(កាប៊ុល)៖ រដ្ឋបាលតាលីបង់នៃប្រទេសអាហ្វហ្កានីស្ថាន នឹងបញ្ជូនជំនួយប្រមាណ ១៦៥,០០០ដុល្លារ ទៅឲ្យតួកគី និងស៉ីរី ដើម្បីជួយឆ្លើយតបនឹងគ្រោះរញ្ជួយដីកម្រិត ៧.៨រ៉ិចទ័រ ដែលបានវាយប្រហារក្នុងសប្តាហ៍នេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៣។

តួលេខថ្មីចុងក្រោយនៃគ្រោះរញ្ជួយដីនៅតួកគី និងស៉ីរី បានកើនឡើងដល់ជាង ៨,៧០០នាក់ និងរបួសរាប់ម៉ឺននាក់។ សេចក្តីថ្លែងការណ៍របស់ ក្រសួងការបរទេសអាហ្វហ្កានីស្ថាន បានឲ្យដឹងថា កញ្ចប់ជំនួយខាងលើនេះ គឺចំនួន ១១១,០២៤ដុល្លារ ត្រូវផ្តល់ទៅឲ្យតួកគី និង ៥៥,៥១២ដុល្លារ ត្រូវផ្តល់ទៅឲ្យស៉ីរី ដែលជាផ្នែកមួយនៃការចែករំលែកមនុស្សធម៌ និងបងប្អូនរួមសាសនា។

គួរបញ្ជាក់ថា អាហ្វហ្កានីស្ថានក៏កំពុងស្ថិតក្នុងវិបត្តិសេដ្ឋកិច្ច និងមនុស្សធម៌ធ្ងន់ធ្ងរផងដែរ ដែលជាទីតាំងនៃកម្មវិធីជំនួយមនុស្សធម៌ដ៏ធំបំផុតមួយ របស់អង្គការសហប្រជាជាតិ។ ចាប់តាំងពីក្រុមតាលីបង់បានឡើងកាន់អំណាចនៅឆ្នាំ២០២១ ក៏នាំមានការអនុវត្តទណ្ឌកម្មលើវិស័យធនាគាររបស់ខ្លួន ហើយមិនទាន់មានប្រទេសណាមួយ ទទួលស្គាល់រដ្ឋាភិបាលនេះជាផ្លូវការទេ៕