(វ៉ាស៉ីនតោន)៖ សេតវិមានបានចេញមុខច្រានចោល ការចោទប្រកាន់របស់កូរ៉េខាងជើង ដែលថាការធ្វើសមយុទ្ធយោធារួមគ្នា ជាមួយកូរ៉េខាងត្បូងនៅក្នុងតំបន់ គឺជាទង្វើបង្កហេតុដ៏ធ្ងន់ធ្ងរ ហើយបានអះអាងថា សហរដ្ឋអាមេរិកមិនមានចេតនាអាក្រក់អ្វី ចំពោះទីក្រុងព្យុងយ៉ាងនោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២ ខែកុម្ភៈ ឆ្នាំ២០២៣។

អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន បាននិយាយដូច្នេះថា «យើងបានបញ្ជាក់ច្បាស់ហើយថា យើងមិនមានចេតនា​អាក្រក់ណាមួយ ចំពោះកូរ៉េខាងជើងឡើយ ហើយតែងព្យាយាមជានិច្ចក្នុងការស្វែងរកមធ្យោបាយការទូត ដែលប្រាកដប្រជា​និងមាននិរន្តរភាព ដើម្បីដោះស្រាយបញ្ហាគ្រប់បែបយ៉ាង ដែលជាក្តីបារម្ភសម្រាប់ប្រទេសទាំងពីរ និងសម្រាប់តំបន់ទាំងមូល»

សេតវិមានបានបន្តទៀតថា «យើងនៅតែមានឆន្ទៈចង់ជួបចរចាជាមួយ ក្រុមអ្នកតំណាងរបស់កូរ៉េខាងជើង ដោយពេលវេលានិង​ទីកន្លែង គឺអាស្រ័យទៅលើពួកគេ។ ទន្ទឹមគ្នាពួកយើងច្រានចោលនូវការយល់ឃើញដែលថា សមយុទ្ធយោធារួមរបស់យើងជាមួយ​ដៃគូនៅក្នុងតំបន់ គឺជាសកម្មភាពបង្កហេតុក្នុងទម្រង់ណាមួយ»

គួរបញ្ជាក់ថា នៅថ្ងៃព្រហស្បតិ៍នេះ កូរ៉េខាងជើងបានរិះធ្ងន់ថា សមយុទ្ធយោធារបស់អាមេរិក ជាមួយសម្ព័ន្ធមិត្តក្នុងតំបន់បានរុញ​ច្រានស្ថានការណ៍ ឆ្ពោះទៅរកបន្ទាត់ក្រហមដ៏គ្រោះថ្នាក់មួយ ហើយបង្កហានិភ័យក្នុងការប្រែក្លាយឧបទ្វីបកូរ៉េទៅជាឃ្លាំងស្តុកអាវុធ​ដ៏ធំសម្បើមមួយ និងជាតំបន់កាន់តែផុយស្រួយថែមទៀត ក្នុងការប្រឈមនឹងសង្រ្គាម។ ប្រតិកម្មនេះកើតមានឡើងបន្ទាប់ពី ទីក្រុងវ៉ាស៉ីនតោននិងទីក្រុងសេអ៊ូល បានធ្វើសមយុទ្ធផ្លូវអាកាសរួមគ្នា ដោយមានការចូលរួមពីយន្តហោះទម្លាក់គ្រាប់បែក B-1B និងយន្តហោះចម្បាំងបំបាំងកាយដូចជា F-22, F-35B និង F-35A កាលពីថ្ងៃពុធ៕