(កៀវ)៖ មនុស្សជំនិតម្នាក់របស់លោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថាអ៊ុយក្រែននឹងតែងតាំងប្រមុខទីភ្នាក់ងារស៊ើបការណ៍សម្ងាត់យោធា ឱ្យកាន់តំណែងជា រដ្ឋមន្ត្រីការពារជាតិថ្មីជំនួស លោក អូឡិចស៊ី រ៉េស្នីកូវ (Oleksii Reznikov) ​ខណៈរុស្ស៉ីត្រៀមបើកប្រតិបត្តិការវាយលុកទ្រង់ទ្រាយធំសាជាថ្មី និងបន្ទាប់ពីមានរឿងអាស្រូវពុករលួយ។ នេះ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៣។

ព័ត៌មានពីការប្ដូរតួនាទីខាងលើធ្វើឡើងដោយសមាជិកសភាជាន់ខ្ពស់អ៊ុយក្រែនម្នាក់ និងជាមនុស្សជំនិតរបស់លោក ហ្សេលេនស្គី គឺលោក ដាវីដ អារ៉ាខាមៀ (David Arakhamia) កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ។ បើតាមលោក អារ៉ាខាមៀ លោក គីរីឡូ ប៊ូដាណូវ (Kyrylo Budanov) ដែលជាប្រមុខទីភ្នាក់ងារស៊ើបការណ៍សម្ងាត់យោធាអ៊ុយក្រែន មានអាយុ ៣៧ឆ្នាំ នឹងក្លាយជាប្រមុខក្រសួងការពារជាតិ រីឯលោក រ៉េស្នីកូវ មានអាយុ ៥៦ឆ្នាំ នឹងត្រូវផ្ទេរឱ្យទៅកាន់តំណែងជារដ្ឋមន្ត្រីទទួលបន្ទុកយុទ្ធសាស្ត្រឧស្សាហកម្ម។ ប៉ុន្តែ សមាជិកសភារូបនេះដដែលមិនបានបញ្ជាក់លម្អិតពីកាលបរិច្ឆេទនៃគម្រោងរុះរើគណៈរដ្ឋមន្ត្រីអ៊ុយក្រែនរបស់លោក ហ្សេលេនស្គី នោះទេ។

គួរបញ្ជាក់ថា លោក អូឡិចស៊ី រ៉េស្នីកូវ ត្រូវបានតែងតាំងជារដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន កាលពីខែវិច្ឆិកា ឆ្នាំ២០២១ ហើយលោកផ្ទាល់បានទទួលជោគជ័យយ៉ាងខ្លាំងក្នុងការបញ្ចុះបញ្ចូល ឱ្យលោកខាងលិចបញ្ជូនអាវុធមកឱ្យទាហានអ៊ុយក្រែន។ ប៉ុន្តែ អំពើពុករលួយបានកើតឡើងនៅក្នុងក្រសួងរបស់លោក ដោយកាលចុងខែមករាកន្លងទៅ អនុរដ្ឋមន្ត្រីម្នាក់របស់លោក រ៉េស្នីកូវ ត្រូវបានបង្ខំឱ្យលាលែងពីតំណែង ក្រោយមានរឿងអាស្រូវពុករលួយនៅក្នុងក្រសួងការពារជាតិអ៊ុយក្រែន៕