(ឡុងដ៍)៖ ការិយាល័យនាយករដ្ឋមន្រ្តីអង់គ្លេស បានឱ្យដឹងថា នៅថ្ងៃពុធនេះ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នឹងធ្វើដំណើរមកកាន់​ចក្រភពអង់គ្លេស ដើម្បីជួបជាមួយនាយករដ្ឋមន្រ្តីលោក រីស៉ី ស៊ូណាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៣។

វាគឺជាទស្សនកិច្ចលើកដំបូងមកកាន់ទីក្រុងឡុងដ៍ និងជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកទីពីរ របស់លោក ហ្សេលេនស្គី គិតចាប់តាំងពីរុស្ស៉ី បានលើកទ័ពឈ្លានពានអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ កំលុងការបំពេញទស្សនកិច្ចនេះ លោកប្រធានាធិបតីអ៊ុយក្រែន នឹងចុះសួរសុខទុក្ខកងទ័ពនៃប្រទេសរបស់លោក ដែលបច្ចុប្បន្នកំពុង ទទួលការហ្វឹកហាត់នៅចក្រភពអង់គ្លេស ហើយរូបលោកក៏នឹងឡើងថ្លែងសុន្ទរកថា ក្នុងសភាអង់គ្លេសផងដែរ។ កាលពីខែធ្នូ ឆ្នាំ២០២២ លោក ហ្សេលេនស្គី បានចាកចេញពីប្រទេស ដើម្បីទៅបំពេញទស្សនកិច្ចនៅទីក្រុងវ៉ាស៉ីនតោន នៃសហរដ្ឋអាមេរិក។

ទន្ទឹមគ្នានេះ ការិយាល័យលោក ស៊ូណាក់ បានប្រកាសពីគម្រោងដើម្បីពង្រីកបន្ថែមទៀត នូវកម្មវិធីផ្តល់ការហ្វឹកហាត់ដល់ កងកម្លាំងយោធារបស់អ៊ុយក្រែន ដោយក្រុមពីឡុតយន្តហោះចម្បាំង ហើយនិងកងម៉ារីនរបស់អ៊ុយក្រែន នឹងត្រូវទទួលបានការបណ្តុះបណ្តាល។ មិនតែប៉ុណ្ណោះ ទីក្រុងឡុងដ៍នឹងខំប្រឹងប្រែង​ពន្លឿនល្បឿននៃការផ្តត់ផ្គង់បរិក្ខារយោធាដល់ទីក្រុងកៀវ។ អង់គ្លេសបាននិយាយថា ការហ្វឹកហាត់ពីឡុតអ៊ុយក្រែន មានគោលដៅជាចម្បងធានាឱ្យបានថា ពួកគេនឹងមានសមត្ថភាពប្រើប្រាស់ យន្តហោះចម្បាំងទំនើបៗនៃស្តង់ដារបស់អង្គការណាតូ (NATO) នាពេលអនាគត។

គួរបញ្ជាក់ថា កាលពីខែវិច្ឆិកា ឆ្នាំ២០២២ លោក ស៊ូណាក់ បានបំពេញទស្សនកិច្ចដោយមិនប្រកាសឱ្យដឹងជាមុន ទៅកាន់ទីក្រុងកៀវ ដើម្បីជួបជាមួយ លោក ហ្សេលេនស្គី។ រីឯលោក បូរីស ចនសុន ក៏ធ្លាប់បានទៅបំពេញទស្សនកិច្ចប៉ុន្មានលើកនៅទីនោះផងដែរ កំលុងពេលលោកនៅជានាយករដ្ឋមន្រ្តីអង់គ្លេស គិតចាប់តាំងតែពីសង្រ្គាមផ្ទុះឡើងមក៕