(ហ្សាការតា)៖ រដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៉ី លោកស្រី រេតណូ ម៉ាស៊ូឌី (Retno Marsudi) បាននិយាយនៅថ្ងៃសៅរ៍នេះថា ប្រទេសរបស់លោកស្រី បានត្រៀមលក្ខណៈរួចរាល់ជាស្រេច ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចចរចាស្តីពីក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង ដែលជាតំបន់ដែនទឹកមានបញ្ហាវិវាទ។ នេះបើតាមការចេញ ផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៤ ខែកុម្ភៈ ឆ្នាំ២០២៣។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន នៅឯទីក្រុងហ្សាការតា លោកស្រី ម៉ាស៊ូឌី បានអះអាងថា បណ្តាប្រទេសជាសមាជិកប្តេជ្ញាចង់ឱ្យ កិច្ចចរចាស្តីពីក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង សម្រេចឱ្យបានលឿនតាមតែអាចធ្វើទៅបាន។ បើតាម​លោកស្រីប្រមុខការទូតឥណ្ឌូណេស៉ី កិច្ចចរចាជុំបន្ទាប់ពាក់ព័ន្ធបញ្ហានេះ នឹងត្រូវធ្វើឡើងនៅខែមីនា។

តំបន់សមុទ្រចិនខាងត្បូងមួយផ្នែកធំ ស្ថិតនៅក្រោមការទាមទាររបស់ប្រទេសចិន ខណៈកន្លែងខ្លះគឺស្ថិតក្រោមការទាមទារជាន់គ្នា ជាមួយប្រទេសអាស៊ាន​មួយចំនួន ដូចជាព្រុយណេ ម៉ាឡេស៉ី ហ្វីលីពីន និងវៀតណាម ជាដើម ខណៈឥណ្ឌូណេស៉ីពុំជាប់ពាក់ព័ន្ធក្នុងបញ្ហាវិវាទនេះទេ។ ក្រុមប្រទេសអាស៊ានបានព្យាយាមអស់រយៈពេលជាច្រើនឆ្នាំមកហើយ​ ដើម្បីចរចាបង្កើតក្រមប្រតិបត្តិមួយជាមួយចិន ដែលសំដៅដោះស្រាយ​ជម្លោះនិងទប់ស្កាត់ឧប្បត្តិហេតុផ្សេងៗ នៅសមុទ្រចិនខាងត្បូង។

គួរបញ្ជាក់ថា ដំណើរការចរចាក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង បានជាប់គាំងដោយសារហេតុផលផ្សេងៗ ខណៈចុងក្រោយបំផុតគឺព្រោះតែ ការលេចឡើងនៃជំងឺរាតត្បាតកូវីដ១៩ ដែលបានបង្កផលលំបាកក្នុងការរៀបចំកិច្ចពិភាក្សាទល់មុខគ្នាផ្ទាល់។ កិច្ចប្រជុំនៅទីក្រុងហ្សាការតា នាថ្ងៃសុក្រ-សៅរ៍សប្តាហ៍នេះ គឺជាកិច្ចប្រជុំសំខាន់ដំបូងគេរបស់អាស៊ាន ក្នុងឱកាសដែលឥណ្ឌូណេស៉ីកាន់តួនាទីជាប្រធានប្តូរវេនប្រចាំឆ្នាំនេះ៕