(វ៉ាស៉ីនតោន)៖ ក្រុមមន្រ្តីអាមេរិកបានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា កំពុងមានការតាមឃ្លាំមើលបាឡុងស៉ើបការណ៍ចិន ១គ្រឿង ដែលបាននិងកំពុងហោះនៅលើសហរដ្ឋអាមេរិក អស់រយៈពេលប៉ុន្មានថ្ងៃមកហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៣។

ក្រុមមន្រ្តីទីក្រុងវ៉ាស៉ីនតោនបាននិយាយថា កងយន្តហោះចម្បាំងត្រូវបានចល័តឡើងទៅលើផ្ទៃអាកាស ប៉ុន្តែក្រុមថ្នាក់ដឹកនាំយោធា បានសម្រេចផ្តល់យោបល់ដល់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ប្រឆាំងនឹងការបាញ់ទម្លាក់បាឡុងនោះ ដោយសារបារម្ភថា កម្ទេចកម្ទីរបស់វាអាចបង្កការគំរាមកំហែងចំពោះសុវត្ថិភាពប្រជាជននៅផ្ទៃដី ហើយលោក បៃដិន ក៏បានទទួលយកយោបល់នេះ។

អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក ផាទ្រីក រ៉ាយដឺ (Patrick Ryder) បានប្រាប់ថា រដ្ឋាភិបាលអាមេរិកបានប្រទះឃើញ និងកំពុង​តាមដានបាឡុងនោះ ចាប់តាំងពីវាបានចូលមកដល់ដែនអាកាសអាមេរិក កាលពីប៉ុន្មានថ្ងៃមុន។ បើតាមលោក រ៉ាយដឺ បាឡុងនោះ កំពុងធ្វើដំណើរនៅរយៈកម្ពស់ដ៏ខ្ពស់មួយ ហើយមិនបង្កការគំរាមកំហែង ក្នុងទម្រង់ណាមួយឡើយ។

ដំបូងឡើយ ក្រុមថ្នាក់ដឹកនាំយោធាអាមេរិក បានពិចារណាចង់បាញ់ទម្លាក់បាឡុងស៉ើបការណ៍នោះ នៅលើរដ្ឋម៉ុនតាណា (Montana) កាលពីថ្ងៃពុធ។ មូលដ្ឋានទ័ពអាកាសម៉ាលស្រ្តូម (Malmstrom) នៅរដ្ឋ Montana គឺជាទីតាំងផ្ទុកកន្លែងបាញ់មីស៉ីល ICBM ដល់ទៅ១៥០គ្រាប់របស់សហរដ្ឋអាមេរិក។

ជាមួយគ្នានេះ ក្រុមមន្រ្តីអាមេរិក ក៏បាននាំយកបញ្ហាខាងលើប្រាប់ទៅកាន់សមភាគីចិនរបស់ខ្លួន តាមច្រកទាក់ទងការទូតនៅឯ​ទីក្រុងប៉េកាំងនិងនៅទីក្រុងវ៉ាស៉ីនតោនផ្ទាល់ផងដែរ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ បាឡុងស៉ើបការណ៍មួយចំនួនធ្លាប់បាន​ហោះកាត់ពីលើសហរដ្ឋអាមេរិកប៉ុន្មានលើក ប៉ុន្តែបាឡុងថ្មីនេះ ហាក់ស្ថិតនៅរយៈពេលយូរជាងលើកមុនៗ។

គួរបញ្ជាក់ថា ហេតុការណ៍នេះកើតមានឡើង ស្របពេលដែលរដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប្លីនខិន នឹងត្រូវបំពេញ​ទស្សនកិច្ចទៅកាន់ប្រទេសចិននៅសប្តាហ៍ក្រោយ ខណៈដំណើរទស្សនកិច្ចនេះ ត្រូវបានព្រមព្រៀងគ្នាកាលពីខែវិច្ឆិកា ឆ្នាំ២០២២ ដោយលោក បៃដិន និងប្រធានាធិបតីចិន លោក ស៉ី ជិនពីង៕