(មូស្គូ)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់រុស្ស៉ី បានរាយការណ៍កាលពីថ្ងៃអង្គារថា រុស្ស៉ីបានទាមទារឱ្យស្ថានទូតអាមេរិកប្រចាំទីក្រុងមូស្គូ បញ្ឈប់ជាបន្ទាន់នូវ ការចែកចាយអំពីអ្វីដែលទីក្រុងមូស្គូចាត់ទុកថាជា ព័ត៌មានក្លែងក្លាយ ពាក់ព័ន្ធទៅនឹងសង្រ្គាមឈានពានរបស់រុស្ស៉ីក្នុងប្រទេសអ៊ុយក្រែន ហើយថែមទាំង​បានព្រមាន បណ្តេញមន្រ្តីទូតអាមេរិកចេញពីប្រទេសទៀតផង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៣។

សារព័ត៌មានរុស្ស៉ី TASS បាននិយាយថា ការព្រមានខាងលើ រួមមានទាំងការផ្ញើសារភ្ជាប់ជាមួយពាក្យសម្តីធ្ងន់ៗ ទៅកាន់ឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាមេរិក គឺលោកស្រី លីន ត្រេស៉ី (Lynne Tracy)។ យោងតាមប្រភពពីក្រសួងការបរទេសរុស្ស៉ី ដែល TASS ទទួលបាន លោកស្រី ត្រេស៉ី ត្រូវបានប្រាប់ថា លោកស្រីចាំបាច់ត្រូវតែគោរពតាមច្បាប់រុស្ស៉ី ឱ្យបានតឹងរ៉ឹង នៅពេលធ្វើសេចក្តីថ្លែងការណ៍ណាមួយ អំពីកងកម្លាំងយោធារុស្ស៉ីនៅអ៊ុយក្រែន។ ចំណែកឯមន្រ្តីទូតអាមេរិកណា ដែលប្រព្រឹត្តនូវទង្វើដែលទីក្រុងមូស្គូហៅថា សកម្មភាពបំផ្លាញរដ្ឋអំណាចរុស្ស៉ីនោះ នឹងត្រូវបណ្តេញចេញពីប្រទេសរុស្ស៉ី។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានទទួលស្គាល់ថា ស្ថានទូតអាមេរិកនៅទីក្រុងមូស្គូ ទទួលបានកំណត់ទូតមួយពីក្រសួងការបរទេសរុស្ស៉ី ប៉ុន្តែបាន​លើកហេតុផលថា គោលការណ៍ទូទៅរបស់ក្រសួងការបរទេសអាមេរិក គឺមិនធ្វើការអត្ថាធិប្បាយអ្វីជុំវិញសារឆ្លើយឆ្លងរវាងផ្នែកការទូតឡើយ។ លោកស្រី លីន ត្រេស៉ី បានចូលកាន់តួនាទីជា អគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសរុស្ស៉ី កាលពីខែមករាកន្លងទៅនេះ។

គួរបញ្ជាក់ថា បើតាមច្បាប់របស់រុស្ស៉ី ការបង្ខូចមុខមាត់កងកម្លាំងប្រដាប់អាវុធរុស្ស៉ី គឺជាបទឧក្រិដ្ឋមួយ ដែលអាចជាប់ពន្ធនាគាររជាច្រើនបំផុត៥ឆ្នាំ ខណៈបទចោទប្រកាន់ពីការចែកចាយ ព័ត៌មានមិនពិតដោយចេតនាអំពីយោធារុស្ស៉ី អាចប្រឈមនឹងការជាប់ពន្ធនាគារជាអតិបរមា រយៈពេល១៥ឆ្នាំ៕