(សេអ៊ូល)៖ តុលាការកូរ៉េខាងត្បូង នៅថ្ងៃសុក្រនេះបានកាត់ទោស លោក ឆូ គុក (Cho Kuk) ដែលជាអតីតរដ្ឋមន្រ្តីយុត្តិធម៌ឲ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ បន្ទាប់ពីរកឃើញថាមានពិរុទ្ធពីបទបង្កើតលិខិតស្នាមក្លែងក្លាយ ដើម្បីជួយដល់កូនស្រីរបស់លោកឲ្យបានចូលសាលារៀននៅល្បីឈ្មោះមួយ ខណៈវាជារឿងអាស្រូវដែលបានធ្វើឱ្យរង្គោះរង្គើរដ្ឋាភិបាលអាណតិ្តមុន និងបង្កឲ្យមានការតវ៉ាដ៏ធំ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៣។

លោក ឆូ ក៏ត្រូវបានគេរកឃើញថាមានពិរុទ្ធពីបទរំលោភអំណាចក្នុងពេលកំពុងបម្រើការជាជំនួយការជាន់ខ្ពស់ របស់អតីតប្រធានាធិបតី លោក មូន ចេអ៉ីន (Moon Jae-in) ដោយការរារាំងការស៊ើបអង្កេតលើ អតីតមន្ត្រីគណៈកម្មការសេវាហិរញ្ញវត្ថុ ដែលជាមនុស្សជិតស្និទ្ធនឹងលោក មូន ហើយត្រូវបានចាប់ខ្លួនពីបទ ទទួលសំណូកពីអ្នកជំនួញ។ ប៉ុន្តែតុលាការក្រុងសេអ៊ូល បានសម្រេចមិនដាក់ លោក ឆូ ឲ្យស្ថិតក្រោមការចាប់ខ្លួនភ្លាមៗទេ ដោយហេតុផលថាលោកមិនមានបំណងរត់គេចខ្លួន ខណៈភរិយារបស់លោកក៏កំពុងជាប់ពន្ធនាគារដែរ ជុំវិញការចោទប្រកាន់ពាក់ព័ន្ធនឹងករណីកូនរបស់ខ្លួន។

លោក ឆូ បានប្រាប់អ្នកសារព័ត៌មានក្រោយពីមានការសម្រេចនេះថា លោកគ្រោងនឹងប្តឹងឧទ្ធរណ៍ ហើយនឹងនៅក្រៅពន្ធនាគាររហូតដល់មានសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍។ លោក ឆូ បានទទួលកំហុសជុំវិញករណីកូនស្រី របស់លោកដោយការសុំលាលែងពីតំណែង ប៉ុន្តែបានបដិសេធប្រព្រឹត្តិខុសច្បាប់។

គួរបញ្ជាក់ថា លោក ឆូ ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ក្នុងឆ្នាំ២០១៩ បន្ទាប់ពីបម្រើការជាជំនួយការជាន់ខ្ពស់ ផ្នែកកិច្ចការរដ្ឋប្បវេណីរបស់ លោក មូន ប៉ុន្តែជាច្រើនខែក្រោយមកលោក ត្រូវបានបង្ខំឲ្យលាលែងពីតំណែង ក្រោមការចោទប្រកាន់ថាបានគប់គិត ជាមួយភរិយាដើម្បីបន្លំក្លែងឯកសារ និងវិញ្ញាបនបត្រផ្សេងៗ ដើម្បីជួយកូនស្រីរបស់ពួកគេ ឲ្យបានចូលរៀននៅសាលាពេទ្យ។ ក្រោយមកអ្នកទាំងពីរបានប្រឈមមុខនឹង ការចោទប្រកាន់ស្រដៀងគ្នានេះដែរ ជុំវិញការសិក្សារបស់កូនប្រុសម្នាក់ទៀត៕