(មូស្គូ)៖ ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានបំផុសស្មារតីកងទ័ពសូវៀតដែលធ្លាប់កម្ចាត់កងកម្លាំងណាស៊ីអាល្លឺម៉ង់ នៅទីក្រុងស្តាលីនក្រាដ ដោយជោគជ័យកាលពី៨០ឆ្នាំមុន ហើយប្តេជ្ញាថារុស្ស៉ីនឹងកម្ចាត់អ៊ុយក្រែនក្នុងកណ្ដាប់ដៃនៃការចាប់បដិសន្ធិថ្មី នៃលទ្ធិណាស៊ី។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៣។

ក្នុងសុន្ទរកថាដ៏ក្តៅគគុកមួយ នៅទីក្រុងវ៉ូលហ្គូហ្គាដ (Volgograd) ដែលគេស្គាល់ថាជាទីក្រុងស្តាលីនក្រាដ (Stalingrad) រហូតដល់ឆ្នាំ១៩៦១នោះ លោក ពូទីន បានស្តីបន្ទោសអាល្លឺម៉ង់ចំពោះការជួយផ្តល់អាវុធដល់អ៊ុយក្រែន ហើយថារុស្ស៉ីបានត្រៀមខ្លួនរួចជាស្រេចក្នុងការយកអាវុធចេញពីឃ្លាំងមកប្រើ ដែលរួមទាំងអាវុធនុយក្លេអ៊ែរ ផងដែរ។

លោក ពូទីន បានប្រាប់មន្ត្រីកងទ័ពនិងសមាជិកនៃក្រុមអ្នកស្នេហាជាតិរុស្ស៉ី ក៏ដូចជាយុវជនក្នុងស្រុក យ៉ាងដូច្នេះថា «ជាអកុសល យើងឃើញថាមនោគមវិជ្ជានៃលទ្ធិណាស៊ីនិយមក្នុងទម្រង់ទំនើប និងការបង្ហាញជាថ្មីម្តងទៀតនេះកំពុងគំរាមកំហែងដោយផ្ទាល់ដល់សន្តិសុខនៃប្រទេសរបស់យើង។ ម្តងហើយម្តងទៀត យើងត្រូវទប់ទល់នឹងការឈ្លានពានរបស់សមូហភាពលោកខាងលិច។ វាពិតជាមិនគួរឲ្យជឿ ប៉ុន្តែវាជាការពិត។ យើងកំពុងត្រូវបានគំរាមកំហែងម្តងទៀតជាមួយនិងរថក្រោះខ្លារខិន (Leopard) របស់អាល្លឺម៉ង់ និងការបង្កហេតុរបស់ពួកគេ»

គួរបញ្ជាក់ថា Stalingrad គឺជាសមរភូមិបង្ហូរឈាមដ៏ធំបំផុតនៃសង្គ្រាមលោកលើកទី២ ជាពេលដែលកងទ័ពសូវៀតជាង ១លាននាក់ ត្រូវបាត់បង់ជីវិតក្រោមស្នាដៃកម្លាំងអាល្លឺម៉ង់ ក្នុងឆ្នាំ១៩៤២ ដល់ឆ្នាំ១៩៤៣៕