(ប៉េកាំង)៖ ក្នុងអំឡុងពេលថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនដែលទើបតែកន្លងផុតទៅ ទន្សាយសិរីមង្គលគួរឱ្យស្រឡាញ់បានល្បីពេញនិយម នៅទូទាំងពិភពលោក។ បរិយាកាសសប្បាយរីករាយនៃថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន បានទាក់ទាញចំណាប់អារម្មណ៍របស់ពិពភលោក។ តុក្កតាទន្សាយសិរីមង្គលរចនាដោយវិទ្យាស្ថានវិចិត្រសិល្បៈ មជ្ឈិមចិនដែលប្រកបដោយធាតុវប្បធម៌ផងនិងប្រកបដោយភាពប្រើប្រាស់ជាក់ស្តែងផង តុក្កតាដែលផលិតតាមរូបរាងដើមបានទាក់ទាញ ក្រសែភ្នែករបស់មនុស្សគ្រប់គ្នា។

ក្នុងអំឡុងពេលថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ទន្សាយសិរីមង្គលបានចេញទៅក្រៅប្រទេសបង្ហាញខ្លួន នៅចំពោះមុខប្រជាជនទូទាំងពិភពលោក។ វាបានបង្ហាញខ្លួននៅក្រុងម៉ូស្គូ ជូនពរថ្ងៃបុណ្យចំពោះមិត្តរុស្ស៊ី, វាបានបង្ហាញខ្លួននៅក្រុងស្តូកមូ បង្ហាញពីការរៀនសូត្រពីគ្នាទៅវិញទៅមក រវាងវប្បធម៌ចិននិងស៊ុយអែត, វាបានបង្ហាញខ្លួននៅមជ្ឈមណ្ឌលវប្បធម៌ចិនក្រុងប៊ែឡាំង ដើម្បីបង្កើនការយល់ដឹងនិងចំណងមិត្តភាព រវាងប្រជាជនចិននិងអាល្លឺម៉ង់, វាបានបង្ហាញខ្លួននៅក្រុងតូក្យូ រួមជាមួយខ្លាឃ្មុំផេនដានិងមិត្តជប៉ុនចូលរួមពិធីបុណ្យប្រពៃណីជប៉ុន។

ក្រៅពីរូបរាងជាទន្សាយសិរីមង្គលដែលជាសត្វសិរីមង្គលឆ្នាំថោះ សត្វទន្សាយដែលជានិមិត្តសញ្ញាមួយនៃវប្បធម៌សត្វ តំណាងចិនបានបង្រួមគម្លាតរវាងគ្រប់ប្រទេសក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៣។ រថយន្តដើរដោយអគ្គិសនីដែលតុបតែងដោយ ប្រធានបទឆ្នាំថោះបានបើកបរនៅផ្លូវធំតូចនៃក្រុងរ៉ូម, រូបចម្លាក់ទន្សាយដែលធ្វើដោយទឹកកក បានបង្ហាញខ្លួនលើកំបូលភ្នំ Jungfrau នៃប្រទេសស្វ៊ីស, ប្រទេសចិននិងហុងគ្រី ហ្វ៊ីជីជាដើមបានរួមគ្នាបោះពុម្ភផ្សាយតែមសត្វទន្សាយឆ្នាំថោះ។ល។ អត្ថន័យវប្បធម៌ដែលបង្កប់ក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ក្នុងរយៈពេលរាប់ពាន់ឆ្នាំកន្លងមក ត្រូវបានដាក់លើសត្វទន្សាយតូចៗមួយនេះ ដើម្បីនាំមកនូវភាពរស់រវើកនៃរដូវផ្កាយរីកនិងការជូនពរដ៏ល្អបវរ ជូនចំពោះប្រជាជនទូទាំងពិភពលោក។

ទន្សាយសិរីមង្គលដែលជាតុក្កតាសិរីមង្គលឆ្នាំថោះ រហូតដល់សត្វទន្សាយ ដែលជាសត្វតំណាងនៃឆ្នាំថោះ ព្រមទាំងធាតុទន្សាយផេ្សងៗមានប្រជាប្រិយភាព ពីប្រជាជនទូទាំងពិភពលោក គឺបង្ហាញពីការឡើងកម្តៅនៃបរិយាកាសថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិននៅបរទេស។ លើសពីនេះទៅទៀត អ្នកនយោបាយសំខាន់ៗនៃប្រទេសជាច្រើនក៏បានថ្លែងសុន្ទរកថាជូនពរឆ្នាំថ្មី ក្នុងអំឡុងពេលថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនផងដែរ។ នាថ្ងៃទី ១៨ ខែមករា លោកគូតេរ៉េសអគ្គលេខាធិការអង្គការសហប្រជាជាតិបានថ្លែងសុន្ទរកថា ជូនពរឆ្នាំថ្មីឆ្នាំថោះគិតតាមចន្ទគតិចិនតាមប្រព័ន្ធវីដេអូ, លោកទ្រូដូនាយករដ្ឋមន្ត្រីកាណាដាបានចេញផ្សាយវីដេអូជូនពរឆ្នាំថ្មីឆ្នាំថោះ ចំពោះជនជាតិចិនជាភាសាអង់គ្លេស បារាំង ចិនកុកងឺនិងចិនកន្ដាំង, លោកប្រាយុទ្ធនាយករដ្ឋមន្ត្រីថៃបានស្លៀកពាក់សម្លៀកបំពាក់ចិន កាន់តុក្កតាទន្សាយសិរីមង្គលក្នុងដៃជូនពរឆ្នាំថ្មីដល់ ប្រជាជនថៃនិងចិនដោយនិយាយជាភាសាចិន, នាយប់ថ្ងៃទី ២៦ ខែមករា លោកបៃដិនប្រធានាធិបតីអាមេរិកនិងភរិយា បានប្រារព្ធពិធីបដិសណ្ឋារកិច្ចឆ្នាំថ្មី តាមចន្ទគតិចិននៅសេតវិមាន ព្រមទាំងបង្ហោះសារជូនពរលើប្រព័ន្ធទំនាក់ទំនងសង្គម។

ថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនបានក្លាយទៅជាពិធីបុណ្យអន្តរជាតិដ៏សំខាន់មួយជាបណ្តើរៗ។ ពីការដង្ហែរក្បួនទ្រង់ទ្រាយធំក្នុងបុណ្យឆ្នាំថ្មីតាមចន្ទគតិចិនក្រុងសេនហ្វ្រេនស៊ីស្កូ ដល់ពិធីអបអរបុណ្យចូលឆ្នាំថ្មីចិននៅទីលាន Trafalgar ក្រុងឡុងដ៍ ដល់ក្រុមកីឡាបាត់បោះ NBA រៀបចំសកម្មភាពអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនដូចជាសម្តែងម៉ុងសាយជាដើម ដល់ការប្រកួតកីឡាបាត់ទាត់ថ្នាក់Aនៃប្រទេសបារាំង អបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនក្នុងទិវាចិន។ល។ ថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនបាននិងកំពុងដើរចេញពី Chinatown ក្លាយទៅជាថ្ងៃបុណ្យដែលប្រជាជនទូទាំងពិភពលោករួមគ្នាអបអរសាទរ។

នាពេលអនាគត ខ្លឹមសារនិងទម្រង់នៃសកម្មភាពអបអរថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិននៅឯនាយសមុទ្រនឹងកាន់តែសម្បូរបែប។ ក្នុងបរិយាកាសដ៏សប្បាយរីករាយនិងសិរីមង្គល វប្បធម៌ចិនដែលបង្កប់នូវការជួបជុំគ្នានិងការរាប់អាន ក៏ដូចជារូបភាពចិនដែលគួរឱ្យជឿទុកចិត្ត គួរឱ្យស្រឡាញ់និងគួរឱ្យគោរពនៅពីខាងក្រោយនោះ នឹងដក់ជាប់ក្នុងដួងចិត្តរបស់ប្រជាជននៃប្រទេសនានាទូទាំង ពិភពលោកយ៉ាងជ្រាលជ្រៅជាក់ជាពុំខាន៕

វិទ្យុមិត្តភាពកម្ពុជាចិន