(សេអ៊ូល)៖ ក្រសួងការបរទេសកូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍នេះបាននិយាយថាការធ្វើសមយុទ្ធរួមគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានរុញច្រានឱ្យ ស្ថានការណ៍ធ្លាក់ចូលក្នុងស្ថានភាពកាន់តែគ្រោះថ្នាក់ ព្រមទាំងគំរាមកំហែងប្រែក្លាយតំបន់ឧបទី្វបកូរ៉េទៅជាឃ្លាំងអាវុធដ៏ធំសម្បើម និងជាតំបន់ដ៏គ្រោះថ្នាក់បំផុតមួយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២ ខែកុម្ភៈ ឆ្នាំ២០២៣។

នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើង បានសង្កត់ធ្ងន់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ទៀតថា ទីក្រុងព្យុងយ៉ាង មិនមានចំណាប់អារម្មណ៍ចំពោះកិច្ចសន្ទនានោះទេ ដរាបណាសហរដ្ឋអាមេរិកនៅតែបន្តអនុវត្តគោលនយោបាយអរិភាព។ អ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់ដូច្នេះថា «ស្ថានការណ៍យោធា និងនយោបាយនៅលើតំបន់ឧបទ្វីបកូរ៉េ ក៏ដូចជានៅក្នុងតំបន់ទាំងមូលបានធ្លាក់ចូលក្នុងស្ថានភាពកាន់តែមានគ្រោះថ្នាក់ ដោយសារតែសកម្មភាពយោធាដ៏គឃ្លើន និងអរិភាពរបស់សហរដ្ឋអាមេរិក រួមជាមួយកម្លាំងរណបរបស់ខ្លួន»

សេចក្ដីថ្លែងការណ៍ដដែលនេះ ក៏បានលើកឡើងផងដែរពីដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយដ៍ អូស្ទីន នៅក្នុងសប្ដាហ៍នេះ នៅកូរ៉េខាងត្បូង ជាទីដែលលោក និងសមភាគីកូរ៉េខាងត្បូងបានប្ដេជ្ញាពង្រីកការធ្វើសមយុទ្ធយោធារួមគ្នា និងការដាក់ពង្រាយអាវុធយុទ្ធសាស្ត្របន្ថែម ដូចជានាវាផ្ទុកយន្ដហោះចម្បាំង និងយន្ដហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយជាដើម ដោយអះអាងថាដើម្បីទប់ទល់នឹងការអភិវឌ្ឍកម្មវិធីអាវុធរបស់កូរ៉េខាងជើង និងបង្ការកុំឱ្យសង្រ្គាមផ្ទុះឡើង។

គួរបញ្ជាក់ថា ប្រតិកម្មខាងលើរបស់កូរ៉េខាងជើង កើតមានឡើងបន្ទាប់ពីសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង នៅថ្ងៃពុធសប្ដាហ៍នេះបានដឹកនាំការធ្វើសមយុទ្ធយោធា នៃកងទ័ពអាកាសរួមគ្នា ដោយមានការចូលរួមពីយន្ដហោះទម្លាក់គ្រាប់បែក B-1B និងយន្ដហោះចម្បាំង F-22 និង F-35៕