(កៀវ)៖ មន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុបជាច្រើនរូប បានទៅដល់ទីក្រុងកៀវ នៅថ្ងៃព្រហស្បតិ៍នេះ ព្រមជាមួយនិងការសន្យាផ្តល់ជំនួយផ្នែកយោធា សេដ្ឋកិច្ច កាទូត ដើម្បីជាការបញ្ជាក់អំពីការប្តេជ្ញាចិត្តគាំទ្រឥតងាករេ ចំពោះអ៊ុយក្រែន ខណៈដែលសង្រ្គាមឈ្លានពានរបស់រុស្ស៉ីជិតដល់ខួប១ឆ្នាំ។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២ ខែកុម្ភៈ ឆ្នាំ២០២៣។

នៅថ្ងៃព្រហស្បតិ៍នេះ មន្រ្តីជាន់ខ្ពស់នៃគណៈកម្មការប្រតិបត្តិអឺរ៉ុបរបស់សហភាពអឺរ៉ុប នឹងជួបសមភាគីក្នុងរដ្ឋាភិបាលអ៊ុយក្រែន។ ដោយឡែក នៅថ្ងៃសុក្រស្អែកនេះ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អួរស៊ូឡា វ៉ុនឌឺ ឡេយិន (Ursula von der Leyen) ព្រមទាំង ប្រមុខ EU លោក ឆាល មីកឆេល (Charles Michel) នឹងជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។ មន្រ្តីជាន់ខ្ពស់មួយរូបរបស់សហភាពអឺរ៉ុប បានថ្លែងថា «ដំណើរទស្សនកិច្ចនាពេលនេះជាសញ្ញាដ៏ខ្លាំងក្លាមួយ បង្ហាញថាយើងកំពុងស្ថិតនៅក្នុងទីក្រុងកៀវ អំឡុងពេលមានសង្គ្រាម។ វាជាសញ្ញាមួយប្រាប់ដល់ប្រជាជនអ៊ុយក្រែន។ វាជាសញ្ញាមួយដល់រុស្ស៊ី។ វាជាសញ្ញាប្រាប់ពិភពលោក»

សម្ព័ន្ធមិត្តទាំងអស់នឹងពិភាក្សាគ្នាអំពីការបញ្ជូនអាវុធ និងថវិកាកាន់តែច្រើនទៅកាន់អ៊ុយក្រែន ជំរុញការប្រើប្រាស់ផលិតផលរបស់ អ៊ុយក្រែនទៅកាន់ទីផ្សារសហភាពអឺរ៉ុប ជួយផ្គត់ផ្គង់ថាមពលដែលអ៊ុយក្រែនត្រូវការ ការដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្ស៊ី ការកាត់ទោសមេដឹកនាំនៅទីក្រុងមូស្គូសម្រាប់សង្គ្រាម និងការពង្រីកខ្សែបណ្តាញទំនាក់ទំនងរបស់សហភាពអឺរ៉ុបទៅអ៊ុយក្រែន ជាដើម។

គួរបញ្ជាក់ថា នេះជាវត្តមានរួមគ្នាលើកដំបូងនៃបណ្តាមេដឹកនាំសហភាពអឺរ៉ុប នៅក្នុងរដ្ឋធានីអ៊ុយក្រែន គិតចាប់តាំងពីសង្រ្គាមផ្ទុះឡើងនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ វាមានរយៈពេលមួយសប្តាហ៍ ចំពេលដែលលោកខាងលិចបានសន្យា ផ្តល់អាវុធថ្មីៗសំខាន់ៗដល់អ៊ុយក្រែន ដើម្បីប្រយុទ្ធប្រឆាំងនឹងការវាយលុកថ្មីរបស់រុស្ស៊ី ដែលត្រូវបានរំពឹងថានឹងកើតមានឡើង៕