(ប៉េកាំង)៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បាននិយាយនៅថ្ងៃពុធនេះថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការជាមួយប្រទេសអូស្ត្រាលី ក្នុងការកសាងទំនុកចិត្តទៅវិញទៅមក និងធ្វើឱ្យទំនាក់ទំនងទ្វេភាគីល្អប្រសើរឡើងវិញ។​ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ​ នៅថ្ងៃពុធ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣។

ការកត់សម្គាល់បែបនេះបានធ្វើឡើង បន្ទាប់ពីនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអង្គារសប្តាហ៍នេះថា «ពាណិជ្ជកម្មជាមួយប្រទេសចិន គឺច្រើនលើសដៃគូពាណិជ្ជកម្មធំៗចំនួនបីរួមបញ្ចូលគ្នា » ហើយថា «វាស្ថិតនៅក្នុងផលប្រយោជន៍ជាតិរបស់ប្រទេសអូស្ត្រាលី ដែលមានទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មដ៏ល្អជាមួយចិន»។

លោកស្រី Mao បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា ប្រទេសចិន និងអូស្ត្រាលី គឺជាប្រទេសសំខាន់ពីរនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលមានសេដ្ឋកិច្ចបំពេញបន្ថែមគ្នា។

លោកស្រីបានកត់សម្គាល់ថា «ការអភិវឌ្ឍប្រកបដោយសុខភាពល្អ និងស្ថិរភាពនៃទំនាក់ទំនងរវាងចិន និងអូស្ត្រាលី មិនត្រឹមតែជាផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រជាជនទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងវានឹងផ្តល់អំណោយផល ដល់ការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក»។

អ្នកនាំពាក្យរូបនេះបានសង្កត់ថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការជាមួយអូស្ត្រាលី ដើម្បីអនុវត្តចំណុចឯកភាពគ្នាដ៏សំខាន់ ដែលមេដឹកនាំនៃប្រទេសទាំងពីរសម្រេចបាននៅក្នុងកិច្ចប្រជុំកំពូល G20 នៅប្រទេសឥណ្ឌូនេស៊ី ក៏ដូចជាលទ្ធផលនៃកិច្ចសន្ទនាជាយុទ្ធសាស្ត្ររវាងចិន និងអូស្ត្រាលីផងដែរ៕