(វ៉ាស៉ីនតោន)៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប្លីនខិន (Antony Blinken) បានសម្រេចចិត្តផ្អាកជាបណ្តោះអាសន្ន នូវគម្រោងទស្សនកិច្ច​ទៅកាន់ទីក្រុងប៉េកាំង ដែលគ្រោងចាប់ផ្តើមនៅចុងសប្តាហ៍នេះ បន្ទាប់ពីទីក្រុងវ៉ាស៉ីនតោនបានប្រទះឃើញ បាឡុងមួយដែលខ្លួនអះអាងថា ជាបាឡុងស៉ើបការណ៍របស់ចិន​ ហោះហើរនៅលើដែនអាកាសអាមេរិក អស់រយៈពេលប៉ុន្មានថ្ងៃមកហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៤ ខែកុម្ភៈ ឆ្នាំ២០២៣។

កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ មន្ទីរបញ្ចកោណបានឱ្យដឹងថា ខ្លួនកំពុងតាមដានបាឡុងស៉ើបការណ៍មួយ ហោះហើរនៅរយៈកម្ពស់ខ្ពស់ ពីលើសហរដ្ឋអាមេរិក។ មន្រ្តីអាមេរិកបានប្រាប់ថា ដំបូងឡើយថ្នាក់ដឹកនាំយោធា បានពិចារណាចង់បាញ់ទម្លាក់វា នៅលើរដ្ឋម៉ុនតាណា កាលពីថ្ងៃពុធ ប៉ុន្តែចុងក្រោយក៏សម្រេចផ្តល់យោបល់ដល់ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន មិនឱ្យធ្វើបែបនោះវិញ ដោយសារក្តីបារម្ភពីហានិភ័យសុវត្ថិភាព ដែលអាចបង្កឡើងពី​កម្ទេចកម្ទីរបស់វា។

ក្រោយអាមេរិកប្រកាសដូចខាងលើ ទីក្រុងប៉េកាំងក៏បានចេញមុខបង្ហាញការសោកស្តាយ ចំពោះអ្វីដែលខ្លួនអះអាងថា ជាបាឡុងស៉ីវិល​សម្រាប់ការងារសិក្សាស្រាវជ្រាវផ្នែកឧតុនិយម ដែលមិនសូវមានសមត្ថភាពក្នុងការបង្វែរផ្លូវធ្វើដំណើរ ហើយក៏ត្រូវបានខ្យល់បក់ឱ្យ​រសាត់ចូលទៅដល់លើទឹកដីអាមេរិក។

កាលពីថ្ងៃសុក្រ អ្នកនាំពាក្យសេតវិមាន លោកស្រី ការីន ហ្សង់-ព្យែរ (Karine Jean-Pierre) ក៏បាននិយាយថា រដ្ឋាភិបាលអាមេរិកដឹងអំពីសេចក្តីថ្លែងការណ៍​របស់ចិន ប៉ុន្តែបានចាត់ទុកថា វត្តមាននៃបាឡុងនេះនៅក្នុងដែនអាកាសអាមេរិក គឺជាការបំពានយ៉ាងជាក់ស្តែងចំពោះអធិបតេយ្យរបស់​សហរដ្ឋអាមេរិក ក៏ដូចជាចំពោះច្បាប់អន្តរជាតិ។ លោកស្រី ហ្សង់-ព្យែរ បានសង្កត់ធ្ងន់ថា វាជារឿងមិនអាចទទួលយកបានឡើយ ដែលឧប្បត្តិហេតុបែបនេះបានកើតឡើង។

ម៉្យាងវិញទៀត ក្នុងថ្ងៃដដែលនោះ អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក ផាទ្រីក រ៉ាយដឺ (Patrick Ryder) បានប្រាប់ថា ឥឡូវបាឡុងខាងលើ បានផ្លាស់ប្តូរទិសដៅ​ធ្វើដំណើររបស់វា ដោយកំពុងឆ្ពោះទៅទិសខាងកើត ក្នុងរយៈកម្ពស់ប្រហែល១៨,៣០០ម៉ែត្រ ពីលើភាគកណ្តាលសហរដ្ឋអាមេរិក។ បើតាម លោក រ៉ាយដឺ ប្រការនេះបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា បាឡុងនោះមានសមត្ថភាពបង្វែរផ្លូវរបស់វាបាន ហើយលោកក៏បានវាយតម្លៃដែរថា វាទំនងជានឹងបន្តស្ថិតនៅលើអាមេរិក រយៈពេលប៉ុន្មានថ្ងៃបន្ថែមទៀត។

គួរបញ្ជាក់ថា ការផ្អាកគម្រោងបំពេញទស្សនកិច្ចរបស់លោក ប្លីនខិន ដែលត្រូវបានព្រមព្រៀងគ្នាកាលពីខែវិច្ឆិកា ឆ្នាំ២០២២ រវាងលោក បៃដិន និងប្រធានាធិបតីចិន លោក ស៉ី ជិនពីង គឺជាសញ្ញាអវិជ្ជមានធំមួយសម្រាប់ភាគីទាំងពីរ ដែលកន្លងមកនេះបានមើលឃើញវាជាឱកាសមួយ ដើម្បីអាចផ្តល់ស្ថិរភាពឡើងវិញ ចំពោះទំនាក់ទំនងកាន់តែផុយស្រួយ រវាងមហាអំណាចទាំងពីរ។ លើកចុងក្រោយបំផុត ដែលរដ្ឋមន្រ្តីការបរទេសអាមេរិក បានទៅទស្សនកិច្ចនៅទីក្រុងប៉េកាំង គឺកាលពីឆ្នាំ២០១៧៕