(អ៊ីស្តង់ប៊ុល)៖ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan នៅថ្ងៃអង្គារ ទី៧ ខែកុម្ភៈនេះ បានប្រកាសថា ខេត្តចំនួន ១០នៅភាគខាងត្បូងប្រទេសតួកគី ដែលរងផលប៉ះពាល់ដោយគ្រោះរញ្ជួយដីដ៏បំផ្លិចបំផ្លាញ ជាតំបន់គ្រោះមហន្តរាយ និងបានដាក់ក្នុងគ្រាអាសន្នរយៈពេលបីខែ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣។

លោក Erdogan បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា «យើងបានសម្រេចចិត្តប្រកាសភាពអាសន្នដើម្បីធានាថា ការងារ (ជួយសង្គ្រោះ និងការស្តារឡើងវិញ) របស់យើង អាចត្រូវបានអនុវត្តយ៉ាងឆាប់រហ័ស»

ទន្ទឹមគ្នានេះ លោកបានឲ្យដឹងទៀតថា រហូតមកទល់ពេលនេះមានប្រទេសចំនួន ៧០ហើយ បានផ្តល់ជំនួយក្នុងប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ ហើយប្រទេសតួកគីគ្រោងនឹងដាក់ឲ្យប្រើប្រាស់សណ្ឋាគារជាច្រើន នៅក្នុងមជ្ឈមណ្ឌលទេសចរណ៍ភាគខាងលិច នៃទីក្រុង Antalya ដើម្បីធ្វើជម្រកស្នាក់នៅបណ្តោះអាសន្ន របស់ប្រជាជនដែលរងផលប៉ះពាល់ដោយការរញ្ជួយដី។

ប្រធានាធិបតីតួកគីរូបនេះបានគូសបញ្ជាក់ថា ចំនួនអ្នកស្លាប់នៅក្នុងប្រទេសតួកគីបានកើនឡើងដល់ ៣,៥៤៩នាក់៕