(កង់បេរ៉ា)៖ អាជ្ញាធររដ្ឋអូស្រ្តាលីបានឱ្យដឹងនៅថ្ងៃអង្គារនេះថា ពីឡុតទាំង២នាក់ ដែលជាមនុស្សតែ២នាក់គត់ ដែលមានវត្តមាននៅលើយន្តហោះ បានរួចរស់ជីវិតដោយត្រឹមរងរបួសស្រាល បន្ទាប់ពីយន្តហោះពន្លត់អគ្គិភ័យខ្នាតធំមួយគ្រឿងប្រភេទ Boeing 737 បានធ្លាក់នៅតំបន់ឧទ្យានជាតិក្បែរក្រុងមួយ នៅបណ្តោយឆ្នេរភាគខាងត្បូងនៃរដ្ឋអូស្រ្តាលីខាងលិច។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៣។

យន្តហោះ Boeing 737 Fireliner ខាងលើ ដែលជាយន្តហោះស៉ីវិលមួយគ្រឿង ត្រូវបានកែច្នៃទៅជាយន្តហោះពន្លត់អគ្គិភ័យ ហើយធ្វើប្រតិបត្តិការដោយ ក្រុមហ៊ុនឯកទេសពន្លត់អគ្គិភ័យពីលើផ្ទៃអាកាស ខូលសុន អេវីអេសិន (Coulson Aviation) បានធ្លាក់នៅតំបន់ឧទ្យានជាតិហ្វីតចឺរ៉ាល់រីវើ (Fitzgerald River National Park) មានចម្ងាយប្រហែល៤៦០គីឡូម៉ែត្រពីភាគអាគ្នេយ៍នៃទីក្រុងផឺស (Perth) ដែលជារដ្ឋធានីរបស់រដ្ឋអូស្រ្តាលីខាងលិច កាលពីវេលាម៉ោងខ្ទង់ ០៤៖៤០នាទីរសៀលថ្ងៃចន្ទសប្តាហ៍នេះ។

គួរបញ្ជាក់ថា យន្តហោះពន្លត់អគ្គិភ័យនោះ បានចាកចេញពីព្រលានយន្តហោះ ប៊ូសេលតុន-ម៉ាហ្ការែត រីវើ (Busselton-Margaret River) នៅវេលាម៉ោង ០៣៖២៥នាទីរសៀល ដើម្បីឆ្លើយតបចំពោះសេចក្តីរាយការណ៍ អំពីគ្រោះអគ្គិភ័យស្ថិតនៅក្បែរក្រុង ហូបធូន (Hopetoun)។ បើទោះបីជាយន្តហោះបានផ្ទុះឆាបឆេះ ចេញផ្សែងខ្មៅទ្រលោមក៏ដោយ ពីឡុតទាំង២នាក់មិនបានបាត់បង់ជីវិត ឬទទួលរងគ្រោះថ្នាក់ធ្ងន់ធ្ងរ់ឡើយ ដោយពួកគេមានរបួសបន្តិចបន្តួច ហើយត្រូវបាន​ជួយសង្រ្គោះចេញពីកន្លែងធ្លាក់យន្តហោះ តាមឧទ្ធម្ភាគចក្រ៕