(ឡាអេ)៖ ក្រុមអ្នកស៊ើបអង្កេតអន្តរជាតិមួយក្រុ​ម បានសម្រេចផ្អាកការស៊ើបអង្កេតឧក្រិដ្ឋកម្មរបស់ខ្លួន ជុំវិញករណីធ្លាក់យន្តហោះម៉ាឡេស៊ី MH17 នៅភាគខាងកើតអ៊ុយក្រែនកាលពីឆ្នាំ២០១៤ ដោយនិយាយថា ពួកគេមិនមានភស្តុតាងគ្រប់គ្រាន់ ដើម្បីចាប់ផ្តើមការស៊ើបអង្កេតថ្មីណាមួយឡើយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣។

លោក Dijna van Poetzeler រដ្ឋអាជ្ញាហូឡង់បាននិយាយថា «ការស៊ើបអង្កេតបានឈានដល់កម្រិតកំណត់។ ការដឹកនាំទាំងអស់បានដល់ទីបញ្ចប់ហើយ ខណៈក្រុមបានចាប់ផ្តើមដាក់ភស្តុតាង ដែលខ្លួនបានរកឃើញនៅក្នុងការស៊ើបអង្កេតដ៏យូរអង្វែងរបស់ខ្លួន»។

រដ្ឋអាជ្ញាហូឡង់បាននិយាយនៅក្នុងសេចក្តីសង្ខេបរបស់ខ្លួនអំពីការរកឃើញថា មានការបង្ហាញដ៏រឹងមាំដែលបញ្ជាក់ថា ប្រធានាធិបតីរុស្ស៊ីបានសម្រេចចិត្តផ្គត់ផ្គង់ ប្រព័ន្ធមីស៊ីល Buk ដល់ក្រុមផ្តាច់ខ្លួនអ៊ុយក្រែន។ មីស៊ីល Buk ត្រូវបានប្រើដើម្បីបាញ់ទម្លាក់យន្តហោះ MH17 នៅថ្ងៃទី១៧ ខែកក្កដាឆ្នាំ២០១៤ ដោយបានសម្លាប់អ្នកដំណើរ​ និងនាវិកសរុបចំនួន ២៩៨នាក់។

ទោះយ៉ាងណា រុស្ស៊ី​បាន​បដិសេធ​ជា​យូរ​មក​ហើយ​ថា​ ខ្លួនមិន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បាញ់​ទម្លាក់យន្តហោះម៉ាឡេស៊ី MH17 នោះទេ។

គួរបញ្ជាក់ថា ការប្រកាសនេះបានធ្វើឡើងជិតបីខែបន្ទាប់ពីតុលាការរបស់ប្រទេសហូឡង់បានប្រកាសថាជនជាតិរុស្ស៊ីពីរនាក់ និងឧទ្ទាមអ៊ុយក្រែនម្នាក់ជាអ្នកទទួលខុសត្រូវចំពោះការបាញ់ទម្លាក់យន្តហោះ Boeing 777 កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ ដែលបានសម្លាប់មនុស្សទាំងអស់នៅលើយន្តហោះចំនួន ២៩៨នាក់ ដោយបានផ្តន្ទាទោសពួកគេឲ្យជាប់ពន្ធនាគារអស់មួយជីវិត។ ចំណែកជនសង្ស័យទី៤ ដែលជនជាតិរុស្ស៊ីត្រូវបានតុលាការលើកលែងចោទប្រកាន់៕