(ប៊ែរឡាំង)៖ អធិការបតីអាល្លឺម៉ង់បាននិយាយនៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃអាទិត្យថា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានយល់ស្របថា សព្វាវុធដែលផ្តល់ដោយលោកខាងលិច នឹងមិនត្រូវបានប្រើប្រាស់សម្រាប់ការវាយប្រហារលើទឹកដីរុស្ស៊ីនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣។

លោក Olaf Scholz បាននិយាយថា លោកប្រធានាធិបតីអ៊ុក្រែន Zelensky «មានការយល់ស្របលើចំណុចនេះ»

សម្ព័ន្ធមិត្តលោកខាងលិចរបស់អ៊ុយក្រែនបានសន្យាថា នឹងបំពាក់ប្រទេសអ៊ុយក្រែនជាមួយនឹងប្រព័ន្ធរ៉ុក្កែត និងកាំជ្រួចមីស៊ីល ក៏ដូចជារថក្រោះផងដែរ ដើម្បីព្យាយាមទប់ទល់កងកម្លាំងរុស្ស៊ីនៅភាគខាងកើតអ៊ុយក្រែន។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រៀបធៀបការអន្តរាគមរបស់ប្រទេសលោកខាងលិច តួយ៉ាងដូចជាអាល្លឺម៉ង់ជាដើម ទៅនឹងការតស៊ូរបស់រុស្ស៊ីក្នុងអំឡុងសង្គ្រាមលោកលើកទីពីរ។

លោកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ក្នុងខួបលើកទី៨០ នៃជ័យជំនះរបស់សូវៀតនៅ Stalingrad ថា «ម្តងហើយម្តងទៀត យើងត្រូវបង្ខំឱ្យវាយលុកការឈ្លានពានរបស់បស្ចិមប្រទេស»

ប៉ុន្តែ លោក Scholz បានបដិសេធការប្រៀបធៀបនេះ។
លោកបាននិយាយយ៉ាងដូច្នេះថា «ការប្រៀបធៀបនេះ គឺជាផ្នែកមួយនៃការប្រៀបធៀបប្រវត្តិសាស្រ្តគួរឱ្យអស់សំណើចជាច្រើន ដែល (លោក ពូទីន ) ប្រើដើម្បីបង្ហាញពីភាពត្រឹមត្រូវនៃការវាយលុកអ៊ុយក្រែន។ ប៉ុន្តែគ្មានហេតុផលសម្រាប់សង្គ្រាមនេះទេ»

ទន្ទឹមនឹងនោះ លោកបានសង្កត់ធ្ងន់ថា ប្រទេសលោកខាងលិចបានថ្លឹងថ្លែងយ៉ាងប្រុងប្រយ័ត្ន រាល់ការចែកចាយសព្វាវុធ ដោយមានការសម្របសម្រួល និងពិភាក្សាយ៉ាងជិតស្និទ្ធជាមួយសម្ព័ន្ធមិត្ត ដោយចាប់ផ្តើមពីសហរដ្ឋអាមេរិក៕