(បូហ្គោតា)៖ មួយថ្ងៃ មុននឹងយោធាអាមេរិក បាញ់ទម្លាក់បាឡុងរបស់ចិនដែលមន្ទីរបញ្ចកោណចោទថាជាបាឡុងស៊ើបការណ៍ យោធានៃប្រទេសកូឡុំប៊ី បានអះអាងពីវត្តមានវត្ថុម្យ៉ាងនៅ លើដែលអាកាសរបស់ខ្លួន ដែលទំនងជាបាឡុងមួយដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៣។

ក្នុងសេចក្ដីថ្លែងការណ៍ខ្លីមួយកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅនេះ (ម៉ោងនៅក្នុងតំបន់) យោធាកូឡុំប៊ី បានបញ្ជាក់ទៀតថាវត្ថុដែលដូចជាបាឡុងខាងលើត្រូវបានប្រទះឃើញនៅក្នុង ដែនអាកាសរបស់ខ្លួនកាលពីព្រឹកថ្ងៃសុក្រ។ យោធាអាមេរិក កាលពីថ្ងៃសុក្រសប្ដាហ៍មុន បានឱ្យដឹងថាបាឡុងចិនបានរសាត់អណ្ដែតនៅដែនអាកាសមួយចំនួននៃតំបន់អាមេរិកឡាទីន តែមិនបានបញ្ជាក់លម្អិតពីទីតាំងនោះទេ។ ចំណែកឯ សេចក្ដីថ្លែងការណ៍របស់យោធាកូឡុំប៊ី ក៏មិនបានលើកឡើងថាតើបាឡុងនេះជារបស់ចិន ឬប្រទេសណាមួយឡើយ។

គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ (ម៉ោងនៅវ៉ាស៊ីនតោន) ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រកាសពីជោគជ័យក្នុងការបាញ់ទម្លាក់បាឡុងចិន ដោយប្រើប្រាស់ យន្ដហោះចម្បាំង F-22។ ប៉ុន្តែ ចិនបានថ្កោលទោសយ៉ាងខ្លាំង និងព្រមានថាខ្លួនរក្សាសិទ្ធិចាត់វិធានការឆ្លើយតបដូចគ្នា បើមានហេតុការណ៍បែបនេះកើតឡើងលើទឹកដី ឬដែនអាកាស របស់ខ្លួន ហើយទទូចថាបាឡុងរបស់ខ្លួនគឺជាបាឡុងស៊ីវិលតែប៉ុណ្ណ៉ោះ៕