(ព្យុងយ៉ាង)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកូរ៉េខាងជើង បានរាយការណ៍នៅថ្ងៃពុធនេះថា ប្រមុខដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបន្តអំពាវនាវឱ្យ ពង្រឹងកម្លាំងយោធាបន្ថែមទៀត ក្នុងឱកាសដែលលោកបានរៀបចំពិធីជប់លៀង ដើម្បីបង្ហាញការកោតសរសើរចំពោះកងទ័ព ចំគ្រាដែលមានការរំពឹងថា ព្រឹត្តិការណ៍ព្យុហយាត្រាយោធាធំមួយ អាចនឹងត្រូវប្រារព្ធឡើងនៅទីក្រុងព្យុងយ៉ាង ក្នុងសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៣។

ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានឱ្យដឹងថា លោក គីម បានចូលរួមពិធីជប់លៀងខាងលើ ជាមួយភរិយានិងកូនស្រីរបស់លោក កាលពីថ្ងៃអង្គារ ដើម្បីអបអរឱកាសគម្រប់ខួបឆ្នាំទី៧៥ នៃការបង្កើតកងទ័ពប្រជាជនកូរ៉េ (KPA)។ ក្នុងសុន្ទរកថាមួយកំលុងពេលនោះ លោក គីម ជុងអ៊ុន បានថ្លែងដូច្នេះថា «ដើម្បីពង្រឹងនិងអភិវឌ្ឍកងកម្លាំងប្រដាប់អាវុធរបស់យើង ចូរយើងទាំងអស់គ្នាបង្កើនកិច្ចប្រឹងប្រែងទ្វេដង ហើយខិតខំកាន់តែខ្លាំងថែមទៀតដើម្បីជំរុញឱ្យ​មាតុប្រទេសសង្គមនិយមរបស់យើង បន្តទទួលបានការអភិវឌ្ឍប្រកបដោយវិបុលភាព»។ កាលពីដើមសប្តាហ៍នេះ លោក គីម ទើបតែបានបង្ហាញការប្តេជ្ញា ពង្រីកការធ្វើសមយុទ្ធយោធា និងពង្រឹងជំហរត្រៀមលក្ខណៈសម្រាប់សង្រ្គាម របស់កូរ៉េខាងជើង ដែលជាប្រទេសមួយមានអាវុធនុយក្លេអ៊ែរ នៅក្នុងដៃ។

គួរបញ្ជាក់ថា យោងតាមរូបភាពពីផ្កាយរណប គឺកងទ័ពកូរ៉េខាងជើងបាននិងកំពុងហាត់សមរយៈពេលរាប់ខែមកហើយ សម្រាប់អ្វីដែលក្រុមអ្នកវិភាគអន្តរជាតិជឿជាក់ថា ជាការធ្វើព្យុហយាត្រាយោធាទ្រង់ទ្រាយធំមួយ ដែលអាចនឹងកើតមានឡើងក្នុងសប្តាហ៍នេះ។ ជាទូទៅព្យុហយាត្រាយោធាបែបនេះ តែងត្រូវប្រារព្ធ​ឡើងនៅទីលានគីម អ៉ីលស៊ុល ក្នុងរដ្ឋធានីព្យុងយ៉ាង ហើយជារឿយៗត្រូវបានប្រើប្រាស់ ដើម្បីបង្ហាញសព្វាវុធថ្មីៗ រួមមានទាំងគ្រាប់មីស៉ីលផ្លោង ដែលរចនា​ឡើងសម្រាប់ផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ។ ព្រឹត្តិការណ៍ព្យុហយាត្រាយោធា៤លើកចុងក្រោយ របស់កូរ៉េខាងជើង គឺត្រូវបានប្រារព្ធឡើងកំលុងពេលមេឃងងឹត៕