(តូក្យូ)៖ ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានរាយការណ៍នៅថ្ងៃពុធនេះថា ប្រទេសជប៉ុនកំពុងរៀបចំបន្ធូរបន្ថយវិធានការត្រួតពិនិត្យព្រំដែន សម្រាប់អ្នកដំណើរមកពីប្រទេសចិន យ៉ាងឆាប់គឺនៅខែកុម្ភៈនេះតែម្តង។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៣។

ទូរទស្សន៍ជប៉ុន FNN របស់ជប៉ុនបានឲ្យដឹងថា ជប៉ុនគ្រោងនឹងបញ្ចប់ការតម្រូវឲ្យធ្វើតេស្តកូវីដ១៩ សម្រាប់អ្នកធ្វើដំណើរទាំងអស់ពីប្រទេសចិន នៅពេលមកដល់ប្រទេសជប៉ុន ប៉ុន្តែនឹងបន្តទាមទារការធ្វើតេស្តកូវីដ១៩ អវិជ្ជមាន មុនពេលចេញដំណើរ។ ប្រទេសចិនកាលពីខែមុន បានផ្អាកការចេញទិដ្ឋាការស្នាក់នៅរយៈពេលខ្លី សម្រាប់កូរ៉េខាងត្បូង និងជប៉ុន ជាចំណាត់ការសងសឹកប្រទេសទាំងពីរ ដែលទាមទារឲ្យមានការធ្វើតេស្តកូវីដ១៩ សម្រាប់អ្នកធ្វើដំណើរមកពីប្រទេសចិន។

គួរបញ្ជាក់ថា ប៉ុន្តែកាលពីចុងខែមករា ចិនបានប្រកាសបើកការផ្តល់ទិដ្ឋាការទូទៅ សម្រាប់ពលរដ្ឋជប៉ុនឡើងវិញហើយ។ ដោយឡែក ថ្មីៗនេះ ប្រធានាធិបតីកូរ៉េខាងត្បូង បាននិយាយថាការស្នើឲ្យមានការទប់ស្កាត់កូវីដ១៩ លើអ្នកធ្វើដំណើរមកពីប្រទេសចិន អាចត្រូវបានលុបចោលលឿនជាង ការគ្រោងទុក ប្រសិនបើការឆ្លងបានធូរស្រាលក្នុងរយៈពេលចុងក្រោយនេះ៕