(កៀវ)៖ សេចក្តីថ្លែងការណ៍រួមនៅថ្ងៃអង្គារសប្តាហ៍នេះ បានឲ្យដឹងថា ប្រទេសដាណឺម៉ាក អាល្លឺម៉ង់ និងហូឡង់ នឹងប្រមូលមូលនិធិដើម្បីជួសជុលរថក្រោះប្រយុទ្ធប្រភេទ Leopard 1 យ៉ាងហោចណាស់ ១០០គ្រឿង ចេញពីឃ្លាំងស្តុកអាវុធរបស់ខ្លួនសម្រាប់ផ្គត់ផ្គង់ដល់អ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៣។

ការិយាល័យរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន បានឲ្យដឹងថា លោក អូឡេកស៉ី រ៉េសនីកូវ បានជួបជាមួយរដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក បូរីស ពីទូរូស (Boris Pistorius) ក្នុងដំណើរទស្សនកិច្ចដែលមិនប្រកាសជាមុនទៅកាន់ទីក្រុងកៀវ ដោយនៅក្នុងជំនួបនោះ លោក ពីទូរូស បាននិយាយថា រថក្រោះចន្លោះពី២០ ទៅ២៥គ្រឿង នឹងមកដល់អ៊ុយក្រែននៅរដូវក្តៅ ប្រហែល៨០គ្រឿងមកដល់នៅចុងឆ្នាំ២០២៣។ ចំណែក១០០គ្រឿងទៀត នឹងមកដល់នៅឆ្នាំ២០២៤។

នៅក្នុងទីក្រុងវ៉ាស៉ីនតោន លោក រ៉ូបឺត ហាបិក (Robert Habeck) អធិការបតីរងអាល្លឺម៉ង់ បាននិយាយថា ខណៈអ៊ុយក្រែនគួរតែមានចំនួនរថក្រោះ Leopard 1 ដែលផលិតដោយអាល្លឺម៉ង់ខ្ទង់២០០គ្រឿងនោះ សម្រាប់ត្រីមាសទី១ វាមិនច្បាស់ទេថារថក្រោះចំនួន ១៧៨គ្រឿងដែលប្រទេសរបស់លោកបានអនុញ្ញាត នឹងត្រូវបញ្ជូនទៅកាន់ទីណាទេ។ យ៉ាងនេះក្តី សេចក្តីថ្លែងការណ៍រួមអំពីផែនការរបស់ដាណឺម៉ាក អាល្លឺម៉ង់ និងហូឡង់ បញ្ជាក់ថា អ៊ុយក្រែននឹងទទួលបានរថក្រោះ Leopard 1 រថក្រោះ A5 យ៉ាងហោចណាស់ ១០០គ្រឿង ក្នុងរយៈពេលប៉ុន្មានខែខាងមុខទៀត រួមទាំងការបណ្តុះបណ្តាល ជំនួយផ្នែកដឹកជញ្ជូន គ្រឿងបន្លាស់ និងកញ្ចប់គ្រាប់រំសេវ ផងដែរ។

គួរបញ្ជាក់ថា ចំណាក់ការថ្មីនេះធ្វើឡើងតាមការអនុញ្ញារបស់រដ្ឋាភិបាលអាល្លឺម៉ង់ កាលពីខែមករា ចំពេលកើនឡើងសម្ពាធពីអន្តរជាតិ ដើម្បីបញ្ជូនរថក្រោះប្រយុទ្ធ Leopard 2 ចេញពីឃ្លាំងស្តុកយោធា ទៅឲ្យអ៊ុយក្រែនប្រើប្រាស់ក្នុងសមរភូមិជាមួយរុស្ស៉ី៕