(អង់ការ៉ា)៖ ប្រធានាធិបតីតួកគី លោក រេសិប តាយីប អឺដូហ្កាន់ (Recep Tayyip Erdogan) បានប្រកាសកាន់ទុក្ខនៅទូទាំងប្រទេសទុករយៈពេល៧ថ្ងៃ ខណៈស៉ីរីបានដង្ហោយសុំជំនួយពីអង្គការសហប្រជាជាតិ បន្ទាប់ពីគ្រោះមហន្តរាយរញ្ជួយដី ដែលបានផ្តាច់ជីវិតមនុស្សកើនដល់លើស ៥,០០០នាក់ ហើយ​ផ្តួលរំលំអគាររាប់ពាន់ខ្នង នៅពាសពេញតំបន់ភាគអាគ្នេយ៍ប្រទេសតួកគី រួមទាំងតំបន់ភាគខាងជើងប្រទេសស៉ីរី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៣។

អនុប្រធានាធិបតីតួកគី លោក ហ្វូអាត អូកតេ (Fuat Oktay) បានឱ្យដឹងនៅរសៀលថ្ងៃអង្គារនេះថា តួលេខអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីកម្រិត៧.៨រ៉ិចទ័រ ដែលបានវាយប្រហារកាលពីវេលា​ទាបភ្លឺថ្ងៃចន្ទសប្តាហ៍នេះ បានបន្តកើនឡើងដល់ ៣,៤១៩នាក់ នៅក្នុងប្រទេសតួកគី។ ចំណែកតួលេខអ្នករងរបួសគឺជិត២០,៥០០នាក់ ហើយអគារជាង ៥,៧០០ខ្នង ត្រូវបានបំផ្លិចបំផ្លាញ។ រី​ឯនៅស៉ីរីឯណោះវិញ ដែលជាប្រទេសត្រូវបានហែកហួរដោយសង្រ្គាមស៉ីវិលអស់រយៈពេល១២ឆ្នាំមកនេះ ហើយរងគ្រោះនូវវិបត្តិជនភៀសខ្លួនថែមទៀតនោះ គឺមានចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដី កើនដល់យ៉ាងហោច ១,៦០២នាក់ និងរបួសប្រហែល៣,៥០០នាក់ បើតាមយោងតាម​ទិន្នន័យពីក្រសួងសុខាភិបាលស៉ីរី ហើយនិងអង្គការជួយសង្រ្គោះ White Helmets។ អន្តរជាតិកំពុងប្រញាប់ប្រញាល់ផ្តល់ជំនួយ ហើយបញ្ជូនក្រុមរុករកនិងសង្រ្គោះ​ ដើម្បីជួយប្រទេសទាំងពីរ។

គួរបញ្ជាក់ថា យោងតាមទីភ្នាក់ងារតាមដានគ្រោះរញ្ជួយដីអាមេរិក USGS ចំណុចរំញ័ររបស់គ្រោះរញ្ជួយដីខាងលើ ស្ថិតនៅក្បែរទីក្រុងមួយឈ្មោះ ហ្កាហ្សៀនតិប (Gaziantep) របស់តួកគី ដែលមានមនុស្សរស់នៅប្រហែល២លាននាក់ ហើយវាមានជម្រៅប្រហែល១៨គីឡូម៉ែត្រក្រោមផ្ទៃដី។ ប៉ុន្មានម៉ោង​ពីគ្នា ក៏មានរញ្ជួយដីធំមួយទៀតកម្រិត ៧.៦រ៉ិចទ័រកើតឡើងផងដែរ។ លើកចុងក្រោយបំផុត ដែលគ្រោះរញ្ជួយដីកម្រិត ៧.៨រ៉ិចទ័រ បានវាយប្រហារចំម្តុំតំបន់នេះ គឺកាលពីឆ្នាំ១៩៣៩ ដែលបានសម្លាប់មនុស្សរហូតដល់៣៣,០០០នាក់ នៅក្នុងប្រទេសតួកគី។