(វ៉ាស៉ីនតោន)៖ ក្រុមសមាជិកព្រឹទ្ធសភាអាមេរិក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ព្រឹទ្ធសភាអាមេរិកមិនអាចអនុម័តលើការលក់យន្តហោះចម្បាំង F-16 ក្នុងទំហំទឹកប្រាក់ ២០ពាន់លានដុល្លារឲ្យដល់ប្រទេសតួកីគីបាននោះទេ លុះត្រាតែទីក្រុងអង់ការ៉ា យល់ព្រមលើសំណើរសុំចូលជាសមាជិកអង្គការណាតូ (NATO) របស់ស៊ុយអែត និងហ្វាំងឡង់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៣។

កាលពីឆ្នាំ២០២២ ស៊ុយអែត និងហ្វាំងឡង់ បានដាក់ពាក្យសុំចូលជាសមាជិកនៃបក្សសម្ព័ន្ធយោធាណាតូ បន្ទាប់ពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែន ប៉ុន្តែបានប្រឈមមុខនឹងការជំទាស់ដែលមិននឹកស្មានដល់ពីសំណាក់តួកគី ហើយកំពុងស្វែងរកការគាំទ្រជុំវិញដំណើរការនេះ។

ក្នុងលិខិតមួយផ្ញើរទៅកាន់ ប្រធានាធិបតី លោក ចូ បៃដិន សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ ចំនួន២៩នាក់បាននិយាយថា ស៊ុយអែតនិងហ្វាំងឡង់ កំពុងខិតខំប្រឹងប្រែងយ៉ាងពេញទំហឹង និងស្មោះត្រង់ ដើម្បីបំពេញលក្ខខណ្ឌសម្រាប់សមាជិកភាពណាតូ ដែលតួកគីបានស្នើសុំ។ ក្រុមសមាជិកព្រឹទ្ធសភាបានគូសបញ្ជាក់ក្នុងលិខិតនោះ យ៉ាងដូច្នេះថា «នៅពេលដែលពិធីសារចូលជាសមាជិករបស់អង្គការណាតូ ត្រូវបានផ្តល់សច្ចាប័នដោយតួកគី សភាអាចពិចារណាលើការលក់យន្តហោះចម្បាំង F-16»

គួរបញ្ជាក់ថា ទីក្រុងអង់ការ៉ា ចង់ឲ្យទីក្រុងហែលស៉ិនគី និងទីក្រុងស្តុកខុល អនុវត្តការប្រកាន់ខ្ជាប់កាន់តែតឹងរ៉ឹង ជាងមុនប្រឆាំងនឹងគណបក្សពលករឃឺដ (PKK) ដែលត្រូវបានចាត់ទុកថាជាក្រុមភេរវករ ដោយតួកគី និងសហភាពអឺរ៉ុប ហើយក្រុមមួយទៀតតួកគីបានចោទប្រកាន់ពីការប៉ុនប៉ងធ្វើរដ្ឋប្រហារ ឆ្នាំ២០១៦។ ប្រទេសទាំង៣ បានឈានដល់កិច្ចព្រមព្រៀងមួយស្តីពីផ្លូវឆ្ពោះទៅមុខក្នុងទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ កាលពីខែមិថុនា ឆ្នាំ២០២២ ប៉ុន្តែបន្ទាប់ពីមានការតវ៉ានៅទីក្រុងស្តុកខុល ដែលអ្នកនយោបាយស្តាំនិយមដាណឺម៉ាកបានដុតច្បាប់ចម្លងនៃគម្ពីរគូអាន កាលពីខែមករា ឆ្នាំ២០២៣ ទីក្រុងអង់ការ៉ា ក៏សម្រេចផ្អាកការពិភាក្សាគ្នានេះ៕