(អង់ការ៉ា)៖ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan នៅថ្ងៃពុធនេះបានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដី នៅក្នុងប្រទេសរបស់លោកបានកើនដល់ ៨,៥៧៤នាក់ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបទាំងនៅប្រទេសស៊ីរីផងដែរនោះ កើនដល់ជាង ១១.០០០នាក់ហើយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣។

ការគូសបញ្ជាក់ប្រាប់បែបនេះ បានធ្វើឡើងក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់តំបន់ដែលរងគ្រោះខ្លាំងបំផុត ដោយសារគ្រោះរញ្ជួយដីនាថ្ងៃពុធនេះ។

យោងតាមអាជ្ញាធរក្នុងតំបន់ និងក្រុមអ្នកជួយសង្គ្រោះ ក្រៅពីមនុស្សស្លាប់ មានអ្នករងរបួសធ្ងន់ស្រាល នៅក្នុងប្រទេសទាំងពីររហូតជាង ៤៥,០០០នាក់ ដោយសារការរញ្ជួយដីកាលពីថ្ងៃចន្ទសប្តាហ៍នេះ។

គួរបញ្ជាក់ថា យោងតាមទីភ្នាក់ងារតាមដានគ្រោះរញ្ជួយដីអាមេរិក USGS ចំណុចរំញ័ររបស់គ្រោះរញ្ជួយដីខាងលើ ស្ថិតនៅក្បែរទីក្រុងមួយឈ្មោះ ហ្កាហ្សៀនតិប (Gaziantep) របស់តួកគី ដែលមានមនុស្សរស់នៅប្រហែល២លាននាក់ ហើយវាមានជម្រៅប្រហែល១៨គីឡូម៉ែត្រក្រោមផ្ទៃដី។ ហេតុការណ៍នោះ បានកើតឡើងនៅវេលាម៉ោងខ្ទង់ជាង៤ទាបភ្លឺថ្ងៃចន្ទ ហើយប៉ុន្មានម៉ោង​ក្រោយមក ក៏មានរញ្ជួយដីធំមួយទៀតកម្រិត ៧.៦រ៉ិចទ័រកើតឡើងផងដែរ រួមជាមួយការញ័ររញ្ជួយកម្រិតតូចៗបន្តបន្ទាប់ទៀតជាច្រើន។ លើកចុងក្រោយបំផុត ដែលគ្រោះរញ្ជួយដីកម្រិត ៧.៨រ៉ិចទ័រ បានវាយប្រហារចំម្តុំតំបន់នេះ គឺកាលពីឆ្នាំ១៩៣៩ ដែលបានសម្លាប់មនុស្សរហូតដល់៣៣,០០០នាក់ នៅក្នុងប្រទេសតួកគី៕