(វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិក និងចិនកំពុងមានទំនាស់គួរឱ្យព្រួយបារម្ភមួយ ជុំវិញរឿងបាល់ឡុងបង្ហោះរបស់ចិនដែលសហរដ្ឋអាមេរិកបាញ់ទម្លាក់។ ចិននិយាយថា បាល់ឡុងនោះ គឺជាឧបករណ៍ស៊ីវិលប្រើប្រាស់ក្នុងគោលដៅបំរើកិច្ចការអាកាសធាតុ និងឧតុនិយម។ ចិនចង់ឱ្យសហរដ្ឋអាមេរិក ធ្វើកិច្ចការស្រាវជ្រាវលើការចោទប្រកាន់នោះរួមគ្នា ប៉ុន្តែសហរដ្ឋអាមេរិកបានបាញ់ទម្លាក់បាល់ឡុងនោះទៅហើយ ដែលបង្កឱ្យការលំបាកជុំវិញការធ្វើកិច្ចការស្រាវជ្រាវរួមគ្នារកការពិត។ ប្រទេសចិនបានប្តេជ្ញាថា នឹងធ្វើសកម្មភាពតបតប្រហាក់ប្រហែលគ្នាវិញដាក់លើសហរដ្ឋអាមេរិក បន្ទាប់ពីសហរដ្ឋអាមេរិកបានបាញ់កម្ទេចបាឡុងស៊ីវិលចិន ដែលហោះខុសគោលដៅអណ្តែតចូលក្នុងលំហរអវកាសរបស់សហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិកបានបាញ់ទម្លាក់បាឡុងអាកាសចិនហោះក្នុងកម្ពស់៦ម៉ឺនហ្វីត ឬប្រមាណជាង១៨គីឡូម៉ែត្រ កាលពីថ្ងៃសៅរ៍ ទី៤ ខែកុម្ភៈ បន្ទាប់ពីបាឡុងដ៏ធំដែលមានទំហំធំប្រមាណ៣ដងនៃរថយន្តក្រុងនោះ បានហោះរសាត់ចេញផុតពីដែនគោកដែលមានមនុស្សរស់នៅកុះករ ចូលមកក្នុងដែនសមុទ្ទនៃលំហអវកាសក្បែរដ្ឋ South Carolina ។ ប្រទេសចិនបានថ្លែងថា ការដែលបាឡុងរបស់ខ្លួនបានហោះខុសគោលដៅនោះ គឺដោយសារតែអាកាសធាតុប្រែប្រួលដែលគេមិនអាចគ្រប់គ្រងបាន ប៉ុន្តែសហរដ្ឋអាមេរិកនៅតែប្រកាន់ខ្ជាប់នូវការចោទរបស់ខ្លួន ដោយនិយាយថាវាជាបាល់ឡុងប្រើប្រាស់ក្នុងចារកម្មយោធា។

*តើបាល់ឡុងរបស់ចិនពិតជាបាល់ឡុងបំរើគោលដៅយោធារបស់ចិនមែនដែរឬទេ?

ភាពមិនទាន់រឹងមាំនៃទំនាក់ទំនងរវាងចិននិងសហរដ្ឋអាមេរិក បានធ្វើឱ្យទំនាស់ក្នុងរឿងបាល់ឡុងអាកាសនេះ កាន់តែធ្វើឱ្យទំនាក់ទំនងរវាងគ្នាកាន់ធ្លាក់ចុះកាន់តែខ្លាំងថែមទៀត។ ប៉ុន្តែរឿងបាឡុងដែលរសាត់ខុសគោលដៅដោយសារអាកាសធាតុនេះ ត្រូវគេធ្វើកំណត់ត្រារកឃើញថាវាមិនមែនទើបតែលើកទី១នោះទេ ប៉ុន្តែហេតុអ្វីបានជាបាល់ឡុងហោះហើរខុសគោលដៅលើកនេះ ទទួលបានការបាញ់ទម្លាក់ទៅវិញ? កន្លងមកការស៊ើបការណ៍ចារកម្មយោធាសម្ងាត់របស់ចិនក្តី ឬសហរដ្ឋអាមេរិកក្តី គឺតែងប្រើប្រាស់ប្រព័ន្ធផ្កាយរណបដែលផ្តល់រួបភាពច្បាស់លាស់ពីលើអាកាស ប៉ុន្តែការចោទថាបាឡុងអាកាសរបស់ចិនបានបំរើគោលដៅយោធានេះ ត្រូវបានក្រសួងការបរទេសចិនបានថ្កោលទោសយ៉ាងខ្លាំងក្លា។ ប្រទេសចិនបានថ្លែងថា បាឡុងអាកាសរបស់ក្រុមស្រាវជ្រាវឧតុនិយមរបស់ខ្លួន បានធ្វើដំណើររសាត់ខុសគោលដៅរបស់វា និងបាឡុងនោះមិនមែនជាបាឡុងដែលបំរើលើគោលដៅយោធាអ្វីនោះឡើយ។ មន្ត្រីក្រសួងការបរទេសចិនបានថ្លែងរំពឹងនៅមុនការបាញ់ទម្លាក់នោះ ថា សហរដ្ឋអាមេរិក និងប្រទេសចិននឹងដោះស្រាយបញ្ហានេះបានដោយរក្សាបាននូវភាព អត់ធ្មត់។

មន្ត្រីនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានថ្លែងថាគេបានដឹងនិងកំពុងស្វែងបញ្ជាក់អំពីស្ថានការណ៍នោះ។ មន្ត្រីនាំពាក្យចិនបានបន្តថា រហូតទាល់តែមានការពិតមកបញ្ជាក់ច្បាស់លាស់ ការនិយាយស្មានៗនិងមានលក្ខណៈបំផ្លើសនោះ នឹងមិនអាចជួយដោះស្រាយស្ថានការណ៍បានល្អឡើយ។ ស្ត្រីនាំពាក្យចិនបាននិយាយថាប្រទេសចិនជាប្រទេសដែលមានការទទួលខុសត្រូវ និងតែងតែប្រកាន់ខ្ជាប់នូវការគោរពច្បាប់អន្តរជាតិ និងថាចិនគ្មានបំណងក្នុងការរំលោភបំពានប្រទេសដទៃ ឬដែនអាកាសប្រទេសណាមួយនោះឡើយ។ ស្ត្រីនាំពាក្យដដែលបញ្ជាក់ថាពាក់ព័ន្ធនឹងរឿងបាល់ឡុងនោះ គឺគេកំពុងតែស្ថិតក្នុងដំណើរការបញ្ជាក់អំពីស្ថានភាពទាំងនេះ និងរំពឹងថាភាគីទាំង២អាចធ្វើការក្នុងរឿងនេះជាមួយគ្នា ដោយភាពស្ងៀមស្ងាត់និងការប្រុងប្រយ័ត្នខ្ពស់បំផុត។ ប៉ុន្តែពេលនេះ ក្តីរំពឹងថាចិននិងសហរដ្ឋអាមេរិក ធ្វើកិច្ចការនេះជាមួយគ្នាដើម្បីស្វែងរកការពិតនោះបានរលាយអស់ហើយ ក្រោយការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកដែលបាញទម្លាក់បាល់ឡុងនោះ កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣។

យោងតាមការតាមដាននៃប្រព័ន្ធផ្កាយរណប បាឡុងនោះបានហោះចូលក្នុងលំហអវកាសអាមេរិកដំបូង នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ មកលើរដ្ឋអាឡាស្កា និងបន្តរសាត់ចូលក្នុងលំហអវកាសរបស់កាណាដាប្រមាណ៣ថ្ងៃ មុននឹងបានហោះរសាត់មកលំហអវកាសរបស់សហរដ្ឋអាមេរិកវិញ។ នៅថ្ងៃទី១ ខែកុម្ភៈឆ្នាំ២០២៣ បាឡុងអាកាសចិនដដែលនោះ ត្រូវបានគេប្រទះឃើញហោះចូលមកក្នុងលំហអវកាសលើរដ្ឋ Montana របស់សហរដ្ឋអាមេរិក។ ប៉ុន្តែសហរដ្ឋអាមេរិកមិនទាន់បានចាត់វិធានការបាញ់ទម្លាក់ឡើយ ដោយសារបារម្ភខ្លាចក្រែងមានបំណែកបានធ្លាក់មកលើតំបន់ដែលមានពលរដ្ឋរស់នៅច្រើនកុះករ។ សហរដ្ឋអាមេរិក ខណៈដែលបាឡុងកំពុងអណ្តែតក្នុងលំហរអវកាសច្រើនថ្ងៃនោះ បាននិយាយថា បាឡុងនោះនឹងមិនមានហានិភ័យអ្វីបង្កជាគ្រោះថ្នាក់ដល់សន្តិសុខពលរដ្ឋឡើយ ប៉ុន្តែបានបន្តការតាមដានភាពវិវត្តន៍របស់វា។ រហូតនៅថ្ងៃទី៤ ខែកុម្ភៈ គ្រាដែលបាឡុងនោះបានរសាត់ចេញមកលំហអវកាសស្រឡះ ក្នុងទីដែនសាគរនៃមហាសមុទ្ទអត្លង់ទិក ផុតពីតំបន់ពលរដ្ឋដែលរស់នៅប្រមាណ១១គីឡូម៉ែត្រ វាត្រូវបានបាញ់ទម្លាក់ក្រោយការទទួលបទបញ្ជា

លោក ចូ បៃដិន បានថ្លែងថា «កាលពីថ្ងៃពុធកន្លងមកនេះនៅពេលដែលលោកបានដឹងថា មានបាឡុងបានហោះចូលមកក្នុងដែនអវកាសអាមេរិកភ្លាម លោកបានដាក់បទបញ្ជាឱ្យក្រសួងការពារជាតិអាមេរិក ត្រូវធ្វើការបាញ់ទម្លាក់ភ្លាមៗពេលណាដែលអាចធ្វើបាន»។ លោក ចូ បៃដិន បានថ្លែងថា «ក្រសួងការពារជាតិបានសម្រេចថា នឹងមិនធ្វើការបាញ់ទម្លាក់នោះដោយបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ដែលនៅលើដីឡើយ»។ លោកបានថ្លែងថា ពេលនេះគេបានជោគជ័យក្នុងការបាញ់ទម្លាក់ហើយ និង លោក ចូបៃដិន បានថ្លែងថា លោកចង់ថ្លែងកោតសរសើរដល់ក្រុមយានអាកាសដែលបានធ្វើកិច្ចការនេះ។ លោក ចូ បៃដិន បានបញ្ជាក់ថា «គេនឹងមានសេចក្តីរាយការណ៍អំពីរឿងនេះជាបន្តថែមទៀត»
ខណៈដែលបាឡុងត្រូវបានបាញ់ទម្លាក់ជាមួយនឹងការសង្ស័យថា ជាបាឡុងបង្ហោះការធ្វើចារកម្មស៊ើបការណ៍យោធានោះ ក្រុមជំនាញអាមេរិកកំពុងធ្វើកិច្ចការប្រមូលបំណែកនានា ដែលបានធ្លាក់មកលើទឹកនិងក្រោមទឹកសមុទ្ទ ដើម្បីយកមកធ្វើការវិភាគទិន្នន័យ។ សហរដ្ឋអាមេរិក បានថ្លែងចោទថាបាឡុងនោះ បានហោះពីលើក្នុងការស៊ើបលើទីតាំងយោធាសំខាន់ៗរបស់ សហរដ្ឋអាមេរិក ក្នុងនោះរួមមានទាំងលើមូលដ្ឋាន Malmstrom Air Force Base ក្នុងរដ្ឋម៉ុងតា ណាផងដែរ។ មូលដ្ឋាន Malmstrom Air Force Base គឺជាសាខានៃសាខាទី៣៤១ដែលប្រតិ បត្តិការមីស៊ីលបាលីស្ទីកឆ្លងទ្វីបនុយក្លេអ៊ែ័រ The 341st Missile Wing, which operates nuclear intercontinental ballistic missiles ។

ខណៈដែលសហរដ្ឋអាមេរិកនៅតែដាក់ការសង្ស័យថា បាឡុងអាកាសរបស់ចិននោះគឺជាបាឡុងប្រើប្រាស់ក្នុងការស៊ើបការណ៍សម្ងាត់យោធា ប្រទេសចិនបានថ្លែងបញ្ជាក់ម្តងហើយម្តងទៀត នូវការអះអាងវាជាបាឡុងដែលបំរើគោលដៅស៊ីវិលបំរើសង្គមផ្នែកឧតុនិយមតែប៉ុណ្ណោះ។ នៅជាមួយគ្នានេះផងដែរ គេបានរកឃើញបាឡុងអាកាសរបស់ចិន២ដទៃទៀត ដែលហោះខុសគន្លងរបស់វា និងបាល់ឡុង២ដទៃទៀតនោះ ត្រូវបានគេប្រទះឃើញនៅលើដែនលំហអវកាសនៃទ្វីបអាមេរិកឡាទីន ក្នុងនោះបាឡុងមួយបានហោះលើដែនអវកាសនៃប្រទេសកូស្តារីកា និងបាឡុងហោះមួយទៀតនៅលើដែនប្រទេសកូឡុមប៊ី ដោយសារតែការហោះខុសនឹងគោលដៅ ក្នុងពេលដែលស្ថានភាពអាកាសធាតុប្រែប្រួល។ ប្រទេសចិន មិនទាន់មានប្រតិកម្មចំពោះបាល់ឡុង២ដទៃទៀតនោះទេ ប៉ុន្តែបានប្រតិកម្មចំពោះទង្វើរបស់សហរដ្ឋអាមេរិក ដែលបានប្រើប្រាស់កម្លាំងបាញ់ដាក់លើបាឡុងអាកាសគ្មានមនុស្សបើកបរ ដែលប្រើប្រាស់សម្រាប់បំរើវិស័យអាកាសធាតុ និងឧតុនិយម។ តាមពិតយោងតាមសារព័ត៌មានចិនកាលពីថ្ងៃសៅរ៍ ប្រធានសេវាឧតុនិយមរបស់ចិនត្រូវបានបញ្ឈប់ពីតំណែងដោយសារករណីនេះ។

លោក Zhuang Guotai ប្រធានការិយាល័យឧតុនិយមជាតិនៃប្រទេសចិន ត្រូវបានគេបណ្តេញចេញពីតំណែងកាលពី ថ្ងៃសៅរ៍ទី៤ ខែកុម្ភៈ ដែលការបណ្តេញនេះបានធ្វើឡើងច្រើនម៉ោង មុននឹងមានការបាញ់ទម្លាក់បាឡុងរបស់ចិនដោយសហរដ្ឋអាមេរិក ប៉ុន្តែទោះបីជាមានការបណ្តេញនោះក៏ដោយ ក៏គេនៅតែមិនអាចបញ្ឈប់សកម្មភាពបាញ់ទម្លាក់បាឡុងស្រាវជ្រាវនោះ ដោយកងកម្លាំងអាកាសរបស់ សហរដ្ឋអាមេរិកបានឡើយ។ យោងតាមកំណត់ត្រាពាក់ព័ន្ធនឹងការរកឃើញការហោះរបស់បាឡុងអាកាសចិន លើទីអវកាសរបស់សហរដ្ឋអាមេរិកក្នុងអតីតកាលត្រូវបាន ស៊ីអិន អិន រៀបរាប់ថា មានយ៉ាងហោចចំនួន៣ដងរូចមកហើយ ក្នុងនោះ២ដងក្នុងជំនាន់លោក ដូ ណាល់ត្រាំ និងម្តងក្នុងជំនាន់របស់លោក បៃដិន។ សំណួរឆ្ងល់មួយនោះគឺថា ហេតុអ្វីបានជាសហរដ្ឋអាមេរិកទើបបានដាក់បញ្ជាឱ្យមានការបាញ់នាពេលនេះ? ហើយការបាញ់ទម្លាក់បាឡុងអាកាសចិន ដែលបំរើកម្មវិធីអាកាសធាតុនោះ ត្រូវបានបាញ់ដោយគ្រាប់មីស៊ីលថែមទៀត កាលពីថ្ងៃទី៤ ខែកុម្ភៈនោះ។ ក្នុងប្រតិកម្មតបទៅវិញ ចិនបានថ្លែងថា គេនឹងមានសិទ្ធិធ្វើដូចគ្នាផងដែរ ចំពោះស្ថានភាពដែលប្រហាក់ប្រហែលគ្នានេះ។ ក្រសួងការពារជាតិនៃប្រទេសចិនបានចេញសេចក្តីថ្លែងការណ៍និយាយថា «កងកម្លាំងអាកាសសហរដ្ឋអាមេរិកបានធ្វើ ការវាយប្រហារដាក់លើយានអវកាសស៊ីវិលរបស់ចិន ដែលគ្មានមនុស្សបើកបរដែលជាអំពើហួសហេតុជ្រុលដ៏ជាក់ស្តែង។ យើងសូមធ្វើការតវ៉ាជំទាស់យ៉ាងឳឡារឹក ប្រឆាំងនឹងទង្វើរបស់ភាគីអាមេរិកនេះ និងសូមរក្សាសិទ្ធិប្រើប្រាស់នូវមធ្យោបាយដូចគ្នានេះវិញ ដើម្បីអនុវត្តក្នុងស្ថានការណ៍ដូចគ្នា»។

ការរកឃើញបាឡុងបង្ហោះនោះ បានបណ្ដាលឲ្យានភាពរកាំរកូសផ្នែកការទូតរវាងប្រទេសចិន និងសហរដ្ឋអាមេរិក។ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក អ៊ែនថូនី ប្ល៊ីងឃិន បានលុបចោលគម្រោងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសចិន ដែលគ្រោងធ្វើឡើងក្នុងចុងសប្ដាហ៍កន្លងមកនេះ។ លោករដ្ឋមន្ត្រីការបរទេសអាមេរិក បានចាត់ទុកការរកឃើញបាល់ឡុងហោះរបស់ចិននេះ គឺជាការរំលោភដែនអាកាសនិងដែនអធិបតេយ្យភាពជាតិរបស់សហរដ្ឋអាមេរិក និងជាការបំពាននឹងច្បាប់របស់អន្តរជាតិ។
មន្ត្រីចិនបានប្រតិកម្មថាអ្វី ដែលបានកើតឡើងនេះ គឺដោយសារតែកត្តាអាកាសធាតុ ដោយសារតែគេមិនអាចគ្រប់គ្រងអាកាសធាតុនោះបានឡើយ។ ភាពរកាំរកូសនេះ បានធ្វើឱ្យមានភាពប្រេះស្រាំនៃទំនាក់ទំនងរវាងការព្យាយាមចង់រំកិលភាពជិតគ្នា រវាងសហរដ្ឋអាមេរិកនិងប្រទេសចិន ជាពិសេសក្រោយពេលដែលមេដឹកនាំសហរដ្ឋអាមេរិក និងប្រទេសចិនបានជួបជជែកគ្នាកន្លងមកក្នុង កិច្ចប្រជុំ G20 ក្នុងក្រុងបាលីនៃប្រទេសឥណ្ឌូណេស៊ីកាលពីខែវិច្ឆិកាឆ្នាំ២០២២។

អតីតនាយសេនាធិការយោធារបស់សហរដ្ឋអាមេរិក លោក Mike Mullen បាននិយាយក្នុងគំនិតរបស់លោកដែលយល់ឃើញថា យោធារបស់ចិនបានបង្ហោះបាឡុងនោះ ក្នុងចេតនាធ្វើយ៉ាងណាដើម្បីកុំឲ្យលោករដ្ឋមន្ត្រីការបរទេសអាមេរិកអែនថូ នី ប្លីងខឹន ធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិនតែប៉ុណ្ណោះ។ នាពេលនេះ ក្រុមជំនាញសហរដ្ឋអាមេរិកកំពុងតែប្រមូលនូវសំណាកនានាដែលធ្លាក់ចុះមកក្នុងសមុទ្ទ ដើម្បីកំណត់ច្បាស់លាស់ថាបាល់ឡុងចិនដែលគេសង្ស័យជាបាល់ឡុងប្រើប្រាស់ ក្នុងចារកម្មយោធានោះមានអ្វីខ្លះ? តើការរកឃើញនាពេលខាងមុខនេះ នឹងអាចនាំឱ្យសហរដ្ឋអាមេរិកនិងចិន នឹងមានការប្រឈមមុខនៃសង្គ្រាមដោយសារតែបាល់ឡុងនេះដែរឬទេ?