(មូស្គូ)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ វិមានក្រឹមឡាំងបានចេញមុខទាត់ចោល សេចក្តីរាយការណ៍ព័ត៌មានមួយដែលអះអាងថា សហរដ្ឋអាមេរិកបានលួចនិយាយជាមួយរុស្ស៉ីដោយស្ងាត់ៗ ពាក់ព័ន្ធផែនការសន្តិភាពដើម្បីបញ្ចប់សង្រ្គាមអ៊ុយក្រែន។​ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៤ ខែកុម្ភៈ ឆ្នាំ២០២៣។

កន្លងទៅនេះ សារព័ត៌មានមួយរបស់ប្រទេសស្វីស បានរាយការណ៍ថា នាយកទីភ្នាក់ងារចារកម្មអាមេរិក CIA គឺលោក វីលៀម បឺន (William Burns) បានធ្វើដំណើរជាសម្ងាត់មកកាន់ទីក្រុងមូស្គូ កាលពីខែមករា ហើយនាំយកមកជាមួយនូវផែនការសន្តិភាពអ៊ុយក្រែន ដោយជួសមុខ​ឱ្យសេតវិមានផ្ទាល់។ ក្នុងផែនការអាមេរិកគឺពាក់ព័ន្ធឱ្យអ៊ុយក្រែន លះបង់ទឹកដីមួយភាគប្រាំរបស់ខ្លួន ឱ្យទៅរុស្ស៉ី។ ដូចជាទីក្រុងមូស្គូដែរ ទីក្រុងវ៉ាស៉ីនតោនក៏បានច្រានចោលសេចក្តីរាយការណ៍នេះ។

គួរបញ្ជាក់ថា នៅពេលត្រូវបានសួរសំណួរថាតើ លោក បឺន បានធ្វើដំណើរមកកាន់ទីក្រុងមូស្គូ ឬមួយបានផ្តល់សំណើផែនការសន្តិភាព ដែលតម្រូវឱ្យអ៊ុយក្រែនលះបង់ទឹកដី២០ភាគរយ ដែរឬក៏អត់នោះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បានឆ្លើយប្រាប់ក្រុមអ្នកសារព័ត៌មានវិញយ៉ាងដូច្នេះថា «សេចក្តីរាយការណ៍ព័ត៌មានទាំងមូល គឺជារឿងបោកប្រាស់សុទ្ធសាធ»