាពេលរាត្រីមួយ កាលពីថ្ងៃពុធម្សិលមិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៣។

កូរ៉េខាងជើង បានរៀបចំការធ្វើព្យុហយាត្រាយោធាដ៏ធំកាលពីថ្ងៃពុធម្សិលមិញ ដែលជាព្រឹត្តិការណ៍មួយត្រូវបានគេរំពឹងថានឹងមានការដាក់សម្ញែងអាវុធស៊េរីថ្មីៗចុងក្រោយបំផុតរបស់របបដឹកនាំលោក គីម ជុងអ៊ុន នាឱកាសនៃការប្រារព្ធខួបកំណើតនៃថ្ងៃបង្កើតកងទ័ពរបស់ខ្លួន។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងមិនបានរាយការណ៍អ្វីពីព្យុហយាត្រាយោធានាពេលរាត្រីនេះទេ ប៉ុន្តែរូបថតផ្កាយរណបជាច្រើនសន្លឹក ផ្ដល់ដោយក្រុមហ៊ុន Maxar Technologies មានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានបង្ហាញពីសកម្មភាពព្យុហយាត្រាយោធា និងហ្វូងមនុស្សចូលរួមនៅឯទីលាន គីម អ៉ីលស៊ុង (Kim Il Sung) ក្នុងរដ្ឋធានីព្យុងយ៉ាង។

បើតាមក្រុមអ្នកវិភាគ ដោយផ្អែកលើរូបថតផ្កាយរណបរបស់ក្រុមហ៊ុន Maxar បានសន្និដ្ឋានថានៅក្នុងចំណោមប្រព័ន្ធអាវុធដែលត្រូវបានដាក់បង្ហាញនៅក្នុងព្យុហយាត្រយោធានោះ គឺមានមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM វ៉ាសុង ១៧ (Hwasong-17) និងមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM ស៊េរីថ្មីមួយដែលអាចជាប្រភេទមីស៊ីល ICBM ប្រើឥន្ធនៈរឹង។

គួរបញ្ជាក់ថា ការអភិវឌ្ឍបច្ចេកវិទ្យាមីស៊ីល ICBM ប្រើឥន្ធនៈរឹងគឺជាគោលដៅដ៏សំខាន់ជាយូរមកហើយរបស់ទីក្រុងព្យុងយ៉ាង ដ្បិតមីស៊ីលប្រភេទនេះបង្កការលំបាកខ្លាំងដល់សត្រូវក្នុងការចាប់សញ្ញា តែគេមិនទាន់ដឹងថាតើមីស៊ីលនេះបានឆ្លងកាត់ការធ្វើតេស្ដដោយជោគជ័យរួចហើយដែរឬក៏យ៉ាងណានោះទេ៕