(មូស្គូ)៖ លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅថ្ងៃពុធសប្តាហ៍នេះថា យោធារុស្ស៊ីត្រូវតែបញ្ឈប់ការបាញ់ផ្លោងលើតំបន់របស់រុស្ស៊ី ចេញពីទឹកដីអ៊ុយក្រែន ដែលបាន ធ្វើឲ្យមនុស្សជាច្រើនបាត់បង់ផ្ទះសម្បែង ឬគ្មានអគ្គិសនីប្រើប្រាស់។ នេះបើយោងតាមការដកស្រង់ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២ ខែកុម្ភៈ ឆ្នាំ២០២៣។

ថ្លែងសុន្ទរកថាទៅកាន់កិច្ចប្រជុំរបស់រដ្ឋាភិបាលស្តីពីការស្ដារឡើងវិញនូវលំនៅដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធ ដែលរងការបំផ្លាញនៅក្នុងតំបន់នៃភាគនិរតីនៃប្រទេសរុស្ស៊ី ជាប់ព្រំដែនអ៊ុយក្រែន លោក ពូទីន បានគូសបញ្ជាក់ថា «ជាការពិតណាស់ ភារកិច្ចអាទិភាពគឺដើម្បីលុបបំបាត់លទ្ធភាពនៃការបាញ់ផ្លោង។ ប៉ុន្តែនេះគឺជាការទទួលបន្ទុក របស់យោធា»

លោក ពូទីន បានបន្ថែមថា «ប្រជាជនកំពុងប្រឈមមុខនឹងបញ្ហាធ្ងន់ធ្ងរ ហើយការជួសជុល និងផ្តល់សំណងគឺជារឿងចាំបាច់។ មនុស្សជាច្រើនបានបាត់បង់ផ្ទះសម្បែង ត្រូវបង្ខំចិត្តផ្លាស់ទីលំនៅជាមួយសាច់ញាតិ ឬទៅកន្លែងស្នាក់នៅបណ្តោះអាសន្ន ប្រឈមមុខនឹងការរំខានក្នុងការផ្គត់ផ្គង់ទឹក កំដៅ និងអគ្គិសនី»

គួរបញ្ជាក់ថា តំបន់ដែលលោក ពូទីន បានលើកឡើងខាងលើមានដូចជា បែលហ្គូរូត (Belgorod) ប្រ៊ីយ៉ាន់ស្ក៍ (Bryansk) គូស្ក៍ (Kursk) និងគ្រីមៀ (Crimea) ដែលរុស្ស៊ីបានដណ្តើមយកពីអ៊ុយក្រែន ហើយបានបញ្ចូលជាឧបសម្ព័ន្ធរបស់ខ្លួនក្នុងឆ្នាំ២០១៤។ ការអត្ថាធិប្បាយរបស់លោក ពូទីន ក៏ហាក់បង្ហាញពីការខកចិត្តរបស់ទីក្រុងមូស្គូ ចំពោះភាពញឹកញាប់នៃការវាយប្រហារ នៅភាគខាងត្បូងនៃប្រទេសរុស្ស៊ី ដែលកន្លងមកត្រូវបានរាយការណ៍ថាអ៊ុយក្រែនបានដឹកនាំការវាយប្រហារលើទឹកដីរុស្ស៉ី៕