(ព្យុងយ៉ាង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានរាយការណ៍ថា មន្ត្រីយោធាកំពូលរបស់កូរ៉េខាងជើងបានសន្យាពង្រីក និងពង្រឹងការធ្វើសមយុទ្ធយោធា ដើម្បីធានាបាននូវការត្រៀមខ្លួនសម្រាប់សង្គ្រាម។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៣។

ការសន្យានេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំនៃគណៈកម្មាការយោធាកណ្តាលរបស់កូរ៉េខាងជើង កាលពីថ្ងៃចន្ទសប្តាហ៍នេះ ក្រោមវត្តមានមេដឹកនាំលោក គីម ជុងអ៊ុន និងមួយសប្តាហ៍ក្រោយពីមានសមយុទ្ធដែនអាកាសរួមគ្នារវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។ របៀបវារៈក្នុងកិច្ចប្រជុំនេះ លើកឡើងអំពីផែនការពង្រីក និងពង្រីកឥតឈប់ឈរនៃប្រតិបត្តិការ និងសមយុទ្ធប្រយុទ្ធរបស់កងទ័ពប្រជាជនកូរ៉េយ៉ាងម៉ឹងម៉ាត់ សម្រាប់ការត្រៀមខ្លួនធ្វើសង្គ្រាម។

កិច្ចប្រជុំនេះក៏ធ្វើឡើងស្របពេលដែលរូបភាពផ្កាយរណបពាណិជ្ជកម្ម បានបង្ហាញពីការរៀបចំក្បួនដង្ហែយ៉ាងធំក្នុងទីក្រុងព្យុងយ៉ាង មុនថ្ងៃឈប់សម្រាកសំខាន់ៗរបស់រដ្ឋ នៅខែកុម្ភៈ នេះផងដែរ។ កូរ៉េខាងជើងនឹងប្រារព្ធខួបនៃការបង្កើតកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន នៅថ្ងៃពុធស្អែកនេះ និងពិធីបុណ្យពន្លឺផ្កាយ (the Shining Star) នៅថ្ងៃទី ១៦ ខែកុម្ភៈ។ ក្រោយមកគឺជាថ្ងៃកំណើតរបស់លោក គីម ជុងអ៉ីល (Kim Jong Il) ដែលជាឪពុករបស់លោក គីម ជុងអ៊ុន។

គួរបញ្ជាក់ថា ទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន បានជំរុញការធ្វើសមយុទ្ធយោធារួមគ្នា ដែលធ្វើឲ្យទីក្រុងព្យុងយ៉ាងមានការខឹងសម្បារ និងមើលឃើញថាសកម្មភាពរបស់ពួកគេ គឺជាការហាត់សមដើម្បីឈ្លានពាន៕