(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល កាលពីពេលថ្មីៗកន្លងទៅនេះបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ទីក្រុងវ៉ាស៊ីនតោន នៅពេលដែលលោកបាននិយាយចេញពីមាត់ផ្ទាល់ថា ទីក្រុងសេអ៊ូលអាចនឹងពិចារណាអភិវឌ្ឍអាវុធនុយក្លេអ៊ែរដោយខ្លួនឯង ជាជាងជ្រកនៅក្រោម «ឆត្រនុយក្លេអ៊ែរ» របស់សហរដ្ឋអាមេរិក។ ភ្លាមៗ ក្រោយការកត់សម្គាល់របស់លោក យូន ក្រុមមន្ត្រីអាមេរិក បានប្រញាប់ប្រញាលធ្វើការទំនាក់ទំនងទៅកាន់ក្រុមមន្ត្រីកូរ៉េខាងត្បូង ដើម្បីបញ្ចុះបញ្ចូលឱ្យទីក្រុងសេអ៊ូលត្រជាក់ចិត្ត ដោយមិនចាំបាច់អភិវឌ្ឍអាវុធនុយក្លេអ៊ែរដោយខ្លួនឯងទេ ពីព្រោះសហរដ្ឋអាមេរិក មានការប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការការពារសម្ព័ន្ធមិត្តរបស់ខ្លួនពីការគំរាមកំហែងទាំងឡាយ។

ប៉ុន្មានថ្ងៃក្រោយមក គឺនៅថ្ងៃទី៣១ ខែមករាកន្លងទៅ ដើម្បីកាន់តែធ្វើឱ្យកូរ៉េខាងត្បូងស្ងប់ចិត្ត រដ្ឋបាលលោក ចូ បៃដិន បានបញ្ជូនរដ្ឋមន្ត្រីការពា រជាតិអាមេរិក លោក ឡយដ៍ អូស្ទីន ឱ្យបំពេញទស្សនកិច្ច នៅកូរ៉េខាងត្បូង ជាទីដែលលោកបានបញ្ជាក់ឡើងវិញពីការប្ដេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការការពារកូរ៉េខាងត្បូង ហើយបានប្រកាសពីការធ្វើសមយុទ្ធយោធារួមគ្នាសំដៅសិក្សាពីជម្រើស នៃការចាត់វិធានការឆ្លើយតបទៅនឹងការគំរាមកំហែងពីកូរ៉េខាងជើង។

ជាទូទៅ នៅពេលដែលគេនិយាយដល់ «ឆត្រនុយក្លេអ៊ែរ» គឺមានន័យថាសម្ព័ន្ធមិត្តដែលជ្រកនៅក្រោមឆត្រនុយក្លេអ៊ែរនេះ នឹងទទួលបានធានារ៉ាប់រងការពារអាយុជីវិតដោយអាវុធនុយក្លេអ៊ែរ របស់អាមេរិក ប្រសិនបើពួកគេរងការគំរាមកំហែង ឬវាយប្រហារពីសំណាក់សត្រូវ។ ប៉ុន្តែ ការស្ទង់មតិជាច្រើននាពេលកន្លងមកបានបង្ហាញថាប្រជាជនកូរ៉េខាងត្បូងភាគច្រើនមានការសង្ស័យចំពោះសហរដ្ឋអាមេរិក ថាតើ ទីក្រុងវ៉ាស៊ីនតោនអាចនឹងធ្វើអន្តរាគមន៍យោធាដោយផ្ទាល់ ដើម្បីការពារប្រទេសរបស់ពួកគេដែរឬក៏យ៉ាងណា នៅក្នុងករណីដែលអាមេរិកខ្លួនឯងក៏អាចនឹងប្រឈមមុខការវាយប្រហារដោយអាវុធនុយក្លេអ៊ែរ ដែរនោះ? ជាឧទាហរណ៍ ការស្ទង់មតិមួយកាលពីចុងឆ្នាំ២០២២ បានបង្ហាញថា៧១ភាគរយនៃប្រជាជនកូរ៉េខាងត្បូងបង្ហាញការគំាទ្រដល់ការអភិវឌ្ឍអាវុធនុយក្លេអ៊ែរផ្ទាល់ខ្លួន។ ការស្ទង់មតិនេះដដែលក៏បាន ឆ្លុះបញ្ចាំងពីការពិតមួយផងដែរដែលត្រូវបានលើកឡើងដោយអតីតឧត្តមសេនីយ៍ត្រីចូលនិវត្តន៍ម្នាក់របស់កូរ៉េខាងត្បូង គឺលោក In-Bum Chun ជាអតីតមេបញ្ជាការនៃទីបញ្ជាការសង្រ្គាមពិសេស របស់កូរ៉េខាងត្បូង។ «បច្ចុប្បន្ន យើងមានសហរដ្ឋអាមេរិកដែលបានផ្ដល់ការធានានុយក្លេអ៊ែរសម្រាប់ពួកយើង ... តែក្នុងពេលជាមួយគ្នា យើងក៏កាន់តែមានការព្រួយបារម្ភខ្លាំងជាងមុនផងដែរ ហើយប្រជាជន កូរ៉េខាងត្បូងកំពុងទន្ទឹងរង់ចាំចម្លើយ»។ នេះជាការគូសបញ្ជាក់របស់លោក In-Bum Chun។

តាមពិតទៅ ការធ្លាក់ចុះនៃទំនុកចិត្តរបស់កូរ៉េខាងត្បូងលើឆត្រនុយក្លេអ៊ែរអាមេរិក គឺកើតឡើងដោយសារតែសកម្មភាព និងភាពអសកម្មនៃរដ្ឋបាលអាមេរិកបីជំនាន់ចុងក្រោយមកនេះ ក្នុងបរិបទដែលកម្មវិធី អាវុធនុយក្លេអ៊ែរ និងមីស៊ីលអន្តរទ្វីបកូរ៉េខាងជើងកាន់តែរីកចម្រើនទៅមុខ ទោះបីជាកំពុងជាប់ទណ្ឌកម្មអន្តរជាតិក៏ដោយ។ ដំបូងគេ គឺរដ្ឋបាលលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា។ រដ្ឋបាលលោក អូបាម៉ា បានបរាជ័យនៅក្នុងការប្រឈមមុខ និងទប់ស្កាត់ចិន ជុំវិញការធ្វើយោធូបនីយកម្មនៅលើដែនកោះជម្លោះក្នុងសមុទ្រចិនខាងត្បូង ព្រមទាំងមិនអាចបង្ខំឱ្យចិនអនុវត្តតាមកិច្ចព្រមព្រៀងដែលសហរដ្ឋអាមេរិក ជាអ្នកសម្របសម្រួលស្ដីពីទីប្រជុំកោះ Spratly ជាទីដែលចិនមានជម្លោះជាមួយហ្វីលីពីន ហើយហ្វីលីពីនក៏ជាសម្ព័ន្ធមិត្តមួយរបស់ទីក្រុងវ៉ាស៊ីនតោនដែរ។

ទី២៖ គឺនៅក្រោមរដ្ឋបាលអតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ។ ទំនាក់ទំនងរវាងកូរ៉េខាងត្បូង និងអាមេរិកមានភាពរកាំរកូសខ្លាំងគួរសម នៅក្រោមសម័យលោក ត្រាំ ដោយអតីតប្រធានាធិបតីរូបនេះ តែងតែចេញមុខរិះគន់សម្ព័ន្ធមិត្តរបស់ខ្លួនមួយចំនួនរួមទាំងកូរ៉េខាងត្បូង ថាកេងចំណេញលើឆត្រនុយក្លេអ៊ែរអាមេរិក តែមិនបានបង់ថ្លៃការពារគ្រប់គ្រាន់នោះទេ។ មិនតែប៉ុណ្ណោះ លោក ត្រាំ ក៏ធ្លាប់បានគំរាម លុបបំបាត់សម្ព័ន្ធភាពអាមេរិក និងកូរ៉េខាងត្បូង ក៏ដូចជាដកកងទ័ពអាមេរិកចេញពីកូរ៉េខាងត្បូងផងដែរ​ បើទីក្រុងសេអ៊ូលមិនព្រមជួយចេញថ្លៃចាយវាយរបស់កងទ័ពអាមេរិក តាមដែលលោកចង់បានទេនោះ។ កូរ៉េខាងត្បូងនៅពេលនោះត្រូវបានគេរាយការណ៍ថាបានយល់ព្រមតាមសំណើរបស់លោក ត្រាំ តែទីក្រុងសេអ៊ូល ក៏បានកត់ចំណាំរឿងនេះទុកនៅក្នុងចិត្តដែរ។

ទី៣៖ នោះគឺរដ្ឋបាលលោក ចូ បៃដិន នាពេលបច្ចុប្បន្នតែម្ដង។ នៅក្រោមរដ្ឋបាលលោក បៃដិន កូរ៉េខាងត្បូងកាន់តែមានការសង្ស័យចំពោះការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកថែមទៀត។ ពីព្រោះថា លោក បៃដិន (ជាអតីតអនុប្រធានាធិបតីអាមេរិករបស់លោក អូបាម៉ា) ត្រូវបានគេមើលឃើញថានៅតែបន្តដើរតាមគោលនយោបាយមួយចំនួនរបស់លោក អូបាម៉ា ក្នុងនោះរួមមានទាំងការដកកងទ័ពអាមេរិកចេញពី អាហ្វហ្កានីស្ថានកាលពីឆ្នាំ២០២១ ហើយគួបផ្សំនឹងបរាជ័យរបស់រដ្ឋបាលលោក បៃដិន ក្នុងការកំញើញទប់ស្កាត់រុស្ស៉ីកុំឱ្យចូលឈ្លានពានអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២ បើទោះជាដឹងពីផែនការ ឈ្លានពានរបស់លោក ពូទីនមុនក៏ដោយ វារឹតតែបង្កការសង្ស័យដល់កូរ៉េខាងត្បូងចំពោះការប្ដេជ្ញាចិត្ត និងឥទ្ធិពលរបស់សហរដ្ឋអាមេរិក។

មកទល់នឹងពេលនេះ លោក បៃដិន នៅតែប្រកាន់ជំហរថានឹងមិនបញ្ជូនកងទ័ពអាមេរិកឱ្យទៅធ្វើអន្តរាគមន៍យោធាដោយផ្ទាល់​ដើម្បីជួយអ៊ុយក្រែនប្រយុទ្ធតតាំងជាមួយរុស្ស៉ីនោះទេ ហើយក៏មិនបានផ្ដល់អ្វីៗ គ្រប់យ៉ាងតាមដែលលោក ហ្សេលេនស្គីត្រូវការនោះដែរ ដោយសំអាងថាដើម្បីបញ្ចៀសកុំឱ្យសង្រ្គាមនុយក្លេអ៊ែរ ឬសង្រ្គាមលោកលើកទី៣ផ្ទុះឡើង។ ដោយឡែក ហេតុផលចុងក្រោយគេបំផុតគឺសំណុំរឿង តៃវ៉ាន់តែម្ដង។ លោក ចូ បៃដិន បានអះអាងថាសហរដ្ឋអាមេរិកនឹងប្រើប្រាស់កម្លាំងយោធាដើម្បីការពារតៃវ៉ាន់ ក្នុងករណីមានការវាយប្រហារពីចិនដល់ទៅ៣លើក តែសេតវិមាន ក៏បានចេញមុខកែតម្រូវ ការលើកឡើងរបស់លោក បៃដិន ដល់ទៅ៣លើកដូចគ្នាដែរ ជាមួយការបញ្ជាក់ជំហរដដែលថាសហរដ្ឋអាមេរិកនៅតែប្រកាន់ភ្ជាប់នូវយុទ្ធសាស្ត្រមិនច្បាស់លាស់ និងគោលនយោបាយចិនតែមួយ។ នៅក្រោម ហេតុផលទាំងនេះ វាមិនមែនជារឿងអ្វីចម្លែកនោះទេដែលកូរ៉េខាងត្បូងមានសង្ស័យលើឆត្រនុយក្លេអ៊ែរអាមេរិក ហើយចង់បានអាវុធនុយក្លេអ៊ែរផ្ទាល់ខ្លួន។

តែទោះជាយ៉ាងក៏ដោយ ក្រុមអ្នកជំនាញនៅឯសន្និសីទមួយរៀបចំឡើងដោយមជ្ឈមណ្ឌល Stimson យល់ថាអាវុធនុយក្លេអ៊ែរមិនមែនជាជម្រើសល្អសម្រាប់កូរ៉េខាងត្បូងនោះទេ និងបានបង្ហាញក្ដីព្រួយបារម្ភថា ការប្រកួតប្រជែងរវាងមហាអំណាចនុយក្លេអ៊ែរ២ នៅលើតំបន់ឧបទ្វីបកូរ៉េនឹងកាន់តែបង្កើនគ្រោះថ្នាក់ខ្លាំងឡើង ពីព្រោះវាប្រឈមមុខខ្ពស់នឹងហានិភ័យនៃការផ្ទុះជម្លោះដោយប្រើអាវុធទូទៅធម្មតាទៅជា សង្រ្គាមនុយក្លេអ៊ែរភ្លាមៗ។ បន្ថែមពីលើនេះ អាវុធនុយក្លេអ៊ែរកូរ៉េខាងត្បូងក៏អាចនឹងធ្វើឱ្យសម្ព័ន្ធភាពអាមេរិក-កូរ៉េខាងត្បូងប្រថុយនឹងការប្រេះឆាផងដែរ ដ្បិតសហរដ្ឋអាមេរិកនឹងមិនសប្បាយចិត្តឡើយ បើកូរ៉េខាងត្បូងទាត់ចោលយោបល់របស់ខ្លួន។ ណាមួយបើកូរ៉េខាងត្បូងអាចផលិតបានអាវុធនុយក្លេអ៊ែរ នោះសម្ព័ន្ធមិត្តអាមេរិកដ៏ទៃដូចជាជប៉ុន​ តៃវ៉ាន់ ឬអូស្ត្រាលីជាដើម ក៏អាចនឹងចង់បានអាវុធនេះដែរ។ សួរថាតើបើប្រទេសជាសម្ព័ន្ធមិត្តអាមេរិកសុទ្ធតែមានអាវុធនុយក្លេអ៊ែរនោះ តើឆត្រនុយក្លេអ៊ែរនៅមានប្រយោជន៍អ្វីទៀតទៅ ហើយវាក៏ប្រថុយខ្ពស់នឹងគ្រោះថ្នាក់ការរីកសាយអាវុធនុយក្លេអ៊ែរដែលអាមេរិក កំពុងព្យាយាមកាត់បន្ថយ និងទប់ស្កាត់ផងដែរ។

គួរបញ្ជាក់ថា អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Henry Kissinger ធ្លាប់បានផ្ដល់សក្ខីកម្មស្ដីពីកម្មវិធីអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង នៅចំពោះមុខគណៈកម្មាធិការសេវាអាវុធ នៃព្រឹទ្ធសភាអាមេរិក កាលពីខែមករា ឆ្នាំ២០១៨ថា «ប្រសិនបើកូរ៉េខាងជើងអាចនឹងបន្តអភិវឌ្ឍអាវុធនុយក្លេអ៊ែរបាន ទោះជាមានការប្រឆាំងពីអាមេរិក និងចិនក៏ដោយ... នោះកូរ៉េខាងត្បូង និងជប៉ុន ប្រាកដជានឹងចង់បាន អាវុធនុយក្លេអ៊ែរផ្ទាល់ខ្លួនដែរ ហើយយើងនឹងត្រូវរស់នៅក្នុងពិភពលោកថ្មីមួយ...ដែលតម្រូវឱ្យមានគំនិតថ្មីៗ»៕