(វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិកបានព្រមានប្រទេសតួកគីអំពីការនាំចេញនូវសារធាតុគីមីម្យ៉ាង និងផលិតផលផ្សេងទៀត ទៅកាន់ប្រទេសរុស្ស៉ីដែលអាចប្រើប្រាស់ក្នុងកិច្ចប្រឹងប្រែងធ្វើសង្គ្រាមរបស់ទីក្រុងមូស្គូនៅអ៊ុយក្រែន ខណៈសកម្មភាពបែបនេះអាចឈានទៅដល់ការដាក់ទណ្ឌកម្មលើក្រុមហ៊ុន ឬធនាគាររបស់តួកគី។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៤ ខែកុម្ភៈ ឆ្នាំ២០២៣។

លោក ប្រាយអេន ណេលសុន (Brian Nelson) ដែលជាមន្ត្រីជាន់ខ្ពស់ទទួលបន្ទុកការទណ្ឌកម្មនៃក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក ជួបមន្ត្រីរដ្ឋាភិបាលតួកគី និងវិស័យឯកជន កាលពីថ្ងៃព្រហស្បតិ៍និងថ្ងៃសុក្រសប្តាហ៍នេះ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជុំវិញការរំខានដោយលំហូរនៃទំនិញបែបនេះ។ ថ្លែងទៅកាន់ក្រុមនយោជកនៃវិស័យធនាគារិក លោក ណេលសុន បាននិយាយថា ការកើនឡើងរយៈពេលមួយឆ្នាំនៃការនាំចេញទៅកាន់ប្រទេសរុស្ស៊ី បានធ្វើឲ្យអង្គភាពក្នុងប្រទេសតួកគីងាយរងគ្រោះជាពិសេសចំពោះកេរ្តិ៍ឈ្មោះរបស់ខ្លួន និងទណ្ឌកម្ម ឬបាត់បង់សិទ្ធិចូលទៅកាន់ទីផ្សារនៃប្រទេស G7។

លោក ណេលសុន និងគណៈប្រតិភូមួយ បានគូសបញ្ជាក់ថា «វាគ្មានការភ្ញាក់ផ្អើលទេ ដែលរុស្ស៊ីកំពុងសម្លឹងរកការបង្កើនទំនាក់ទំនងសេដ្ឋកិច្ចជាប្រវត្តិសាស្ត្រដែលមាននៅក្នុងប្រទេសតួកគី។ ប៉ុន្តែសំណួរគឺនៅត្រង់ថាតើការឆ្លើយតបរបស់តួកគីទៅនឹងសកម្មភាពនេះ នឹងទទួលលទ្ធផលយ៉ាងណា?

គួរបញ្ជាក់ថា ចាប់តាំងពីសង្រ្គាមផ្ទុះឡើង ទីក្រុងអង់ការ៉ា បានព្យាយាមធ្វើឲ្យមានតុល្យភាពទំនាក់ទំនងល្អរបស់ខ្លួនជាមួយទីក្រុងមូស្គូ និងទីក្រុងកៀវ។ តួកគីបានជំទាស់នឹងការដាក់ទណ្ឌកម្មលើរុស្ស៊ីជាគោលការណ៍ ហើយជំរុញឲ្យលោកខាងលិចផ្តល់ភស្តុតាងណាមួយដែលតម្រូវឲ្យខ្លួនចៀសវាងការធ្វើពាណិជ្ជកម្មជាមួយរុស្ស៉ី៕