(ប៉ាងកក)៖ ប៉ូលីសថៃកាលពីថ្ងៃសុក្រ ទី០៣ ខែកុម្ភៈកន្លងទៅនេះ បានប្រគល់នាឡិកាម៉ាក Richard Mille ដែលមានតម្លៃប្រមាណ ១៩៤,៧០០ដុល្លារអាមេរិក ជូនដល់ភ្ញៀវទេសចរវៀតណាមម្នាក់ ដែលបានភ្លេចវានៅក្នុងឡានតាក់ស៊ីមួយ នៅទីក្រុងបាងកកកាលពីពីរបីថ្ងៃមុន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានវៀតណាម vnexpress កាលពីថ្ងៃសៅរ៍ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣។

គេហទំព័រព័ត៌មាន Thaiger បានរាយការណ៍ថា អ្នកទេសចរជនជាតិរៀតណាមនោះបានជិះតាក់ស៊ីពីច្រាំងទន្លេអាស៊ី ត្រឡប់ទៅសណ្ឋាគាររបស់គាត់វិញ នៅឧទ្យាន Lumpini ក្នុងទីក្រុងបាងកកកាលពីល្ងាចថ្ងៃពុធ។ លុះពេលមកដល់សណ្ឋាគារវិញ ទើបគាត់ដឹងថាគាត់បានភ្លេចនាឡិកាក្នុងឡានតាក់ស៊ីបាត់ហើយ។

នៅថ្ងៃបន្ទាប់ ភ្ញៀវទេសចររូបនេះបានទៅប្តឹងនៅប៉ុស្តិ៍ប៉ូលិសក្នុងតំបន់។ ទីបំផុតប៉ូលីសក៏បានស្វែងរកឃើញអ្នកបើកបរតាក់ស៊ីនោះដែលបាននិយាយថា គាត់បានរកឃើញនាឡិកានៅកៅអីខាងក្រោយ ប៉ុន្តែគ្មានមធ្យោបាយអាចទាក់ទងដើម្បីប្រគល់វាឱ្យម្ចាស់វិញនោះទេ។

ទោះជាយ៉ាងណា អ្នកទេសចរបានថ្លែងអំណរគុណចំពោះមន្ត្រីប៉ូលីសថៃ និងអ្នកបើកតាក់ស៊ី ដែលបានប្រគល់នាឡិកាប្រណីតរបស់គាត់មកវិញ៕