(កៀវ)៖ សង្គ្រាមក្នុងប្រទេសអ៊ុយក្រែនបានឈានចូលដល់ថ្ងៃទី៣៤៩ ហើយគិតត្រឹមថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៣។ សង្គ្រាមក្នុងតំបន់ភាគខាងកើតអ៊ុយក្រែននៅតែបន្តខ្លាំងក្លា។ ទាហានអ៊ុយក្រែន និយាយថា ពេញមួយថ្ងៃទី៦ ខែកុម្ភៈឆ្នាំ២០២៣ គេបានសម្លាប់ទាហានរុស្ស៊ីចំនួន១ពាន់៣០នាក់ ប៉ុន្តែរុស្ស៊ីបានបដិសេធ។ សេចក្តីរាយការណ៍បានបង្ហាញថា កម្លាំងទាហានរុស្ស៊ីនៅលើសមរភូមិបានវាយ ដណ្តើមយកមកវិញបានកន្លែងខ្លះនៅក្នុងខេត្តដូណេតស៍។ សង្គ្រាមដែលកំពុងតែវិវត្តន៍ទៅមុខនេះ នឹងរំពឹងភាពកាន់តែពុះកញ្ជ្រោលថែមទៀតក្នុងរដូវផ្ការីកដែលជិតមកដល់នេះ។

ខណៈដែលក្តីបារម្ភអំពីយុទ្ធនាការវាយលុកក្នុងរដូវផ្ការីកនឹងមកដល់នាពេលខាងមុខនេះ, ដំណើរទស្សនកិច្ចដ៏ស្ងាត់មួយរបស់រដ្ឋមន្ត្រីការពារជាតិថ្មីនៃប្រទេសអាល្លឺម៉ង់ លោក បូរីស ភីស្តូរៀស (Boris Pistorius) បានធ្វើទៅកាន់ប្រទេសអ៊ុយក្រែន។ ដំណើរទស្សនកិច្ចនៅថ្ងៃអង្គារ ទី៧ ខែកុម្ភៈ បានធ្វើឡើងនៅប្រមាណ២សប្តាហ៍ បន្ទាប់ពីអាល្លឺម៉ង់បានសន្យាផ្តល់រថក្រោះ Leopard2 ដល់អ៊ុយក្រែន ដែលគ្រោងនឹងបើកយុទ្ធនាការវាយលុកក្នុងរដូវផ្ការីកនាពេលខាងមុខនេះ ដើម្បីរំដោះទឹកដីភាគខាងកើតប្រទេសពីរុស្ស៊ី។

ដំណើរទស្សនកិច្ចកាលពីថ្ងៃអង្គារ ទី៧ ខែកុម្ភៈ ត្រូវបានរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Oleksii Reznikov បានបង្ហោះរូបថតឈរជាមួយនឹងរដ្ឋមន្ត្រីការពារជាតិថ្មីអាល្លឺម៉ង់ក្នុងរដ្ឋធានីកៀវ ដោយ អ្នកទាំង២ បានកាន់ទ្រកូនរថក្រោះគំរូមួយនៃនិមិត្តរូបជំនួយរថក្រោះ Leopard2 ដល់ប្រទេសអ៊ុយក្រែន។ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន បានសរសេរក្នុងប្រព័ន្ធ Tweeter ថ្លែងអំណរគុណដល់ រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ ដោយបញ្ជាក់ថា«សម្ព័ន្ធរថក្រោះ» កំពុងធ្វើដំណើរឆ្ពោះទៅរកជ័យជំនះហើយ។ រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់បានថ្លែងបញ្ជាក់ថា រថក្រោះ Ledopard 2 លើកដំបូងដែលនឹង ទៅដល់អ៊ុយក្រែនគឺនៅ ក្នុងរង្វង់ចុងខែមីនា ឬដើមខែមេសា ឆ្នាំ២០២៣នេះ។ ប្រទេសអ៊ុយក្រែនបានថ្លែងថាគេនឹងរំពឹងទទួលបានរថក្រោះជំនួយ របស់បស្ចឹមប្រទេសប្រមាណពី១២០ទៅ១៤០គ្រឿង។

រថក្រោះនៃជំនួយបស្ចឹមប្រទេសដែលបានសន្យាដល់អ៊ុយក្រែនកន្លងមកនេះ រួមមានរថក្រោះ Leopard2, រថក្រោះ Challenger របស់អង់គ្លេសនិងរថក្រោះ Abram M1 របស់អាមេរិក។ ប្រទេសអាល្លឺម៉ង់ កន្លងមកនេះ បានរារែកជាខ្លាំងលើការផ្តល់រថក្រោះទំនើបរបស់ខ្លួនដល់អ៊ុយក្រែន ប៉ុន្តែការដាក់សម្ពាធខ្លាំងរបស់ប្រទេសក្នុងអង្គការសម្ព័ន្ធណាតូ និងនៅទន្ទឹមដែលសហរដ្ឋអាមេរិកបានប្រកាសការផ្តល់ រថក្រោះ Abram M1 ដល់អ៊ុយក្រែននោះមក, រដ្ឋាភិបាលក្រុង ប៊ែរឡាំងត្រូវគេនិយាយថាបានបង្ខំចិត្តក្នុងការផ្តល់រថក្រោះ Leopard 2 របស់ខ្លួនដល់អ៊ុយក្រែន។ បើទោះបីជាមានសេចក្តីរាយការណ៍ បាននិយាយរិះគន់ដល់អាល្លឺម៉ង់លើភាពរារែកនិងយឺត យ៉ាវក្នុងការសម្រេចនោះក្តី ប៉ុន្តែក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់នៅអ៊ុយក្រែន លោក បូរីស ភីស្តូរៀស Boris Pistorius បានថ្លែងថាលោកមិនបានទទួលនូវពាក្យ រិះគន់ណាមួយនោះឡើយ។

រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក បូរីស ភីស្តូរៀស (Boris Pistorius) បានប្រាប់បណ្តាញសារព័ត៌មានជុំវិញដំណើរទស្សនកិច្ចរបស់លោកស្ងាត់ៗទៅប្រទេសអ៊ុយក្រែននោះថា លោកមានជំនួប២ ក្នុងនោះ ក៏មានជាមួយរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនផងដែរ និងថាការជួបជជែក នោះមិនមានពាក្យសម្តីណាដែលបានរិះគន់លើទង្វើជួយរបស់អាល្លឺម៉ង់នោះឡើយ។ លោកបានថ្លែងថា ប៉ុន្តែផ្ទុយទៅវិញ គឺមានតែការ កោតសរសើរនិងការដឹងគុណចំពោះសកម្មភាពរបស់អាល្លឺម៉ង់ដែលបានជួយប្រទេសអ៊ុយក្រែន និងការបង្ហាញរបស់អ៊ុយក្រែនដែលចង់បានជំនួយយោធាបន្ថែមទៀតពីប្រទេសអាល្លឺម៉ង់។ ក្នុងដំណើរទស្សនកិច្ច កាលពីថ្ងៃអង្គារ៍នោះផងទៀត រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ បានប្រាប់រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនថាក្រុមនៃបណ្តាប្រទេសអឺរ៉ុបខ្លះក៏កំពុងតែធ្វើកិច្ចការចង់បញ្ជួនរថក្រោះម៉ូដែលចាស់ Leopard1 A5 ប្រមាណជាង ១០០គ្រឿងទៀតទៅឱ្យប្រទេសអ៊ុយក្រែនផងដែរ។

ក្នុងសេចក្តីថ្លែងការណ៍រួមមួយនៅថ្ងៃអង្គារ ទី៧ ខែកុម្ភៈ ប្រទេសអាល្លឺម៉ង់ ដាណាម៉ាក និងប្រទេសហូឡង់ បានថ្លែងថាគេគ្រោងនឹងបញ្ជួនឱ្យអ៊ុយក្រែននូវរថក្រោះដែលចាស់ Leopard1 A5 ចំនួនដល់១៧៨ គ្រឿង។ សេចក្តីថ្លែងការណ៍ដដែលបានសរសេរបន្តថាចំនួនរថក្រោះ Leopard 1 ដែលនឹងត្រូវប្រគល់ឱ្យអ៊ុយក្រែននោះ គឺអាស្រ័យលើកិច្ចការថែទាំដែលអ៊ុយក្រែន អាចធ្វើទៅបាន។ ខណៈអ៊ុយក្រែន កំពុងរៀបចំការទទួលបាននូវជំនួយយោធារថក្រោះពីប្រទេសលោកខាងលិចនោះ សង្គ្រាមវាយប្រហារនាភាគខាងកើតប្រទេសនៅតែបន្ត។ អ៊ុយក្រែនបានថ្លែងថាក្នុងរយៈពេល២៤ម៉ោងក្នុងថ្ងៃទី៦ ខែកុម្ភៈ គេបានសម្លាប់ទាហានរុស្ស៊ីចំនួន១ពាន់៣០នាក់ដែលនាំឱ្យតួលេខស្លាប់របស់ទាហានរុស្ស៊ីនោះត្រូវអ៊ុយក្រែនបូកសារុបមានចំនួន១៣ម៉ឺន៣ពាន់ ១៩០នាក់ ប៉ុន្តែរុស្ស៊ីបដិសេធចំពោះតួលេខនេះ។ ផ្ទុយទៅវិញ រុស្ស៊ីបានអះអាងថាពេញមួយខែមករាកន្លងមកនេះ គេបានសម្លាប់ទាហានអ៊ុយក្រែនចំនួន៦ពាន់៥០០នាក់។ មិនមានសេចក្តីរាយការណ៍អព្យាក្រិតណាមួយអះអាងជុំវិញតួលេខស្លាប់របស់ទាហាន នៃប្រទេស ទាំង២ក្នុង សង្គ្រាមភាគខាងកើតអ៊ុយក្រែននោះឡើយ។

សេចក្តីរាយការណ៍កម្មវិធីទូរទស្សន៍ DW របស់អាល្លឺម៉ង់បានឱ្យដឹងថា សមាជិករដ្ឋសភាអ៊ុយក្រែនចំនួន៣៤៨នាក់ដែលជាសម្លេងដ៏លើសលប់ បានបោះឆ្នោតពន្យាពេលច្បាប់អាជ្ញាសឹក និងការចល័តទូទៅ ក្នុងប្រទេសអ៊ុយក្រែន។ ច្បាប់ចល័តក្នុងប្រទេសបានតម្រូវឱ្យបុរសអាយុ ពី១៨ទៅ៦០ឆ្នាំ មិនឱ្យចាកចេញពីប្រទេសឡើយរហូតដល់ថ្ងៃទី២០ខែឧសភា។ អ៊ុយក្រែនដែលពន្យាពេលច្បាប់អាជ្ញាសឹក បានអះអាងថា រុស្ស៊ីនឹងបើកធ្វើការវាយលុកដាក់មកលើទាហានអ៊ុយ ក្រែនដែលគេចាំបាច់ត្រូវតែរៀបចំការទប់ទល់ជាមួយនឹងសម្ភារយោធាថ្មីៗដែលជាជំនួយរបស់អង្គការណាតូ ប៉ុន្តែរុស្ស៊ីថ្លែងថា ក្នុងរដូវផ្ការីក ខាងមុខនេះ គឺរុស្ស៊ីទេ ដែលនឹងត្រៀមធ្វើការទប់ទល់ចំពោះការវាយលុកដ៏ធំមួយរបស់អ៊ុយក្រែនដែលចង់ដណ្តើមយកទឹកដីរបស់រុស្ស៊ីនោះ។

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu បានថ្លែងព្រមានថា ការបន្តដឹកជញ្ជួនសម្ភារយោធាដល់អ៊ុយក្រែន មិនមែនជាទង្វើបញ្ចប់សង្គ្រាមទេ ប៉ុន្តែជាការពន្យាពេលឱ្យកាន់តែវែង និងថាវានឹងអាច អូសទាញប្រទេសនៃអង្គការណាតូធ្លាក់ចូលមកក្នុងទំនាស់ដែលកំពុងកើតឡើងនេះ។ លោក Sergei Shoigu ត្រូវបានគេដកស្រង់សម្តីដែលបានប្រាប់ក្នុងកិច្ចប្រជុំមួយ នាថ្ងៃអង្គារ ទី៧ ខែកុម្ភៈថា «សហរដ្ឋអាមេរិក និងក្រុមសម្ព័ន្ធកំពុងតែព្យាយាមអូសបន្លាយទំនាស់ ឱ្យបានវែងតាមដែលអាចធ្វើទៅបាន»។

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីថ្លែងថាសហរដ្ឋអាមេរិក និងប្រទេសបក្ខសម្ព័ន្ធបានព្យាយាមអូសទាញទំនាស់ឱ្យកាន់តែមានរយៈពេលវែងដោយចាប់ផ្តើមផ្តល់អាវុធវាយលុកធុនធ្ងន់ដល់រដ្ឋាភិបាលក្រុងកៀវ។ សហរដ្ឋអាមេរិក និងប្រទេសក្រុមសម្ព័ន្ធថែមទាំងអំពាវនាវដោយចេញមុខដល់អ៊ុយក្រែនមកដណ្តើមទឹកដីរបស់យើងថែមទៀត។ សកម្មភាពទាំងនេះ នឹងទាញអង្គការណាតូឱ្យធ្លាក់ចូលក្នុងទំនាស់និងអាច រាលដាលកាន់តែធំដែលគេមិនអាចស្មានដឹងបានឡើយ»។ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoletenberg បានថ្លែងបញ្ជាក់រួចមកហើយថាអង្គការណាតូ នឹងមិនស្វែងរកការប្រឈមមុខដោយ ផ្ទាល់ជាមួយនឹងរុស្ស៊ីនោះទេ។ លោកបានចោទថា គឺរុស្ស៊ីនោះទៅវិញទេដែលបានរៀបចំសង្គ្រាមកាន់តែធំឡើងដោយស្វែងរកអាវុធពីបណ្តាប្រទេសដទៃរាប់បញ្ចូលទាំងអាវុធកូរេខាងជើងផងដែរ។

សង្គ្រាមដែលកាន់តែអូសបន្លាយជិតមួយឆ្នាំមកនេះ ត្រូវគេបារម្ភថា នឹងអាចឆេះរាលដាល ចូលក្នុងទឹករុស្ស៊ីថែមទៀតដោយសារតែអ៊ុយក្រែនបានថ្លែងថាគេបានផលិតអាវុធថ្មីៗដោយខ្លួនឯង ដើម្បីវាយប្រហារ ក្នុងគោលដៅរបស់រុស្ស៊ី។ មន្ត្រីទីប្រឹក្សាសន្តិសុខជាតិអ៊ុយក្រែន លោក Oleksiy Danilov បានថ្លែងថាអ៊ុយក្រែន អាចមាន សមត្ថភាពរបស់ខ្លួនក្នុងការផលិតអាវុធដោយខ្លួនឯងវាយប្រហាររុស្ស៊ី លើទឹកដីរបស់រុស្ស៊ីនោះ។ លោក Oleksiy Danilov បានសរសេរថាពាក់ព័ន្ធនឹងទឹកដីរុស្ស៊ី, មិនមានអ្នកណាម្នាក់បានហាមឃាត់យើងមិនឱ្យយកអាវុធរបស់យើងផលិតខ្លួនឯងក្នុងការវាយប្រហារដាក់លើទឹកដី រុស្ស៊ីនោះឡើយ។ លោកបានសរសេរថាតើអ៊ុយក្រែនមានអាវុធផលិតខ្លួនឯងទាំងនោះទេ? លោកបញ្ជាក់ថា «មាន»

នៅលើសមរភូមិនោះវិញ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu បានថ្លែងថាកងកម្លាំងរុស្ស៊ីកំពុងតែរុលទៅមុខជាមួយភាពជោគជ័យក្បែរក្រុង Vuhledar និងក្រុង Bakhmut។ ថ្លែងតាមប្រព័ន្ធវីដេអូ មួយក្នុងកិច្ចប្រជុំថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីបាន និយាយថាប្រតិបត្តិការយោធាដែលកំពុងធ្វើនាពេលនេះ គឺនៅសមរភូមិ Vuhledar និង Artemovsk។ លោកថាបើទោះបីជា អ៊ុយក្រែន បានទទួលជំនួយយោធាពីប្រទេសលោកខាងលិចនោះក្តី ប៉ុន្តែទ័ពសត្រូវបានរងនឹងការបាត់បង់ដ៏ខ្លាំងក្លា។ លោក Sergei Shoigu បានកត់ត្រាទុកក្នុងជោគជ័យមួយចំនួនដែលរុស្ស៊ី បានវាយរំដោះក្នុងតំបន់ភាគខាងកើតអ៊ុយក្រែនដូចជានៅក្នុងតំបន់ដូណេតស៍និងហ្សាប៉ូរីហ្សៀ ដែលរួមមានទីតាំង Soledar, Pleshchivka, Pidgirna, Krasnopillya, Blahodatene, Lobkov និង Mykolaivka។

ពីភាគីអ៊ុយក្រែននោះវិញ, កងកម្លាំងការពារព្រំដែនបាននិយាយថាគេបានបាញ់ទម្លាក់យន្តហោះប្រយុទ្ធរុស្ស៊ី Su-25 នៅលើសមរភូមិ Bakhmut ក្នុងខេត្តដូណេតស៍ និងថាបានសម្លាប់ទាហានអ៊ុយក្រែនចំនួន ១ពាន់៣០នាក់ក្នុងការប្រយុទ្ធ២៤ម៉ោងនៅថ្ងៃទី៦ ខែកុម្ភៈ និងថាការប្រយុទ្ធស៊ីសាច់ហុតឈាមគ្នានៅតែបន្តក្នុងកន្លែងចំនួន៥ នៅក្នុងខេត្ត Kharkiv និងខេត្ត Donetsk។ កងកម្លាំងអាកាសរបស់អ៊ុយក្រែន បានរាយការណ៍ទៀតថាគេបានធ្វើការវាយប្រហារ៩ដងដាក់លើតំបន់ប្រមូលផ្តុំសម្ភារយោធា និងទាហានរបស់រុស្ស៊ី, ចំណែកកងកម្លាំងអាកាសអ៊ុយក្រែនបាននិយាយថា គេបានបាញ់ដាក់ចំនួន២ដងផងដែរ លើទីតាំងប្រព័ន្ធមីស៊ីលការពារអាកាសរបស់រុស្ស៊ី។

សង្គ្រាមក្នុងប្រទេសអ៊ុយក្រែនបានឈានចូលដល់៣៤៩ថ្ងៃហើយគិតត្រឹមថ្ងៃទី៨ ខែកុម្ភៈឆ្នាំ ២០២៣។ សង្គ្រាមដែលអូសបន្លាយជិតមួយឆ្នាំមកនេះ ត្រូវបានគេព្យាករណ៍មិនច្បាស់ជាបន្តបន្ទាប់លើពេលណា ដែលនឹងមានការបញ្ចប់សង្គ្រាម។ ទោះជាយ៉ាងណាក្តី មេដឹកនាំ Chechen ដែលរុស្ស៊ីគាំទ្រ គឺលោក Ramzan Kadyrov បានថ្លែងតាមបណ្តាញសង្គមថាប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ី នឹងត្រូវបញ្ចប់នៅមុនចុងឆ្នាំ២០២៣។

លោកបានសរសេរក្នុងបណ្តាញសង្គមថាប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ី នឹងត្រូវបញ្ចប់មុនដំណាច់ឆ្នាំ២០២៣។ លោកសរសេរថាបណ្តាប្រទេសអឺរ៉ុបនឹងទទួលស្គាល់ថាគេបានធ្វើខុស និងថាប្រទេស លោកខាងលិចនឹងលុតជង្គង់ចុះញ៉ម និងថាប្រទេសក្នុងទ្វីបអឺរ៉ុបនឹងធ្វើកិច្ចសហប្រតិបត្តិការវិញជាមួយរុស្ស៊ីលើគ្រប់វិស័យ។ មេដឹកនាំ CheChen ដដែលនិយាយថាវាមិនមានជម្រើសណាមួយក្រៅពី ជម្រើសនោះឡើយ។ មេដឹកនាំ Chechen ដដែលបានសរសរបង្ហាញការគំរាមដល់ប្រទេសប៉ូឡូញថែមទៀត។ លោក Ramzan Kadyrov បានសរសេរបង្ហាញថាបើសិនជាប្រទេសរុស្ស៊ីត្រូវបន្តចាប់ផ្តើម បោសសំអាតអំពើណាស៊ីនិយមនិងបំបាត់យោធាបន្តទៀតនោះ គឺប្រទេសប៉ូឡូញនឹងក្លាយជាប្រទេសបន្ទាប់ពីអ៊ុយក្រែន។

នៅក្នុងប្រទេសប៉ូឡូញនោះវិញ, នាប៉ុន្មានថ្ងៃខាងមុខនេះ នឹងរំពឹងមានដំណើរទស្សន កិច្ច មួយរបស់ប្រធានាធិបតីអាមេរិកលោកចូបៃដិន។ ដំណើរទស្សនកិច្ច របស់លោកចូបៃដិនក្នុងប្រទេសប៉ូឡូញ នាពេលខាងមុខនេះ គឺដើម្បីលើកទឹកចិត្តអ៊ុយក្រែន ដែលបានទប់ទល់យ៉ាងក្លាហានជាមួយនឹងរុស្ស៊ីរយៈពេលមួយឆ្នាំគិតត្រឹមថ្ងៃទី២៤កុម្ភៈឆ្នាំ ២០២៣។ តើលោក បៃដិន នឹងប្រកាសយ៉ាងណាទៀត ពាក់ព័ន្ធនឹងសង្គ្រាមអ៊ុយក្រែនដែលអូសបន្លាយរយៈពេល១ឆ្នាំរួចមកនេះ? ពិភពលោកកំពុងតាមដានក្នុងការបារម្ភខ្លាចក្រែងទំនាស់នឹងឈានដល់សង្គ្រាមលោកលើកទី៣៕