(ហុងកុង)៖ ចាប់ពីថ្ងៃទី៦ខែកុម្ភៈតទៅ ហុងកុងនិងចិនដីគោកបានសម្រេចការចេញចូលដែនដោយគ្រប់ជ្រុងជ្រោយ។ គ្រប់ច្រកទ្វារឆ្លងដែនរវាងចិនដីគោកនិងហុងកុងនឹងមិនមានការកំណត់ចំនួនមនុស្សនោះទេ ហើយក៏មិនចាំបាច់ណាត់ទុកជាមុនផងដែរ។ ទីភ្នាក់ងារសារព័ត៌មានBloombergបានចេញផ្សាយថា នេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ហុងកុង ក្នុងការស្តារឡើងវិញនូវសេដ្ឋកិច្ចនិងអាជីវកម្មទេសចរណ៍។ ពាក់ព័ន្ធនឹងព័ត៌មានថ្មីៗដែលថាហុងកុងគ្រោងនឹងចែកសំបុត្រយន្តហោះ ដោយឥតគិតថ្លៃចំនួន៧សែនសន្លឹះដល់ភ្ញៀវទេសចរពិភពលោកនិងអ្នករស់នៅក្នុងតំបន់នោះ អ្នកទាំងអស់គ្នាពិតជាមានអារម្មណ៍យ៉ាងជាក់ស្តែងថា ដូចពាក្យសម្តីរបស់មន្ត្រីរដ្ឋបាលនៃតំបន់រដ្ឋបាលពិសេសហុងកុងដែលបាននិយាយថា ទីក្រុងអន្តរជាតិនេះបាន"វិលត្រឡប់មកវិញហើយ"។ មតិអន្តរជាតិបានកត់សម្គាល់ថា នៅពេលអនាគត ហុងកុងនឹងពង្រីកឧត្តមភាពពិសេសរបស់ខ្លួនឱ្យបានកាន់តែប្រសើរឡើង ក្នុងការតភ្ជាប់ចិនដីគោកនិងតំបន់ដទៃទៀតនៃពិភពលោក។

ក្នុងមួយរយៈពេលកន្លងទៅ ការរាតត្បាតនៃជំងឺកូវីដ១៩ បានជះឥទ្ធិពលយ៉ាងខ្លាំងក្លាដល់សេដ្ឋកិច្ចហុងកុង។ នៅថ្ងៃទី១ខែកុម្ភៈ ការិយាល័យស្ថិតិនៃរដ្ឋបាលតំបន់រដ្ឋបាលពិសេសហុងកុងបានប្រកាសតួលេខ ដែលប៉ាន់ប្រមាណជាមុនថា បើប្រៀបធៀបនឹងឆ្នាំ២០២១ តំលៃសរុបនៃផលិតផលក្នុងតំបន់ហុងកុងនៅឆ្នាំ២០២២បានធ្លាក់ចុះ ៣.៥ភាគរយដោយពិតប្រាកដ។យោងតាមទិន្នន័យដែលចេញផ្សាយ កាលពីមុនដោយនាយកដ្ឋានអភិវឌ្ឍទេសចរណ៍ហុងកុងបង្ហាញឱ្យឃើញថា នៅឆ្នាំ២០២២ ហុងកុងមានអ្នកទេសចរត្រឹមតែ៦សែន៤ពាន់៦រយនាក់តែប៉ុណ្ណោះ គឺបានធ្លាក់ចុះយ៉ាងខ្លាំងក្លាបើប្រៀបធៀបនឹងពេលមុនការរាតត្បាតនៃជំងឺកូវីដ១៩។

ស្របពេលដែលប្រទេសចិនកែសម្រួលគោលនយោបាយ បង្ការការរាតត្បាតនៃជំងឺកូវីដ១៩ និងការប្រែប្រួលនៃស្ថានភាពការរាតត្បាតនៃជំងឺកូវីដ១៩ ហុងកុងនិងចិនដីគោកបានសម្រេចការចេញចូលដែន ដោយគ្រប់ជ្រុងជ្រោយនៅទីចុងបំផុត។ នេះជាការរំពឹងទុករបស់ប្រជាពលរដ្ឋហុងកុងសម្រាប់ ការស្តារឡើងវិញនៃសេដ្ឋកិច្ច។ ថ្ងៃទី៥ខែកុម្ភៈ លោកChenMaoboប្រធាននាយកដ្ឋានហិរញ្ញវត្ថុ នៃរដ្ឋបាលតំបន់រដ្ឋបាលពិសេសហុងកុង បានចេញផ្សាយអត្ថបទថា អាចប៉ាន់ប្រមាណថា គ្រប់សកម្មភាពផ្លូវការ ពាណិជ្ជកម្ម ទេសចរណ៍និងសកម្មភាពសេដ្ឋកិច្ចផ្សេងទៀត នឹងដំណើរការឡើងវិញក្នុងពេលឆាប់ៗ ហើយបុគ្គលិកឆ្លងដែននិងការទៅមកនៃការដឹកជញ្ជូនទំនិញ មានសង្ឃឹមកើនឡើងជាលំដាប់ ដែលនឹងជំរុញការនាំចេញការដឹកជញ្ជូនទំនិញ ទេសចរណ៍ អាជីវកម្មលក់រាយ និងអាជីវកម្មភោជនីយដ្ឋាននៃហុងកុង ព្រមទាំងនាំមកនូវបរិយាកាសនិងការរំពឹងទុកកាន់តែវិជ្ជមាននិ ងសុទិដ្ឋិនិយមដល់សេដ្ឋកិច្ចទាំងមូលនៃហុងកុង។ ថ្ងៃទី៣ខែកុម្ភៈ ប្រព័ន្ធសារព័ត៌មានCNNអាមេរិកបានដកស្រង់របាយការណ៍របស់ អ្នកវិភាគនៃក្រុមហ៊ុនGoldmanSachsចង្អុលបង្ហាញថា តាមការប៉ាន់ប្រមាណ អត្រាកំណើននៃសេដ្ឋកិច្ចហុងកុងឆ្នាំ២០២៣ នឹងឈានដល់៣.៥ភាគរយ។

ពិភពលោកយកចិត្តទុកដាក់ចំពោះហុងកុង គឺមកពីហុងកុងជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ ដឹកជញ្ជូន និងពាណិជ្ជកម្មអន្តរជាតិ ដែលជាបង្អួចសម្រាប់"នាំចូល"និងជាស្ពានសម្រាប់"ចេញក្រៅ"នៃចិនដីគោក។ បើសេដ្ឋកិច្ចហុងកុងដំណើរការបានល្អនោះ ពិភពលោកក៏មានឱកាសកាន់តែច្រើនផងដែរ។

ឥឡូវនេះ ដំណឹងល្អនៅតែបន្តមកដល់។ យោងតាមរបាយការណ៍ដែលចេញផ្សាយដោយអង្គការStandard & Poor'sនាពេលថ្មីបំផុតលើពិភពលោកបង្ហាញឱ្យឃើញថា សន្ទស្សន៍អ្នកគ្រប់គ្រងការបញ្ជាទិញផលិតកម្ម (PMI)របស់ហុងកុងនៅខែមករាឆ្នាំ២០២៣បានកើនឡើងដល់៥១.២ ដោយត្រឡប់មកចន្លោះពង្រីកវិញជាលើកដំបូងចាប់តាំងពីខែសីហាឆ្នាំ២០២២មក។ ស្របពេលដែលសម្រេចបាននូវការចេញចូលដែនដោយគ្រប់ជ្រុងជ្រោយ ហុងកុងនឹងចូលរួមកាន់តែសកម្មនៅក្នុងការសាងសង់ មហាតំបន់ឈូងសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវ ប្រើប្រាស់ដោយពេញលេញនូវចន្លោះអភិវឌ្ឍន៍ដែលនាំមកដោយ"ផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៤" ធ្វើជា"អ្នកទំនាក់ទំនងកំពូលផុតលេខ"ឱ្យបានល្អ។ នេះមិនត្រឹមតែធ្វើឱ្យហុងកុងទទួលបាននូវកម្លាំងចលករអភិវឌ្ឍន៍កាន់តែធំតែប៉ុណ្ណោះទេ ថែមទាំងក៏នាំមកនូវឱកាសឈ្នះ-ឈ្នះកាន់តែច្រើនដល់ពិភពលោកផងដែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន